ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ចៅសង្កាត់​ព្រែក​ថ្មី​ផ្តល់​ថវិកា​ដល់​សិស្ស​ដែល​ត្រូវ​ប្រលង​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន​៨១​នាក់

ភ្នំ​ពេ​ញ ៖ លោក​លីវ វណ្ណ​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី​កាលពី​រសៀល​ ថ្ងៃ​ទី​១៨​ ខែកក្កដា​នេះ​ បាន​យក​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក​ផ្តល់​ដល់​ប្អូន​ៗ​សិស្សានុសិស្ស​ដែល​និង​ត្រូវ​ត្រៀម​ប្រលង​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ថ្ងៃ​ខាងមុខនេះ​។

លោក​លីវ វណ្ណ​ថេ​ង បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ​ជា​រៀងរាល់​ឆ្នាំ​លោក​តែងតែ​ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​ប្អូនៗ​សិស្សានុសិស្ស​ក្នុង​វិទ្យាល័យ​ព្រែក​ថ្មី​ដែល​ត្រៀម​ប្រឡង​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ប្អូនៗ​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ធ្វើ​មេរៀន​ឲ្យ​បាន​និទ្ទេស​ល្អ​និង​ទទួលបាន​ជោគជ័យ​នា​ថ្ងៃ​ប្រលង​។

ជាក់​ស្តែង​នៅ​ថ្ងៃទី​១៨ ​ខែកក្កដា​នេះ​ លោក​ចៅសង្កាត់​ព្រែក​ថ្មី​ បាន​យក​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក​ផ្តល់​ដល់​ប្អូនៗ​សិស្សានុសិស្ស​ក្នុង​វិទ្យាល័យ​ព្រែក​ថ្មី​ចំនួន​៨១​នាក់ ​ដែល​ត្រៀម​ប្រឡង​យក​សញ្ញាប័ត្រ​ទុតិយភូមិ​នា​ថ្ងៃ​ទី​១៩ ​ខែសីហា​ខាងមុខនេះ​។ ចំពោះ​ថវិកា​ដែល​ផ្តល់​ដល់​ប្អូនៗ​សិស្សានុសិស្ស​ទាំង​៨១​នាក់​ គឺ​ក្នុង​ម្នាក់ៗ​ទទួល​បាន​៥០,០០០​រៀល​។ ដោយឡែក​លោកគ្រូ​អ្នកគ្រូ​ចំនួន​៦​នាក់​ ដែល​ស្ម័គ្រ​ចិត្ត​មក​បង្រៀន​បំប៉ន​ដល់​ប្អូនៗ​មុន​ថ្ងៃ​ប្រឡង​នេះ​គឺ​ម្នាក់ៗ​ទទួល​បាន​៤០០,០០០​រៀល​។

លោក​លីវ វណ្ណ​ថេ​ង បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ថា លោក​ចង់​ឲ្យ​ប្អូនៗ​ដែល​ត្រៀម​ប្រឡង​យក​សញ្ញាប័ត្រ​នា​ថ្ងៃ​ខាងមុខនេះ ​គឺ​ចង់​ឲ្យ​ទទួល​បាន​សញ្ញាប័ត្រ​គ្រប់​ៗ​គ្នា​។​ ហើយ​ការ​ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​ប្អូនៗ​សិស្សានុសិស្ស​ក្នុង​វិទ្យាល័យ​ព្រែក​ថ្មី​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ព្រែក​ថ្មី​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ គឺ​លោក​តែងតែ​ផ្តល់​ថវិកា​លើកទឹកចិត្ត​បែបនេះ​ជា​រៀងរាល់​ឆ្នាំ​មិនដែល​ខកខាន​ឡើយ​។​ ព្រោះ​នេះ​ ជា​កាតព្វកិច្ច​របស់​រូប​ខ្ញុំ​ជា​ចៅសង្កាត់​ដែល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ជួយ​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែក​ថ្មី​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114