ព័ត៍មានទាន់​ហេតុការណ៏
Search

រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន ឃាត់​ខ្លួន​ជនសង្ស័យ​៧​នាក់ ដកហូត​ថ្នាំញៀន​មួយ​កញ្ចប់​ធំ​ និង​៥​កញ្ចប់​តូច ក្នុង​ក្រុងប៉ៃលិន

ប៉ៃលិន​ ៖​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៨ និង​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន បាន​ធ្វើ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​បី​សង្កាត់​ខុសគ្នា ក្នុង​ក្រុងប៉ៃលិន ដោយ​ធ្វើ​ការ​ឃាត់​ខ្លូន​ជនសង្ស័យ​ប្រុស ស្រី​ចំនួន​៧​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​មួយចំនួនធំ ផង​ដែរ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៥​និង​២០​នាទីរសៀល​ ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ សមត្ថកិច្ច​នគរបាល​ខេត្ត សហការគ្នា ចុះ​ឃាត់​ខ្លួន​ជាក់​ស្តែង​លើ​ជនសង្ស័យ​ពីរ​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ដោយ​រឹបអូស​វត្ថុ​តាង​ថ្នាំញៀន​ពីរ​កញ្ចប់ ធំ​មួយ តូច​មួយ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ ត្រង់​ចំណុច​ផ្លូវបំបែក​ចូល​ភ្នំ​ជ្រូក ស្ថិត​ក្នុង​ភូមិ​ដីក្រហម សង្កាត់​អូ​តាវៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។ ដែល​ជនសង្ស័យ​ទី​១​ឈ្មោះ​នាក់ និ​ត ភេទប្រុស អាយុ១៩ឆ្នាំ​ មុខរបរ​ធ្វើ​ចំការ រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​,​ទី​២.​ឈ្មោះ កា សុខា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ រស់នៅ​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន និង​ទី​៣​ឈ្មោះ វីន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ( រត់គេចខ្លួន​រួច )​។ ចំណែក​ថ្ងៃទី​១៩ ខែកក្កដា ​ឆ្នាំ២០១៩ វេលា​ម៉ោង​១៣​និង​៣០​នាទី កម្លាំង​នគរបាល​ការិយាល័យ​គ្រឿងញៀន ក៏​បាន​ធ្វើ​ការ​បង្ក្រាប​ករណី​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​មួយ​ករណី​ទៀត​ ស្ថិតនៅ​ភូមិប​ហ៊ុយ​ជើង សង្កាត់​ប​យ៉ា​ខា ខេត្ត​ប៉ៃលិន ដោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​០២​នាក់ មានឈ្មោះ វ៉ៅ លឿន ភេទប្រុស អាយុ​៥១ឆ្នាំ មុខរបរ​ចំការ រស់នៅ​ភូមិ​ប​ហ៊ុយ​ជើង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ទី​២​ឈ្មោះ ឆាន់ ថុ​ន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរ​ចំការ រស់នៅ​ភូមិប​ហ៊ុយ​ជើង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន រួម​នឹង​វត្ថុ​តាង​ថ្នាំញៀន​ចំនួន​០១​កញ្ចប់​តូច​ផង​ដែរ។

ប្រភព​ព័ត៌មាន បាន​បន្ត​ថា បន្ទាប់ពី​កម្លាំង​ជំនាញ បានធ្វើ​ការសួរនាំ ក៏​បាន​ឈាន​ដល់​ការបន្ត​ចាប់​ករណី​ជួញដូរ​គ្រឿងញៀន​០១​ករណី​ទៀត នៅវេលា​ម៉ោង​១៤​និង​០០​នាទី​នៅ​ចំណុច​លូ​ដាច់ ស្ថិតនៅ​ភូមិ​ផ្សា​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែលជា​លទ្ធផល បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់​បន្ថែមទៀត​រួមមាន​៖១-/​ឈ្មោះ ដែន វឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ផ្សា​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ,​ទី​២​ឈ្មោះ យិន សុខ​ជា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ផ្សា​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ,​ទី​៣​ឈ្មោះ ពៅ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ផ្សា​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ដកហូត​វត្ថុ​តាង​រួមមាន ថ្នាំញៀន​ចំនួន​០៣​កញ្ចប់​,​ដាវ​សាំ​ម៉ូ​រៃ​០៣​ដើម​, កន្ត្រៃ​៣,​ដែកកេះ​៤ ដែក​ស្រួច​៤ ដប​សំរាប់​ជក់​២ និង​ទុ​យូ​៣​ផងដែរ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ រៀបចំ​សំណុំរឿង​ចាត់ការ តាម​នីតិវិធី៕
សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114