ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​អង្គ​រថា​យ​ហ្គឹ​រ ត្រូវ​បាន​គ្រូបង្វឹក​លើកសរសើរ​ក្រោយ​បង្ហាញខ្លួន​លើកដំបូង​ក្នុង​អាជីព​របស់ខ្លួន

លោក Oriol Mohedano Segura គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ បាន​លើក​សរសើរ​យុវជន​របស់ខ្លួន​មួយរូប​ដែល​បាន​ចូល​បង្ហាញខ្លួន​លើកដំបូង​លើ​វាលស្មៅ​បាល់ទាត់​ក្នុង​អាជីព​របស់​ខ្លួន​ក្នុង​វ័យ​ទើបតែ​១៦​ឆ្នាំ​។

យុវជន​ដែល​ត្រូវ​បាន​គ្រូ​បង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ លើក​សរសើរ​គឺ​មាន​ឈ្មោះថា ចាន់ ហួង បាន​ចូលរួម​ជាមួយ​ក្លឹប​កាលពី​ដើមរដូវ​កាល ២០១៩ នៃ​លី​គ​កំពូល​កម្ពុជា ហើយ​ទើបតែ​មានឱកាស​បង្ហាញ​ខ្លួន​លើកដំបូង ក្នុងជំនួប​សប្ដាហ៍​ទី​១៥ ដែល​យកឈ្នះ ក្រុមបាល់ទាត់​ខេត្តកំពង់ចាម ៤​ទល់នឹង​០ កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ​។

ថ្លែង​នៅ​ក្រោយ​កីឡាករ​វ័យ ១៦​ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន​លើកដំបូង​ជាមួយ​ក្លឹប លោក Oriol Mohedano Segura បាន​លើកឡើងថា «​ខ្ញុំ​ពិតជា​រីករាយ ពីព្រោះ​កីឡាករ​ក្មេង​របស់​យើង​ម្នាក់​បង្ហាញខ្លួន​លើកដំបូង​ក្នុង​អាជីព​របស់គេ ហើយ​គេ​ពិតជា​ធ្វើ​បានល្អ​។ ឥលូវ​នេះ​គឺជា​ពេល​ដែល​ត្រូវ​បណ្ដុះ​គេ​ក្នុង​ទម្លាប់​ជាមួយ​ជ័យជម្នះ និង​ជំនាញ ហើយ​យើង​មាន​អនាគត​កីឡាករ​ជម្រើសជាតិ​ដែល​កំពុងស្ថិត​ក្រោម​ការ​ហ្វឹកហាត់​របស់​យើង​»​។

នៅក្នុង​ការប្រកួត អង្គ​រថា​យ​ហ្គឺ​រ ឈ្នះ កំពង់ចាម ៤​ទល់នឹង​០ យុវជន ចាន់ ហួង បានបង្ហាញ​ជា​កីឡាករ​ជម្រើស​១១​នាក់​ដំបូង ដោយ​ចាប់​ដៃគូ​ជាមួយ​រៀមច្បង ឈង ប៊ុន​ណាត នៅ​តំបន់​ការពារ​កណ្ដាល និង​លេង​រហូតដល់​ពេញ ៩០​នាទី រួមចំណែក​ជាមួយ​មិត្ត​រួម​ក្រុម​ការពារ​សំណាញ់​ទី​មិន​ឲ្យ​របូត​គ្រាប់​បាល់​ថែម​ទៀតផង​។

និយាយ​អំពី ក្លឹប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ វិញ ជ័យជម្នះ​កាលពី​ថ្ងៃទី​១៤ ខែកក្កដា កន្លងទៅនេះ គឺ​ជួយ​ឲ្យ​ក្រុម​បង្កើន​ពិន្ទុ​ក្នុង​លី​គ​កំពូល​កម្ពុជា ដោយ​បច្ចុប្បន្ន​មាន ៣៣​ពិន្ទុ ក្រោយ​ប្រកួត ១៥​ដង ឈ្នះ​១០ ស្មើ​៣ និង​ចាញ់​២ ប្រកួត​ប៉ុណ្ណោះ ឈរ​នៅ​លេខ​៣ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង ព្រះខ័ន​រាជ​ស្វាយរៀង ៦​ពិន្ទុ​។

គួរ​រំលឹក​ផងដែរ​ថា ចាន់ ហួង ដែលមាន​វ័យ​ត្រឹមតែ​១៦​ឆ្នាំ បាន​ចូលរួម​ជាមួយ​ក្លឹប​អង្គ​រថា​យ​ហ្គឺ​រ ក្នុង​កិច្ចសន្យា​រយៈពេល​វែង កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨​។
​កីឡាករ​រូបនេះ​លេង​ក្នុងតួនាទី​ជា​ខ្សែការពារ​កណ្ដាល ធ្លាប់ជា​យុវជន​របស់​ខេត្តបន្ទាយមានជ័យ ( ឆ្នាំ​២០១៥-១៦ ) មុននឹង​ផ្លាស់​ទៅ​ហ្វឹកហាត់​ជាមួយ​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី នៅ​ឆ្នាំ​២០១៦-១៨ និង​ឆ្នាំ​ចុងក្រោយ​ក្លាយជា​សមាជិក​ក្រុម​ខេត្តបន្ទាយមានជ័យ រហូតដល់​ចុងក្រោយ​មក​ចូលរួម​ជាមួយ​ក្លឹប​អាជីព អង្គ​រថា​យ​ហ្គឺ​រ ដល់​បច្ចុប្បន្ននេះ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114