ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​ហៅ​តាក់​ស៊ីតាម​ទូរ​ស័ព្ទ​របស់​ចិន​ត្រៀម​ដំណើរការ​សេវាកម្ម​ឡើងវិញ​ជាមួយ​មុខងារ​សុវត្ថិភាព​ថ្មី​

ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ​តាម​កម្មវិធី​ទូរ​ស័ព្ទ​យក្ស​របស់​ចិន​Didi Chuxing បានលើកឡើង​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា ខ្លួន​បានដាក់​សំណើសុំ​បើក​ដំណើរការ​សេវាកម្ម​ជិះ​រថយន្ត​រួមគ្នា​ឈ្មោះថា Hitch របស់ខ្លួន​ដោយ​បន្ថែម​មុខងារ​សុវត្ថិភាព​មួយចំនួន ពោលគឺ​ប្រហែល​១​ឆ្នាំ​បន្ទាប់ពី​បាន​ផ្អាក​សេវាកម្ម​របស់ខ្លួន ក្រោយពី​មាន​ករណី​ឃាតកម្ម​នារី​ជា​អ្នកដំណើរ​ម្នាក់​ដោយ​តៃកុង​ក្រុមហ៊ុន Didi តែម្ដង​។​

​ករណីនេះ​បានធ្វើឱ្យ​ខូច​រូបភាព​របស់​ក្រុមហ៊ុន​យ៉ាងខ្លាំង ក្នុងពេលដែល​ក្រុមហ៊ុន​នេះ​កំពុង​ព្យាយាម​ពង្រីក​ខ្លួន​ទៅ​ក្រៅប្រទេស​ដើម្បី​ប្រកួតប្រជែង​ជាមួយ​គូប្រជែង​បរទេស​ដូចជា Uber ជាដើម និង​បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​សន្យាថា​នឹង​ផ្តល់​អាទិភាព​លើ​រឿង​សុវត្ថិ​ភាពជា​ចម្បង​វិញ​។​

​ក្រុមហ៊ុន Didi នៅ​មិនទាន់​បានកំណត់​កាលបរិច្ឆេទ​នៃ​ការដាក់​ដំណើរការ​សេវាកម្ម Hitch របស់ខ្លួន​ឡើងវិញ​ឡើយ ប៉ុន្តែ​កំពុង​ដាក់សំណើ​សុំឱ្យ​មានការ​ពិភាក្សា​ជា​សាធារណៈ​។

​សេវាកម្ម​នេះ​នឹង​កាត់បន្ថយ​ការបង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ដោយ​ផ្តល់ជូន​នូវ​កម្មវិធី​មួយ​ដែល​អាចឱ្យ​អ្នកបើកបរ​និង​អ្នកដំណើរ​ត្រួតពិនិត្យ​ទ្វេដង​នូវ​អត្តសញ្ញាណ​របស់​មនុស្ស​ដែល​ពួកគេ​ត្រូវ​ជិះឡាន​ជាមួយគ្នា​។​

Didi ក៏មាន​គម្រោង​បង្កើត​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​របស់​ចិន​ដើម្បី​ផ្តល់​ការធានារ៉ាប់រង​គ្រោះថ្នាក់​ដល់​ទៅ​១,២​លាន​យាន់ (១៧៤ ៥០២ ដុល្លារ​អាមេរិក​) និង​បង្កើត​កម្មវិធី​ដាច់ដោយឡែក​មួយ​សម្រាប់​អ្នកដំណើរ​និង​អ្នកបើកបរ​ភេទ​ស្រី​ដែលមាន​លក្ខណៈពិសេស ដូចជា​ក្បួន​ដោះស្រាយ​ដែល​អាច​រកឃើញ​វត្ថុ​ផ្សេងៗ ដូចជា​ការប្តូរ​ផ្លូវ​ដែលមាន​លក្ខណៈ​មិន​ប្រក្រតី​ជាដើម​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114