ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​បឹងកេត ថា​ក្រុម​កំពុង​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ មុន​ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ ក្នុងជំនួប​សប្ដាហ៍​ទី​១៦ នៃ​លី​គ​កំពូល​កម្ពុជា

គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​បឹងកេត លោក ហៅ សុជាតិ បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ អំពី​ការ​ត្រៀមខ្លួន​ប្រកួត​សម្រាប់​សប្តាហ៍​ទី​១៦ ទល់នឹង​ក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ នៅ​ថ្ងៃ​សៅរ៍ ទី​២០ ខែកក្កដា ឆ្នាំ ២០១៩ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា អ៊ែរ​វ៉េ​។

ការប្រកួត​រវាង បឹងកេត ជាមួយ អង្គ​រថា​យ​ហ្គឺ​រ គឺ​ត្រូវបាន​ចាត់ទុកថា​ជាការ​ប្រកួត​មួយ​ក្នុងចំណោម​ប្រកួត​ទាំង ៧​គូ នៅ​សប្ដាហ៍​ទី​១៥ ដែល​នឹង​ជក់ចិត្ត​ត្បិត​ក្រុម​ទាំងពីរ​កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​ល្អ និង​ប្រជែង​ជើងឯក​ដូចគ្នា នៅ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩ នេះ​។

យ៉ាងណាមិញ​នៅមុន​ការប្រកួត​មកដល់ លោក ហៅ សុជាតិ បាន​លើក​ឡើង​ថា «​ការប្រកួត​ជាមួយ​អង្គ​រថា​យ​ហ្គឺ​រ​សប្តាហ៍​នេះ គឺ​ពួកយើង​កំពុង​ត្រៀមខ្លួន​បានល្អ ហើយ​យើង​សង្ឃឹម​ច្រើន ដោយសារ​យើង​សង្កេតឃើញថា​ កីឡាករ​យើង​មានការ​ប្រឹងប្រែង​ខ្លាំង ម្យ៉ាងទៀត យើង​លេង​នៅផ្ទះ​ខ្លួនឯង វា​អាចជា​ផល​វិជ្ជមាន​មួយ​សម្រាប់​យើង តែ​យ៉ាងណាក៏ដោយ យើង​មិន​មើលស្រាល​ពួកគេ​ទេ ព្រោះ​យើង​ដឹងថា អង្គ​រថា​យ​ហ្គឺ​រ​ឆ្នាំនេះ មិនមែន​អង្គ​រថា​យ​ហ្គឺ​រ​ពីមុន​ទេ ព្រោះ​ពួកគេ​រៀបចំ​ក្រុម​បានល្អ​មែនទែន​»​។

លើស​ពី​នេះទៅទៀត គ្រូបង្វឹក​ដដែល​រូបនេះ​បាន​សង្កត់ធ្ងន់​ជាមួយ​សារព័ត៌មាន​របស់​ក្លឹប​ថា​៖ «​ចំពោះ​រឿង​ដែល​យើង​មិនបាន​របូត​គ្រាប់​បាល់​ពីរ​ប្រកួត​មុន យើង​មិនអាច​រក្សា​កំណត់ត្រា​បាន​ឬ​មិនបាន​នោះទេ តែ​យើង​នឹង​ព្យាយាម​ធ្វើ​វា​ឱ្យ​អស់ពី​សមត្ថភាព​»​។

លោក​នៅតែ​លើកសរសើរ​ដល់​កីឡាករ​របស់​អង្គ​រថា​យ​ហ្គឺ​រ ថា​កីឡាករ​មួយចំនួន​ជា​កីឡាករ​ចាស់ ហើយ​ពោរពេញ​ទៅដោយ​បទពិសោធន៍ ហើយ​រួមទាំង​មាន​កីឡាករ​បរទេស​ដែលមាន​គុណភាព​ថែមទៀត ដូច្នេះ​លោក​នឹង​ប្រាប់​កូនក្រុម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​កាន់តែ​ខ្ពស់​។

ងាក​មក​តារាង​ចំណាត់ថ្នាក់​វិញ បឹងកេត បច្ចុប្បន្នកំពុង​ឈរ​នៅ​លេខ​៥ មាន​៣០​ពិន្ទុ តាម​ពីក្រោយ​អង្គ​រថា​យ​ហ្គឺ​រ ដែលជា​គូប្រកួត ៣​ពិន្ទុ ( អង្គ​រថា​យ​ហ្គឺ​រ បច្ចុប្បន្ន​មាន ៣៣​ពិន្ទុ ) ពី​ការប្រកួត​ចំនួន​១៥​ដង​ដូចគ្នា​។

សូម​រំលឹកថា ជំនួប​រវាង​បឹងកេត ទល់នឹង​អង្គ​រថា​យ​ហ្គឺ​រ កាលពី​ជើង​ទី​១ នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៩ គឺ​បញ្ចប់​ទៅដោយ​លទ្ធផល​ស្មើគ្នា ១​ទល់នឹង​១ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប (​ស្វាយ​ធំ​) ខេត្តសៀមរាប​។

ដោយឡែក​ការប្រកួត​ថ្ងៃ​ជើង​ទី​២ រវាង​ក្រុម​ទាំងពីរ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩ វិញ នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៣និង៣០​នាទី​រសៀល ដោយ​ផ្សាយ​ផ្ទាល់​លើ​ស្ថានីយទូរទស្សន៍ BTV News ផង​ដែរ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114