ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្ញុង ប្រកាស​ចូល​រោងការ​ខែសីហា​ តែ​នាយ កៃ​ដ បែរជា​ត្រូវ​ជួប​រឿង​ស៊យ​

​ភ្នំពេញ ​៖​ បន្ទាប់ពី​ស្រលាញ់គ្នា​រហូត​ធ្វើ​ពិធី​សែនព្រេន​យកគ្នា​ជា​ប្តី​-​ប្រពន្ធ​ពេញមុខ​មហាជន​ និង​បាន​រួមរស់​ក្រោម​ដំបូល​ផ្ទះ​តែមួយ​អស់​រយៈពេល​ប្រមាណ​២​ឆ្នាំ​មកនេះ​ តារា​កំប្លែង​ស្រី​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ​នាង ខ្ញុង ថ្មីៗ​នេះ ​បែរជា​ប្រកាស​ពី​គម្រោង​រៀបការ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន​។​

ការប្រកាស​ដោយ​បើកចំហ​​ពី​ពិធី​អាពាហ៍ពិពាហ៍​របស់​តារា​ស្រី​អ្នកនាង​ខ្ញុង នេះ​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ជាថ្មី​នូវ​ចំណង​អាពាហ៍ពិពាហ៍​រវាង​នាង​និង​លោក កៃ​ដ នោះទេ គឺ​ថែមទាំង​ធ្វើ​ឲ្យ​មហាជន​មួយចំនួន​កើតជា​ចម្ងល់​សួរនាំ​ថា តើ​ជា​ការពិត​ឬមួយ​យ៉ាងណា​?​មិនតែប៉ុណ្ណោះ​ក៏​មានការ​លើកឡើងថា ​ហេតុអ្វី​ចាំបាច់​រៀបការ​ធ្វើ​អ្វី​ទៀត​បើ​បានជា​សែនព្រេន​រស់នៅ​ជាមួយគ្នា​ជា​ប្តី​-​ប្រពន្ធ​ហើយ​នោះ។

ជាមួយគ្នា​​​នៃ​ការ​បង្ហោះ​ភ្ជាប់​ជាមួយ​សំបុត្រ​រៀប​អាពាហ៍ពិពាហ៍​ពី​សំណាក់​តារា​កំប្លែង​សម្បូរ​វោហារ​ស័ព្ទ​អ្នកនាង ខ្ញុង នា​អំឡុង​ខែសីហា​ឆ្នាំ​២០១៩​ខាងមុខនេះ, ​សាមីខ្លួន​រូប​នេះ ​ក៏បាន​បង្ហាញ​អារម្មណ៍​មិនសូវ​សប្បាយចិត្ត​ផងដែរ​ ខណៈដែល​ប្តី​របស់​នាង​គឺ​នាយ កៃ​ដ បាន​ជួប​គ្រោះថ្នាក់​ចៃដន្យ​មួយ​បណ្តាល​ឲ្យ​មាន​បញ្ហា​ជើង​ទាំងពីរ​។​

រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​របស់​នា​យ កៃ​ដ អ្នកនាង ខ្ញុង បាន​បញ្ជាក់​ដោយ​ខ្លី​បែបនេះ​ថា ​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ហើយនឹង បែរ​ជា​ធ្វើ​អញ្ចឹង​ៗ​។​ ដោយ​មិន​បង្អង់​យូរ​ភ្លាមៗ​នោះ ​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ចោទសួរ​ជា​សំនួ​រថា​តើ​នាយ កៃ​ដ កើត​អ្វី​?​គ្រោះថ្នាក់​អ្វី​ដែរ​?​។​ឆ្លើយ​នឹង​សំនួរ​នេះ​អ្នកនាង ខ្ញុង បាន​ឲ្យ​ដឹងថា​ មកពី​លេង​កីឡា​ខុស​បច្ចេកទេស​បងប្អូន​។​

ថ្វីត្បិតតែ​មានការ​ប្រកាស​ជា​សាធារណៈ​ពី​សំណាក់​តារា​កំប្លែង​ស្រី​អ្នកនាង ស្រេង សុ​កាន់​ដា (​ខ្ញុង​)​ប្រាប់​ពី​គម្រោង​រៀបការ​នៅក្នុង​ខែសីហា​ខាងមុខនេះ​ក៏ពិតមែន ​ប៉ុន្តែ​គេ​នៅ​ពុំទាន់​ដឹង​ច្បាស់​ទេ​ថា​នេះ​ជា​អាពាហ៍ពិពាហ៍​របស់​នាង​និង​នាយ កៃ​ដ ពិត​ឬមួយ​គ្រាន់តែ​បង្ហោះ​លេង​ដើម្បី​ចង់បាន​ចំណាប់អារម្មណ៍​ពី​មហាជន​នោះទេ៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114