ព័ត៍មានទាន់​ហេតុការណ៏
Search

​អ្នក​ប្រដាល់ Manny Pacquiao ស្រេកឃ្លាន​ខ្លាំង​នឹង​ការប្រកួត​ជាមួយ Keith Thurman នៅ​ថ្ងៃអាទិត្យ​នេះ

រយៈពេល​២៤​ឆ្នាំក្រោយ​ឡើង​ស​ង្វៀង​ប្រដាល់​អាជីព កីឡាករ Manny Pacquiao ចង់​ជំនះ​ពេលវេលា​ដើរទៅ​មុខ នៅ​ថ្ងៃអាទិត្យ​នេះ ពេលដែល​គាត់​ជួប​ជាមួយ​កីឡាករ​គ្មាន​ប្រវត្តិ​ចាញ់​អាមេរិក Keith Thurman នៅ​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBA របស់​ពួកគេ​។

វិ​រ​បុរស​ប្រដាល់​ហ្វីលីពីន​វ័យ​៤០​ឆ្នាំ​ម្នាក់​នេះ នឹង​ត្រូវ​ជួប​ជាមួយ​កីឡាករ Thurman នៅ​លើ​សង្វៀន MGM Grand ស្ថិត​ក្នុង​ទីក្រុង Las Vegas គឺជា​ការប្រកួត​មួយ ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​កិច្ចការ​ដ៏​លំបាក​បំផុត​របស់គាត់ ចាប់​តាំង​ពី​ចាញ់​កីឡាករ Floyd Mayweather នៅ​ការប្រកួត​ប្រចាំ​សតវត្សរ៍ “Fight of the Century”​កាលពី​ឆ្នាំ​២០១៥​។

អ្នក​ប្រដាល់ Pacquiao ដែល​សម្រេច​បាន​ជោគជ័យ​នៅក្នុង​អាជីព​នយោបាយ​នៅ​ក្នុង​ប្រទេស​កំណើត​ហ្វីល​ពី​ន ខណៈ​ពេល​ដែល​លោក​នៅ​បន្ត​អាជីព​ប្រដាល់​នោះ បាន​បង្ហាញ​នូវ​សមត្ថភាព​ដ៏​ស្រួចស្រាល់​របស់​គាត់ ពេល​ឈ្នះ​កីឡាករ Adrien Broner ដោយ​ពិន្ទុ កាលពី​ខែមករា​។

ទោះបីជា​យ៉ាងណាក៏ដោយ ជើងឯក​ពិភពលោក​៨​ស្ថាប័ន​ម្នាក់​នេះ កំពុងតែ​ប្រឈម​នឹង​គូប្រជែង​ជើង​ខ្លាំង Thurman ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា ​ជា​កីឡាករ​កណ្តាប់ដៃ​ដែក ជាមួយនឹង​ប្រវត្តិ​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​២០​លើក​ពី​៣០​ប្រកួត​មិនដែល​ចាញ់​របស់គាត់​។

កីឡាករ Thurman ដែល​មាន​អាយុ​៣០​ឆ្នាំ ពោល​គឺ​ក្មេង​ជាង Pacquiao​រយៈពេល​ជិត​១​ជួរ​នោះ បានចាត់ទុក​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ ថា​ជា​ពេល​ដែល​លោក​ត្រូវ​កសាង​កេរ្តិ៍ឈ្មោះ​សម្រាប់​ខ្លួនឯង ហើយ​លោក​បាន​សន្យា​ថា នឹង​ធ្វើ​ឲ្យ​កីឡាករ Pacquiao​ចូលនិវត្តន៍​ដោយ​អស់ចិត្ត​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114