ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​រាជធានី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ស្រលាញ់​ដើមឈើ អោយ​ដូច​ស្រលាញ់​កូន ចៅ​នៅក្នុង​ក្រុមគ្រួសារ

ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បានធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ស្រលាញ់​ដើមឈើ អោយ​ដូច​ស្រលាញ់​កូន ចៅ​នៅក្នុង​ក្រុមគ្រួសារ និង​បាន​ណែ​នាំអោយ​ប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូ​អ្នកគ្រូ មន្ត្រីរាជការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​ថែរក្សា​ការពារ​ដើមឈើ​នៅតាម ភូមិដ្ឋាន សាលារៀន វត្ត​អា​រ៉ា​ម តាម​សួនច្បារ និង​ផ្លូវ​សាធារណៈ​ឲ្យ​បាន​ល្អ ព្រោះ​ដើមឈើ​មាន គុណប្រយោជន៍​យ៉ាងខ្លាំង​សម្រាប់​បរិស្ថាន និង​មនុស្សជាតិ​។

លោក​ឃួ​ង ស្រេង​បាន​ថ្លែង​ដូច្នេះ ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​បុណ្យ​រុក្ខទិវា​៩​កក្កដា ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​​១៩ ខែកក្កដា​នេះ​ នៅ​ក្នុង​បរិវេណ​វត្ត​និគ្រោធ​វ័ន “​ហៅ​វត្ត​គល់​ទទឹង​” ស្ថិត​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

លោក​ឃួ​ង ស្រេង បាន​ចាត់ទុកថា ដើម ឈើ​គឺជា​ធនធានធម្មជាតិ​ដ៏​សំខាន់​ដែល​បាន​បង្កើត​គម្រប​បៃតង ហើយ​ជួយ​កម្ចាត់​ជាតិពុល​នានា នៅ ក្នុង​រាជធានី​ភ្នំពេញ​។ ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ណែនាំ​ឲ្យ​មេព្រៃ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី ភ្នំពេញ អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ត្រូវ​រួមគ្នា​ថែរក្សា​ដើមឈើ​ដែល​បាន​ដាំ​ហើយ​នៅក្នុង​រាជ ធានី​ភ្នំពេញ​ឲ្យ​បានល្អ ហើយ​ត្រូវធ្វើ​របាយការណ៍​ពី​ស្ថានភាព​ដើមឈើ​ទាំងនោះ​ឲ្យ​បាន​ជាប់​ជាប្រចាំ រៀងរាល់​៦​ខែម្តង ដើម្បី​ថែរក្សា​ការពារ​ដើមឈើ​ទាំងនោះ​ឲ្យ​បាន​រីកលូតលាស់​ល្អ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ទៀត​។

លោក​អភិបាល​បាន​បញ្ជាក់ថា ដើមឈើ​នេះ​វា​ជា​អ្នកទ្រទ្រង់​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង បានរស់នៅ​ប្រកប ដោយ​ចីរភាព នេះ​ជា​សារៈសំខាន់​នៃ​ដើមឈើ​។ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ធ្លាប់មាន​កូនចៅ ហើយ​ស្រលាញ់​កូនចៅ​របស់ខ្លួន សូមអោយ​ស្រលាញ់​ដើមឈើ​ប្រៀប​បាន​នឹង​កូន​របស់ខ្លួន​។ ត្រូវ​ថែ ទាំ​វា​ឲ្យ​បានល្អ ដាក់​ជី​ពូន​គល់​និង​ស្រោច​ទឹកជា​ដើម ប្រៀប​បាន​ដូច​ទៅនឹង​ការ​បីបាច់​ថែរក្សា​កូនចៅ ក្នុង​ក្រុមគ្រួសារ​អញ្ចឹង​ដែរ​។ យើង​ដឹង​ហើយ​ថា បើកាលណា​គ្មាន​ដើមឈើ​ទេ កូនចៅ​យើង​ជំនាន់​ក្រោយ​ក៏​មិន អាច​រស់នៅ​បានដែរ​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​រាជធានី​ភ្នំពេញ លោក​ចាន់ រិទ្ធី បាន​ឲ្យ​ដឹងថា ដើម្បី​អបអរសាទរ​ទិវា​ដាំ​ដើមឈើ​ដែលជា​ប្រពៃណីជាតិ​ឆ្នាំ​២០១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន ដាំ​ដើមឈើ​ចម្រុះ​ប្រភេទ​ឈើ​គ្រញូង នាងនួន ធ្នង់ គគីរ ឈើទាល រាំងភ្នំ គីនីន ត្របែកព្រៃ ក្ងោក និង​ខ្ទរ​សរុប​ចំនួន ១៣៤៤​ដើម នៅតាម​វត្ត​អារាម សាលារៀន និង​ដងផ្លូវ សាធារណៈ​។

លោក​បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បានផ្តល់​កូនឈើ​ចម្រុះ​ប្រភេទ ឈើ​គ្រញូង នាងនួន បេង ធ្នង់ គគីរ ឈើទាល គីនីន រាំងភ្នំ រាំង​ទឹក ស្វាយ និង​ខ្ទរ សរុប​ប្រមាណ ៤២០០​ដើម ដើម្បី​ប្រគេន​ព្រះសង្ឃ​និង​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​មកពី​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ដើម្បី​យកទៅ​ដាំ​នៅ​តាម​ទី​វត្ត​អារាម​ដងផ្លូវ​ទីសាធារណៈ និង​លំនៅឋាន​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ផងដែរ​។

សូមបញ្ជាក់​ផងដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​ព្រឹត្តិការណ៍​អបអរសាទរ​បុណ្យ​រុក្ខទិវា​ជា​រៀងរាល់ឆ្នាំ ដូច​បណ្តា​ខេត្ត​ដ៏​ទៃ​ដែរ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​រួមគ្នា​ការពារ​ធនធាន​ព្រៃឈើ​តាម​ព្រះរាជ​បវេណី​ដ៏​គំរូ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះករុណា​ព្រះមហាវីរៈក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114