ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​អាណា​ថា​ម្នាក់ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ស្លាប់​យ៉ាង​សង្វេគ នៅ​ស្រុក​លំផាត់

រតនគិរី ៖ ជន​អាណា​ថា​ម្នាក់​(​សតិ​មិន​គ្រប់​)​ ត្រូវបាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បុក​ស្លាប់​នៅ​កណ្តាលផ្លូវ​ជាតិ​យ៉ាង​អាណោចអាធ័ម​បំផុត​។

ករណី​រថយន្តបុក​ជ​ន​អាណា​នេះ​នៅ​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំណុច​អូរ​កាន់​លឿង ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​២៣៨-២៣៩ ស្ថិតនៅ​ក្នុងភូមិ​ថ្មី ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់​។

សមត្ថកិច្ច​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស ប្រហែល អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ​។

ក្នុង​ហេតុ​ការណ៍​កើត​ឡើង​តាម​ការ​សន្និដ្ឋាន​ រប​ស់​សមត្ថកិច្ច​ជំនាញ​ថា ជនរងគ្រោះ​អង្គុយ​នៅ​លើ​ផ្លូវជាតិ​លេខ​៧៦ ដោយ​រថយន្ត​បង្ក​នោះ​បើកបរ​មកពី​ត្បូង​ទៅ​ជើង​បាន​បុក​តែម្តង បន្សល់ទុក​សាកសព​នៅ​នឹង​កន្លែង​កើតហេតុ​។ រីឯ​រថយន្ត​បង្ក​បាន​បើកបរ​រត់​គេចខ្លួនបាត់​។

សមត្ថកិច្ច​នគរបាល​បាន​បន្ត​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​តាម​ប្រព័ន្ធ​ទូរស័ព្ទ​រួចមក លោក​អធិការ​បាន​ដឹកនាំ​អធិការរង​ទទួល​ជំនាញ លោកនាយ​,​នាយរង​ផ្នែក​ជំនាញ លោក​មេឃុំ លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ និង​លោក​មេភូមិ​ថ្មី ដោយមាន​ការ​សម្របសម្រួល​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​និង​ត្រួតពិនិត្យ​សាកសព​ផងដែរ​។​

បន្ទាប់ពី​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូនទៅ​អាជ្ញាធរ​ឃុំ​ជ័យ​ឧ​ត្ត​ម យកទៅ​បូជាសព​តាម​ប្រពៃណី។

​ដោយឡែក​សមត្ថកិច្ច​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​លំផាត់​កំពុង​ស្រាវជ្រាវ​រក​រថយន្ត​បង្កហេតុ​ខាងលើ​នោះ​ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114