ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​សណ្តោង​១​គ្រឿង ​បួង​ច​ង្កូត​ខុសផ្លូវ​ ធ្លាក់ចូល​ស្នាមភ្លោះ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ដំណើរ​

កែប ៖ រថយន្ត​ប្រភេទ​សណ្ដោង​ខ្នាត​ធំ​មួយគ្រឿង ដោយសារ​បួង​ចង្កូត​គេច​រថយន្ត​មួយគ្រឿង​ទៀត​ដែល​កំពុងបើក​ជែង​ក្នុងទិសដៅ​ផ្ទុយគ្នា ស្រាប់តែ​ជ្រុល​ចង្កូត​ធ្លាក់ចូល​ស្នាមភ្លោះ​ក្រឡាប់​ចាក់​ក្រួស​ថ្ម​ចោល​ពាសពេញ​ចញ្ចើម​ផ្លូវ ដោយហេតុ​ការណ៍​នេះ​ក៏បាន​ធ្វើ​ឲ្យ​អ្នកបើកបរ​រងរបួស​មធ្យម​ផងដែរ​។​

គ្រោះថ្នាក់​បង្កដោយ​ខ្លួនឯង​ខាងលើ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៩ ត្រង់ចំណុច​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

ទាក់ទិន​នឹង​គ្រោះថ្នាក់​ខាងលើ សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​ប្រភេទ​សណ្តោង​ខាងលើ​ម៉ាក ហ៊ី​យ៉ាន់​ដាយ ពណ៌​ស ទ្រុង​ ពាក់​ស្លាក​លេខ ភ្នំពេញ 4A-6401 និង​ស្លាក​លេខ​ក្បាល​រថយន្ត ភ្នំពេញ 3E-8319 ផ្ទុក​ដោយ​ថ្ម​ក្រួស​ពេញ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​មធ្យម លុះ​មកដល់​ចំណុចកើតហេតុ​ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​បើក​មកពី​លិច​ ហើយ​ជែង​ចូលមក​ចំណែក​ផ្លូវ​របស់​ខ្លួន ទើប​អ្នកបើកបរ​រថយន្ត​សណ្ដោង​បួង​ចង្កូត​គេច ​រួច​ក៏​ជ្រុល​ធ្លាក់ចូល​ស្នាមភ្លោះ​ក្រឡាប់ចាក់​ថ្ម​ក្រួស​ចោល​តែម្តង​។​

សមត្ថកិច្ច​បាន​បន្តថា អ្នកបើកបរ​ឈ្មោះ វ៉ន សុខ​គង់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​កួច ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។​

បច្ចុប្បន្ន អ្នកបើកបរ​ដែល​រង​របួស ​ត្រូវបាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ភ្លាមៗ​៕

ដោយ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114