ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈកម្មាធិការ​សម្បទា​ន​ដី​សង្គមកិច្ច​ថ្នាក់​ជាតិ ដាក់​ចេញ​នូវ​ផែនការ​សម្រាប់​សាងសង់​ផ្ទះ​ជូន​គ្រួសារ​កងទ័ព នគរបាល​ជាតិ និង​គ្រួសារ​អតីតយុទ្ធជន នៅតាម​បណ្តោយ​ព្រំដែន​

ភ្នំពេញ​ ៖ ការ​ដាក់ចេញ​នូវ​ផែនការ​នេះ បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​សម្បទាន​ដី​សង្គមកិច្ច​ថ្នាក់​ជាតិ ដែល​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្បទា​ន​ដី​សង្គមកិច្ច​ថ្នាក់​ជាតិ និង​មានការ​ចូលរួម​ពី​លោក គន់ គីម ទេសរដ្ឋមន្ត្រី​ទទួល​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សម្បទាន​ដី​សង្គមកិច្ច​ថ្នាក់​ជាតិ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​អ្នក​ពាក់ព័ន្ធ​យ៉ាងច្រើន​។

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​កិច្ចប្រជុំ​លើក​ទី​១ បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​សមភាព​មួយ​ចំនួន​ក្នុង​គណៈកម្មាធិការ​នេះ​។ ផ្អែក​តាម​របាយការណ៍​ស្តី​ពី​លទ្ធផល​នៃ​ការអនុវត្ត កម្មវិធី​សង្គមកិច្ច គិត​ត្រឹម​បំណាច់​ខែមិថុនា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​បាន​បែងចែក​ដីជូ​ន​គ្រួសារ​សរុប​៤៧៩ ១១៤ គ្រួសារ លើ​ផ្ទៃដី​សរុប​ទំហំ​១៣៤០ ៧៦៥,៤៧ ហិកតា និង​បាន​សាងសង់​ផ្ទះ​សរុប​ចំនួន​៦ ៦៩៩ ខ្នង ជូន​អតីត​កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ គ្រួសារ​កងទ័ព និង​នគរបាល​ជាតិ តាម​បណ្តោយ​ព្រំដែន និង​ប្រជាពលរដ្ឋ​ក្រីក្រ ស៊ីវិល​ទូទៅ​។

អង្គ​ប្រជុំ​បាន​ដំណើរការ​ទៅតាម​របៀបវារៈ ដែល​បាន​គ្រោង និង​បាន​ឯកភាព​លើ​គំនូរ​ប្លង់​ស្ថាបត្យកម្ម​សម្រាប់​សាងសង់​ផ្ទះ​ជូន​គ្រួសារ​កងទ័ព នគរបាល​ជាតិ នៅ​តាម​បណ្តោយ​ព្រំដែន និង​គ្រួសារ​អតីតយុទ្ធជន ដែលជា​ប្រភេទ​ផ្ទះប៉ិត​ម៉ូត​ខ្មែរ ទំហំ​៦,៥ ម X ៧,៣ ម សសរ​បេតុង​អា​ម៉េ​និង​គ្រោង​ដែក ក្រាល​ស្មា​តបត ជញ្ជាំង​ស្មា​តបត ប្រក់​ក្បឿង​ស៊ីម៉ង់ត៍ ដែល​មិន​ជ្រាប​ទឹក និង​ធន​នឹង​អគ្គិភ័យ​។ ជាមួយគ្នា​នោះ បានដាក់​ចេញ​នូវ​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០១៩​ផង​ដែរ​គឺ
​ទី​១. ពង្រឹង​ការគ្រប់គ្រង​ដី​រក្សាទុក​សម្រាប់​គោលដៅ​សម្បទាន​ដី​សង្គមកិច្ច ដោយ​ប្រគល់​ភារកិច្ច​ជូន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ចុះ​ធ្វើការ​បោះ​បង្គោល កំណត់​និយាម​កា ចុះបញ្ជី​ដី​រដ្ឋ និង​ទប់ស្កាត់​ការចេញ​ប័ណ្ណ​កម្មសិទ្ធិ ជូន​អ្នករំលោភ​កាន់កាប់​ដី​ដែល​រក្សាទុក​សម្រាប់​គោលដៅ​សម្បទាន​សង្គមកិច្ច​។

