ព័ត៍មានទាន់​ហេតុការណ៏
Search

ទំនាស់​ដីធ្លី​១​កន្លែង ដែល​ធ្វើ​ឱ្យ​កក្រើក​ពេញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពលរដ្ឋ​ទាំងសងខាង​សំណូមពរ​ឱ្យ​អាជ្ញាធរ​ខេត្ត ដោះស្រាយ​ឱ្យ​បាន​ឆាប់រហ័ស

ប៉ៃលិន ​៖ ​រហូតមកដល់​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​រវាង​គ្នា និង​គ្នា​១​កន្លែង ស្ថិត​ក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូត​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ដាក់គ្នា កាលពី​ពេល​ថ្មីៗ​នេះ ដែល​បណ្តាល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ ឆាយ គា រង​របួស​ដៃ​ខាង​ឆ្វេង ​បានស្នើ​សុំឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ពន្លឿន​ការ​ដោះស្រាយ និង​អន្តរាគមន៍​ឲ្យ​បាន​ឆាប់រហ័ស ផងដែរ។

បើ​តាម​បុរស​ម្នាក់​ឈ្មោះ ឆាយ គា អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យដឹងថា ​៖​ ដី​ខាងលើ គឺជា​ដី​កម្មសិទ្ធិ​ប្រពន្ធ របស់​គាត់ ឈ្មោះ ផាន់ វេត ជា​ដី​របប ដែល​ឯកឧត្តម អ៊ី ឈាន ចែក​ឲ្យ​កាលពី​សម័យ​សមាហរណកម្ម ហើយ​ពេល​គាត់​ចូលទៅ​បង្កបង្កើនផល ក៏​ចាប់ផ្តើម​មានរឿង​ទំនាស់​ជាមួយ​លោក ជុំ កិល មាន​ប្រពន្ធ ឈ្មោះ ផល ឌី​ន ចាប់តាំង​ពី​ឆ្នាំ​២០០៦ រហូតមក លុះ​កាលពី​ឆ្នាំ​២០០៩ ខណៈ​គាត់​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយដី​របស់​ខ្លួន ស្រាប់តែ​ខាង​លោក ជុំ កិល បាន​នាំ​បក្ខពួក មក​ប្រើ​អំពើហិង្សា​ដោយ​ចេតនា ទើប​គាត់​ប្តឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ដាក់ពន្ធនាគារ​តែម្តង។

លោក​បន្ត​ទៀត​ថា ​៖ ​លុះ​មកដល់​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៩ ដោយមាន​សំអាង និង​លិខិតស្នាម​ពាក់ព័ន្ធ​ថា​ជា​ដី​របស់​គាត់ រូបលោក​ក៏​ហៅ​គ្រឿងចក្រ ទៅ​ឈូសឆាយ​បន្ត ស្រាប់​តែមាន​បញ្ហា​ទំនាស់​កើតឡើង​សាជាថ្មី បណ្តាលឱ្យ​ស្ត្រី​ឈ្មោះ ផល ឌី​ន យក​ដំបង​វាយ ធ្វើឱ្យ​របួស​ដៃ​ឆ្វេង​ជា​បន្តទៀត​ផងដែរ។ ក្រោយពេល​កើតហេតុ ក៏មាន​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត យក​ស្ត្រី​ដៃដល់​ទៅកាន់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ប៉ៃលិន តែម្តង។

ចំណែក​លោក ជុំ កិល អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ក៏​បានឱ្យដឹង​ដែរ​ថា​ ៖ ដី​ទំនាស់​ខាងលើ​ជា​ដី​របស់​ខ្លួន ត្រូវ​បាន​មេ​ចែក​ឱ្យ​កាលពី​ឆ្នាំ​១៩៩៣ ដែល​មាន​ទទឹង​២៧​ម៉ែត្រ បណ្តោយ​១៥០​ម៉ែត្រ ហើយ​ត្រូវបាន​លោក ឆាយ គា មក​រំលោភ​យក​ដី ដោយ​ធ្វើ​ការប្តឹង​ម្តង​ហើយ​ម្តងទៀត រហូតដល់​គេ​ចាប់គាត់​ដាក់គុក​អស់​រយៈពេល​ជាច្រើន​ខែ លុះ​រហូតដល់​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ នេះ ស្រាប់តែ​លោក ឆាយ គា បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​បំពាន​លើដី​របស់ខ្លួន​ដដែល លុះ​ពួកគាត់ ចុះទៅ​ការពារ​ដី​របស់​ខ្លូន ក៏​មាន​អំពើហិង្សា កើតឡើង រួម​ឈ្មោះ ឆាយ គា ក៏​ប្តឹង​សមត្ថកិច្ច​អាវុធហត្ថ ចុះ​ឃាត់​ខ្លួន​ប្រពន្ធ​គាត់​តែម្តង។

ចំពោះ​បញ្ហា​ខាងលើនេះ ត្រូវបាន​ភាគី​ទាំងពីរ ក៏​សំណូមពរ​ឱ្យ​អាជ្ញាធរខេត្ត និង​ជំនាញ​ពាក់ព័ន្ធ មេត្តា ជួយ​ដោះស្រាយ និង​អន្តរាគមន៍​ឱ្យ​ពួកគាត់ បាន​ឆាប់រហ័ស​ផង​ដែរ ចំណែក​ប្រជាពលរដ្ឋ​ក៏​កំពុង​រង់ចាំ​មើល តើ​ភាគី​មួយណា​ជា​អ្នក​ត្រូវ ហើយ​មួយ​ណា​ជា​ខុស​ផងដែរ។

សូមបញ្ជាក់ថា​ ៖ ​ករណីនេះ ​ត្រូវបាន​ផ្ទុះ​ការភ្ញាក់ផ្អើល​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក និង​អ្នកយកព័ត៌មាន​ជាច្រើន​នាក់ រហូតដល់​មានការ​ឡាយ​ផ្ទាល់ រហូត​មានការ​អន្តរាគមន៍​ឲ្យ​បញ្ឃប់​ការ​ឈូស​ឆាយដី​នៅ​ចំណុចកើតហេតុ​ខាងលើ​ផងដែរ​៕

ដោយ ៖​សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114