ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ខៀវ សា​ម៉េ​ត ដឹកនាំ​កិច្ចប្រជុំ​បាល់ទាត់​អាស៊ាន ពិភាក្សា​ជុំវិញ​ក្ដី​ប្រាថ្នា​ធ្វើ​ម្ចាស់ផ្ទះ World Cup 2032

លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) បាន​ដឹកនាំ​កិច្ចប្រជុំ​បាល់ទាត់​ប្រចាំ​តំបន់ ដោយមាន​ការពិភាក្សា​អំពី​បំណង​ប្រាថ្នា​ចង់​រួមគ្នា​ធ្វើ​ម្ចាស់ផ្ទះ​បាល់ទាត់​ពិភពលោក (FIFA World Cup 2032) ជាមួយនឹង​ថ្នាក់ដឹកនាំ​នានា​សម្រាប់​ប្រទេស​ជា​សមាជិក នៃ​គណៈកម្មាធិការ​បាល់ទាត់​ពិភពលោក ដែល​បាន​បង្កើត​តាំងពី​ឆ្នាំ​២០១៣​។

ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​បាល់ទាត់​ពិភពលោក ដែលជា​ផ្នែក​មួយ​នៃ​របៀបវារៈ បាន​ចំណាយ​លើ​ការពិភាក្សា​អំពី​បំណង​ប្រាថ្នា​របស់​អាស៊ាន​ក្នុង​ការ​ចង់​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​បាល់ទាត់​ពិភពលោក​របស់ FIFA ជាមួយ​ប្រទេស​ជា​សមាជិក​ទាំងអស់ ជា​មួយនឹង​ការបញ្ជាក់​ពី​ការគាំទ្រ​។

«AFF បាន​បង្កើត​គណៈកម្មាធិកា​រ​បាល់ទាត់​ពិភពលោក កាលពី​៦​ឆ្នាំមុន​។ យើង​បាន​ដឹង​ថា ​តំបន់​នេះ​មាន​សក្តានុពល​ក្នុងការ​ទទួលបាន​ជោគជ័យ​លើ​ការរៀបចំ​ការប្រកួត​បា​ល់​ទាត់​ពិភពលោក និង​បាន​ស្វែងរក​លទ្ធភាព​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​។ ដូច្នេះ​យើង​កំពុង​ទន្ទឹង​រង់ចាំ​ធ្វើការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន ខណៈ FIFA ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ជុំវិញ​ពិភពលោក បានផ្តល់​ឲ្យ​មាន​នូវ​យន្តការ​នៃ​ការ​ដេញថ្លៃ​សម្រាប់​ការ​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ​»​។ លោក ខៀវ សា​ម៉េ​ត បានលើកឡើង​។

​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​បាល់ទាត់​ពិភពលោក នៅក្នុង​តំបន់​អាស៊ាន ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៣ នៅ​អាស៊ី និង​ធំ​បំផុត​ទី​៧ នៅ​លើ​ពិភពលោក នឹង​ផ្តល់​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​និង​កីឡា​ដ៏​ធំ​សម្រាប់​តំបន់​នេះ គ្រា​ដែល​បាល់ទាត់​គឺជា​កីឡា​លេខ​មួយ​។ សំខាន់​ជាងនេះទៀត វា​នឹង​ពង្រឹង​ចំណង​ក្នុងចំណោម​ប្រជាជន ៦៤០​លាន​នាក់​។

លោក​ខៀវ សា​ម៉េ​ត បាន​បន្ថែមថា «AFF នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន ដែលជា​តំណាង​របស់​សហព័ន្ធ​ទាំងអស់ ដើម្បី​រួបរួម​គ្នា​ឆ្ពោះ​ទៅ​រក​ការដេញថ្លៃ​ផ្លូវការ​»​។

​សូម​បញ្ជាក់​ថា សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​បាល់ទាត់​ពិភពលោក រួមគ្នា​បែបនេះ បានចាប់ផ្ដើម​ជា​លើកដំបូង​កាលពី​ឆ្នាំ​២០០២ ដោយ​ជប៉ុន និង​កូរ៉េខាងត្បូង បានទទួល​ជោគជ័យ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​។ អាស៊ី​នឹង​រៀបចំ​ការប្រកួត​បាល់ទាត់​ពិភពលោក ម្តង​ទៀត​នៅ​ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា​។ កាលពី​ឆ្នាំមុន​ផង​ដែរ FIFA បានសម្រេច​ឲ្យ​ការប្រកួត​ព្រឹត្តិការណ៍​ដដែល​នេះ សម្រាប់​ឆ្នាំ​២០២៦ និង​មាន​ម្ចាស់ផ្ទះ​រួម​ដូចគ្នា​គឺ កាណាដា​, អាមេរិក និង​ម៉ិ​ក​ស៊ិ​កូ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114