ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ បញ្ជូន​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​លើ​ផ្ទៃ​ទឹក ទៅកាន់​តុលាការ​

​បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប ត្រូវបាន​សមត្ថកិច្ច​ នៃ​ការិយាល័យ​ជំនាញ បញ្ជូន​ទៅ​តុលាការ​ហើយ កាល​ពី​ល្ងាច​មិញ​នេះ បន្ទាប់​ពី​ទទួលបាន​ចម្លើយសារភាព​រួចមក។​

គួរ​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ វេលា​ម៉ោង៥និង៣០នាទីល្ងាច កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ឯក​ភ្នំ​ បាន​ចុះ​ប្រតិបត្តិការ​ទៅកាន់​ចំណុច​ភូមិ រាជ​ដូន​កែវ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​លើ​ករណី​ជាក់ស្តែង។​

ជនសង្ស័យ​រូបនេះ​មានឈ្មោះ ឆាយ ឆើត ភេទ​ប្រុស អាយុ២២ឆ្នាំ រស់នៅ​ត្រង់ចំណុច​ខាងលើ ព្រម​ទាំង​បាន​ដកហូត​នូវ​វត្ថុតាង​មួយ​ចំនួន​ដូចជា ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៨​កូន​ថង់ មាន​ទម្ងន់ ២,២០ក្រាម និង ទូរស័ព្ទដៃ១គ្រឿង​។​

លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ ស្តីទី​បាន​បញ្ជាក់​ថា ​បន្ទាប់ពី​ទទួលបាន​នូវ​ចម្លើយ​សារភាព​រួច​មក គឺ​នៅ​ល្ងាច​មិញ​នេះ កម្លាំង​របស់​លោក​បាន​ចាត់​បញ្ជូន​ជនសង្ស័យ ​រួម​នឹង​វត្ថុ​តាង ទៅកាន់​សាលាដំបូង​ហើយ ដើម្បី​ចាត់ការ​តាមច្បាប់៕

ដោយ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114