ទី​២. បន្តធ្វើ​ការសាងសង់​ផ្ទះ​ជូន​គ្រួសារ​កងទ័ព​និង​នគរបាលជាតិ​តាម​បណ្តោយ​ព្រំដែន និង​គ្រួសារ​អតីតយុទ្ធជន ។

ទី​៣. ជំរុញ​ការផ្តល់​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​សម្បទានិក​ដែល​បាន​រស់​នៅ និង​ប្រើប្រាស់​គ្រប់​លក្ខខណ្ឌ​នៃ​សម្បទាន​ដី​សង្គមកិច្ច។

​ទី​៤. បង្កើត​ក្រុមការងារ​ដើម្បី​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ទីតាំង​សម្បទាន​ដី​សង្គមកិច្ច និង​ត្រួតពិនិត្យ​ការប្រើប្រាស់​ដី និង​ផ្ទះ​ដែល​បាន​ប្រគល់​ដល់​សម្បទានិក​នៅ​តាម​ខេត្ត​គោលដៅ​។ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ត្រូវ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ ជូន​សម្បទានិក​ដែល​បាន​រស់​នៅ និង​ប្រើប្រាស់​គ្រប​លក្ខខណ្ឌ និង​ដកហូត​ដី និង​ផ្ទះ​ត្រឡប់មកវិញ ក្នុង​ករណី​ការរស់នៅ​និង​ប្រើប្រាស់​មិន​ស្របតាម​លក្ខខណ្ឌ​នៃ​សម្បទាន​ដី​សង្គមកិច្ច ដើម្បី​ទុក​ប្រគល់​ជូន​មុខសញ្ញា​សម្បទានិក​ថ្មី​ដែល​កំពុង​ត្រូវការ​ពិតប្រាកដ​។
​ទី​៥. ជំរុញ​អនុវត្ត​បញ្ចប់​ឲ្យបាន​ជោគជ័យ​គម្រោង LASED II ក្រោម​ហិរញ្ញប្បទាន ធនាគារពិភពលោក និង​រៀបចំ​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​គម្រោង LASED III ដែល​គ្រោង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២ លើ​ផ្ទៃដី​ទំហំ​ប្រមាណ​២៧ ០០០ ហិកតា មាន​៣០ ទីតាំង សម្រាប់​សម្បទានិក​ចំនួន​១៥ ០០០ គ្រួសារ ទៅ​១៦ ០០០ គ្រួសារ ស្ថិតនៅ​ខេត្ត​គោលដៅ​ចំនួន​៥ គឺ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និង​ខេត្តកំពង់ធំ ក្នុង​នោះ​មាន​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​១៨ ទីតាំង។

ទី​៦. ដី​ដែល​មិន​មាន​ជីវជាតិ​ត្រូវ​រក្សាទុក​សម្រាប់​សង់​លំនៅឋាន និង​ដី​មាន​ជីវជាតិ​ទុក​សម្រាប់​ផ្តល់​ជា​ដី​ធ្វើ​កសិកម្ម។

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បាន​សំណូមពរ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ បន្ត​លើក​ផែនការ​ផ្គត់ផ្គង់​ទឹកស្អាត និង​សាងសង់​ផ្លូវ អគារសិក្សា មណ្ឌល​សុខភាព ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ជា​មូលដ្ឋាន​ដទៃ​ទៀត ក្នុង​ទីតាំង​សម្បទាន​ដី​សង្គមកិច្ច ជួយ​ជំរុញ​ទាំង​ការងារ​យេនឌ័រ ការងារ​ថែទាំ​សុខភាព និង​ចលនា​សប្បុរសជន ឲ្យ​ចូលរួម​គាំទ្រ​ការងារ​សាងសង់​ផ្ទះ​ជូន​គ្រួសារ​កងទ័ព នគរបាល​ជាតិ នៅ​តាម​បណ្តោយ​ព្រំដែន និង​គ្រួសារ​អតីត​យុទ្ធជន ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​រាជរដ្ឋាភិបាល​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114