ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ជំនាញ​ភូមិបាល​ក្រុងប៉ៃលិន លើក​ឡើង​ថា​ សំណង់ផ្ទះ​ល្វែង​(​បុរី​រតនៈ​សា​គី​រ៉ា​) គ្មាន​ច្បាប់​អនុញ្ញាត ហើយ​ការ​ចាក់​បេតុង ចំពោះ​ប្លង់​សេ និង​សសរ មិនបាន​ល្អ ដែល​នាំ​ឲ្យ​សំណង​គ្មាន​គុណភាព

ប៉ៃលិន ​៖ ​សំណង់ផ្ទះ​ល្វែង​(​បុរី​រតនៈ​សា​គី​រ៉ា​) ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ត្រូវ​មន្ត្រី​ជំនាញ​ភូមិបាល​ក្រុងប៉ៃលិន លើកឡើងថា ជា​សំណង់​ផ្ទះល្វែង ដែល​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​ការរៀបចំ​ចាក់​បេតុង ចំពោះ​ប្លង់​សេ និង​សសរ ក៏​មិន​បានល្អ ដែល​នាំ​ឲ្យ​សំណង់​បាត់បង់​គុណភាព មិនអាច​ទទួលយកបាន​។ ការលើកឡើង​បែបនេះ ខណៈពេល​អ្នកយក​ព័ត៌មាន​កម្ពុ​ជាថ្មី​បាន​ចោទសួរ​តាម​ទូរស័ព្ទ​ទៅ​លោក ញ៉ែម វណ្ណា ប្រធានការិយាល័យ​ភូមិបាល​ក្រុងប៉ៃលិន កាលពី​វេលា​ម៉ោង​១១​និង​១៤​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ នេះ។

លោក ញ៉ែម វណ្ណា ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុងប៉ៃលិន មាន​ប្រសាសន៍​ឲ្យ​ដឹងថា ​៖ សំណង់​ជាច្រើន​ក្នុង​ក្រុងប៉ៃលិន ត្រូវបាន​អភិបាលរង​ខេត្ត​ទទួលបន្ទុក​សំណង់ ដឹកនាំ​មន្ត្រី​ជំនាញ​ជាច្រើន​នាក់ ចុះ​ត្រួតពិនិត្យ កាលពីពេល​ថ្មីៗ​នេះ ចង់ដឹង​អំពី​គុណភាព​សំណង់ ដែល​កំពុង​ដំណើរការ​សាងសង់​នៅ​ខេត្ត​ប៉ៃលិន ហើយ​ចំពោះ​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ដែរ ក៏​មាន​សំណង់​មួយចំនួន​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​មួយ​ចំនួន​ទៀត កំពុង​រៀបចំ​ឯកសារ​ច្បាប់​ផង​ដែរ។ លោក​ប្រធាន​ការិយាល័យ​ភូមិ​ក្រុងប៉ៃលិន បាន​លើកឡើង​បន្ត​ទៀត​ថា ​៖​ ចំពោះ​សំណង់​ផ្ទះល្វែង​(​បុរី​រតនៈ​សា​គី​រ៉ា​) ដែលមាន​ម្ចាស់​សំណង់​ឈ្មោះ ផឹង សុ​ភី ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន គឺជា​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ គ្មាន​ប្លង់​ស្ថាបត្យកម្ម និង​គ្មាន​អ្នកបច្ចេកទេស នៅចាំ​ត្រួតពិនិត្យ​គុណភាព​សំណង់ បណ្តោយ​ឲ្យ​ក្រុម​ជាង​មិនទាន់​ចុះបញ្ជី​ក្រុម​ជាង​សំណង់ ឬ​ក្រុមហ៊ុន​សំណង់ នៅ​ធ្វើការ​តែ​ឯកឯង ហើយ​ចំពោះ​ការចាក់​បេតុង ក៏​មិន​បានល្អ ចំពោះ​ប្លង់​សេ និង​សសរ​ជាច្រើន​ដើម ដែល​ប្រការ​នេះ​នាំ​ឲ្យ​សំណង់​គ្មាន​គុណភាព និង​មិនអាច​ទទួលយកបាន។ លោក​ក៏បាន​បញ្ជាក់ដែរថា ​៖ ករណី​នេះ​មន្ត្រី​ជំនាញ​ភូមិបាល បានរៀបចំ​ឯកសារ បញ្ជូនទៅ​មន្ទីរ​រៀបចំ​ដែនដី នគររូបណីយកម្ម និង​សំណង់​ខេត្ត​ប៉ៃលិន ដើម្បី​ចាត់ការ​បន្ត​ផង​ដែរ។

តាម​ប្រភព​ព័ត៌មាន ពី​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ក្នុង​ខេត្ត​ប៉ៃលិន បាន​លើក​ឡើង​ថា ​៖ ​សំណង់ ដែល​គ្មាន​ច្បាប់​អនុញ្ញាត អាចមាន​ច្រើនជាង​នេះ ព្រោះ​សំណង់​ខ្លះ​ជា​សំណង់​របស់​ឧកញ៉ា​ធំៗ ជួន​កាល​គេ​អាច​រត់​ច្បាប់​នៅ​ថ្នាក់ជាតិ ដែល​ថ្នាក់​ខេត្ត​មិនបាន​ដឹង ហើយ​សំណង់​ខ្លះ​ទៀត​ជា​សំណង់​ដែល​សាងសង់​រួច ប៉ុន្តែ​មិន​ធ្វើ​ច្បាប់​ត្រឹមត្រូវ។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរខេត្ត និង​មន្ទីរជំនាញ មេត្តា​ចុះ​ត្រួតពិនិត្យ​សំណង់​ដែល​កំពុង​សាងសង់​នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ​ត្បូង​+​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ព្រោះ​អាចជា​សំណង់​ដែល​គ្មាន​ច្បាប់ ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង​ផងដែរ។

សូមបញ្ជាក់ថា​ ៖ បើ​យោង​តាម​លិខិត​លេខ ០៧៩/១៩ ចុះ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ គោរព​ជូន​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន របស់​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ប៉ៃលិន ដែល​ស្តីពី​របាយការណ៍ របស់​ក្រុមការងារ ចុះ​ពិនិត្យ​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត និង​សំណង់​មានច្បាប់​អនុញ្ញាត​នៅក្នុង​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់ថា សំណង់​ដែលមាន​ច្បាប់​អនុញ្ញាត​មាន​ចំនួន​៥​គម្រោង និង​សំណង់​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​​មាន​ចំនួន​៤​គម្រោង ហើយ​ចំពោះ​សំណង់ផ្ទះ​ល្វែង បុរី​រតនៈ​សា​គី​រ៉ា គឺ​នៅតែ​ដំណើរការ​សាងសង់​រហូត​មកដល់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ដោយ​មិនទាន់មាន​វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ៕

ដោយ ៖ សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114