ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖ មាន​៣​គូ សម្រាប់​ការប្រកួត​ថ្ងៃ​សៅរ៍ ខណៈ​បឹងកេត ទទួល​អង្គ​រថា​យ​ហ្គឺ​រ ចាត់ទុកជា​គូ​ពិសេស​

​ការប្រកួត​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៩ បាន​ឈានដល់​សប្តាហ៍​ទី ១៦​ហើយ ដែល​ក្នុង​ថ្ងៃ​សៅរ៍ ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ មានការ​ប្រកួត​៣​គូ គឺ យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ទទួល អគ្គិសនី​កម្ពុជា សូល​ទី​ឡូ​អង្គរ ជួប​ជាមួយ​អាស៊ី​អឺរ៉ុប និង បឹងកេត ស្វាគមន៍ អង្គ​រថា​យ​ហ្គឺ​រ​។

​យុវជន​សាលា​បាល់ទាត់​ជាតិ ប៉ះ អគ្គិសនី​កម្ពុជា
ជំនួប​រវាង​ក្រុម​ទាំងពីរ នឹងធ្វើ​ឡើង​នៅ​ទីលាន​បាល់ទាត់​សាលា​បាល់ទាត់​បាទី ក្នុង​ខេត្តតាកែវ វេលា​ម៉ោង ៣និង៣០​នាទី​រសៀល ផ្សាយ​ផ្ទាល់​ដោយ​គណនី Youtube របស់ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​។ ក្នុង​សប្តាហ៍​ទី​១៥ យុវជន​បាទី ទទួលរង​បរាជ័យ​យ៉ាង​អាម៉ាស់ ពោលគឺ ១២-១ ទល់នឹង ភ្នំពេញ​ក្រោ​ន ខណៈដែល​បច្ចុប្បន្ន​មាន​ត្រឹម ៣​ពិន្ទុ នៅ​តំបន់​បាត​តារាង​ដូច​កំពង់ចាម​ដែរ។ អគ្គិសនី​កម្ពុជា​វិញ ក្នុង​សប្តាហ៍​ចុងក្រោយ​របស់ខ្លួន ចាញ់ បឹងកេត ៤-០ នាំ​ឲ្យ​ពួកគេ​បន្ត​ស្ថិតនៅ​លេខ​រៀង​ទី ១២ តែ​លើ​យុវជន​បាទី រហូតដល់ ១០​ពិន្ទុ​។

ជំនួប​កាលពី​ជើង​ទី​១ រវាង​ក្រុម​ទាំងពីរ​គឺ អគ្គិសនី​កម្ពុជា យកឈ្នះ​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ដោយ​លទ្ធផល ២-០ ក្នុង​សប្តាហ៍​ទី​៣។

សូល​ទី​ឡូ​អង្គរ ប៉ះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត
ក្រុម​ទាំងពីរ នឹង​ប្រកួត​នៅ​ម៉ោង ៣និង៣០​នាទី​រសៀល នៅ​កីឡដ្ឋាន​ស្វាយ​ធំ ក្នុង​ខេត្តសៀមរាប ដោយមាន​ផ្សាយ​ផ្ទាល់​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កម្ពុ​ជាថ្មី​។ គិត​ត្រឹម​សប្តាហ៍​ទី​១៥ សូល​ទី​ឡូ​អង្គរ ប្រកួត​ឈ្នះ ៦ ស្មើ ៣ និង​ចាញ់ ៦​ប្រកួត មាន ២១​ពិន្ទុ ស្ថិតនៅ​លេខ​រៀង​ទី​៨ ប្រកួត​ចុងក្រោយ ចាញ់​ក្រុម​កំពូល​តារាង ព្រះខ័ន​រាជ​ស្វាយរៀង ៦-១ ។ អាស៊ី​អឺរ៉ុប វិញ ខកខាន​រកបាន​៣​ពិន្ទុ ក្នុង​៤​ប្រកួត​ចុងក្រោយ​របស់ខ្លួន ដោយ​ស្មើ ១ និង​ចាញ់ ៣​លើក បច្ចុប្បន្ន​ពួកគេ​ស្ថិតនៅ​លេខ​រៀង​ទី ៩ ក្នុង​តារាង​ពិន្ទុ​។

ជំនួប​កាលពី​ជើង​ទី​១ រវាង​ក្រុម​ទាំងពីរ​គឺ អាស៊ី​អឺរ៉ុប យកឈ្នះ​សូល​ទី​ឡូ​អង្គរ ដោយ​លទ្ធផល ២-១ ក្នុង​សប្តាហ៍​ទី​៣។

​បឹងកេត ប៉ះ អង្គ​រថា​យ​ហ្គឺ​រ
ការប្រកួត​រវាង​ក្រុម​ទាំងពីរ គឺធ្វើឡើង​នៅវេលា​ម៉ោង ៣និង៣០​នាទី​រសៀល នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ ដោយ​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍ BTV ។ បឹងកេត បន្ទាប់ពី​ប្រើប្រាស់​កីឡដ្ឋាន​របស់ខ្លួន ឃើញថា ២​ប្រកួត​របស់​ពួកគេ ឈ្នះ​ទាំងពីរ និង​មិន​មាន​របូត​គ្រាប់​បាល់​ស៊ុត​ចូល​ទី​ឡើយ បច្ចុប្បន្ន​ពួកគេ​ស្ថិតនៅ​លេខ​រៀង​ទី ៥ មាន ៣០​ពិន្ទុ ខណៈ​ដែល​អង្គរ​ថា​យ​ហ្គឹ​រវិ​ញ ស្ថិតនៅ​លេខ​រៀង​ទី​៣ មាន ៣៣​ពិន្ទុ ឈ្នះ ៣​ប្រកួត​ចុងក្រោយ​ជាប់​គ្នា​។ ជំនួប​នេះ​នឹង​ជក់ចិត្ត​សម្រាប់​ការ​ប្រជែង​កៅអី​គ្នា​រវាង​ក្រុម​ទាំងពីរ។

កាលពី​ជើង​ទី​១ លេង​នៅ​ទឹកដី​ខេត្តសៀមរាប ក្រុម​ទាំង​ពីរបាន​ត្រឹម​ស្មើគ្នា​ក្នុង​លទ្ធផល ១-១ ប៉ុណ្ណោះ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114