ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ជាតិ​អប្សរា​៖ ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ​នឹង​បង្កើតឡើង​នា​ពេល​អនាគត

សៀមរាប​ ៖​ ស្របតាម​ផែនការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ព្រមទាំង​មានការ​គាំទ្រ​ពី​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា រួម​នឹង​មន្ត្រី​ជំនាញ​គ្រប់​នាយកដ្ឋាន​បាន​ចុះ​ពិនិត្យ​ទីតាំង​ដើម្បី​សិក្សា​អំពី​លទ្ធភាព បញ្ហា​ប្រឈម និង​ផលប៉ះពាល់​នានា​មុននឹង​អនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវ​កង់​ដាច់ដោយឡែក​ពី​ផ្លូវ​ម៉ូតូ​-​ឡាន សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជាជន​នៅក្នុង​តំបន់ ជាពិសេស​សិស្សានុសិស្ស ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ធ្វើដំណើរ​បាន​ស្រួល​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។

គម្រោង​ស្ថាបនា​ផ្លូវ​នេះ​មាន​ប្រវែង​សរុប​២៣,២​គីឡូម៉ែត្រ​ជុំវិញ​តំបន់​អង្គរ ជា​ផ្លូវ​ទ្វេ​ទិស មាន​ទទឹង​២​ម៉ែត្រ និង​មាន​ចង្អូរ​រំដោះ​ទឹក​សងខាង​។ ផ្លូវ​នេះ​ស្ថិតនៅ​ស្រប​នឹង​ផ្លូវ​ធ្វើដំណើរ​បច្ចុប្បន្ន​ចម្ងាយ​មិន​លើសពី​២៥​ម៉ែត្រ​ឡើយ​ដែល​អាច​មើល​គ្នា​ឃើញ​ក្នុង​ការ​រក្សាសន្តិសុខ សុវត្ថិភាព​បាន ថែមទាំង​បត់បែន​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ផ្លូវ ​ឬ ​ដើមឈើ។ ចំពោះ​បទដ្ឋាន​បច្ចេកទេស​នៃ​ការស្ថាបនា​វិញ អាជ្ញាធរ​ជាតិ​អប្សរា​គិតគូរ​ជា​ចម្បង​លើ​ការ​អភិរក្ស​បុរាណ​ដ្ឋា​ន​ជា​សំខាន់ ដោយ​គ្មាន​ការ​ជីក​កកាយ​ដី​ជ្រៅ និង​ប្រើ​ជើងតាង​អំពី​បេតុង​ត្រង់​កន្លែង​ដែល​មាន​ស្ពាន ហើយក៏​គិតដល់​បរិស្ថាន និង​ទេសភាព​វប្បធម៌ ដោយ​បញ្ចៀស​ផល​ប៉ះពាល់​ជា​អតិបរមា​មក​លើ​ព្រៃឈើ​ដែល​មាន​ស្រាប់​។ បន្ថែម​ពី​នោះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​នឹង​គិតគូរ​ជា​ខ្លាំង​ដល់​សុវត្ថិភាព​ត្រង់ចំណុច​ឆ្លងកាត់​ឬ​ផ្លូវបំបែក ដោយ​ដាក់​របា​នៅ​ផ្លូវបំបែក និង​ដាក់​ស្លាក​សញ្ញា​ហាមឃាត់​ម៉ូតូ​ឆ្លងកាត់​។​ល​។

អាជ្ញាធរ​ជាតិ​អប្សរា​សង្ឃឹមថា សមិទ្ធផល​ថ្មី​ដែល​នឹង​កើតឡើង​ឆាប់ៗ​នេះ​នឹង​មានការ​អ្នកគាំទ្រ​ច្រើន ហើយ​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​តំបន់ ក៏ដូចជា​ទេសចរ​ទទួល​បាន​នូវ​ភាព​ងាយស្រួល សុវត្ថិភាព និង​បង្កើត​បទពិសោធន៍​ល្អ​ក្នុង​ការ​មក​ទស្សនា ​ឬ​ ឆ្លងកាត់​តំបន់​រមណីយដ្ឋាន​អង្គរ​៕​
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114