ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រកាស​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ ​៖​ លោក បុរី វង្ស​សា​និត្យ អនុប្រធាន​នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួង​ប្រកាស​តែងតាំង ជា​ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ខណៈដែល​ លោក ណុប ហេង ប្រធាន​មន្ទីរ​ចាស់ ត្រូវ​បាន​ក្រសួង​ផ្លាស់ប្ដូរ ​និង​ផ្ទេរ​ភារកិច្ច​ឲ្យ​ទៅ​បម្រើការ​នៅ​ទីស្ដីការ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ដើម្បី​រង់ចាំ​ទទួល​ភារកិច្ច​ថ្មី។

ពិធី​ប្រកាស​នេះ ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៩​ ខែកក្កដា ​ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ព្រះសីហនុ ក្រោម​វត្តមាន​ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​មក​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​យ៉ាង​ច្រើន​កុះករ។

មាន​ប្រសាសន៍​នៅ​ក្នុងឱកាស​នេះដែរ លោក​ គួច ចំរើន អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក ណុប ហេង អ​តី​ត​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ដែល​កន្លងមក​លោក​បាន​ខិតខំ​អនុវត្ត​ការងារ សម្រេច​បាន​នូវ​ស្មា​ដៃ​ធំៗ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា មាន​ដូចជា ផ្លូវថ្នល់ ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ផ្លូវទឹក ការ​គ្រប់គ្រង​ប្រព័ន្ធ​លូ អូរ ប្រឡាយ និង​ ទឹក​កខ្វក់​បាន​ល្អ។

នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ថ្មី​នេះ​ដែរ លោក គួច ចំរើន បាន​ផ្ដាំផ្ញើ​ ដោយ​សូមឲ្យ​លោក​ប្រធាន​មន្ទីរ​ថ្មី ប្រកាន់​ភ្ជាប់​នូវ​សាមគ្គី​ជា​ធ្លុង​មួយ​សម្រេច​បាន​នូវ​ស្នាដៃ​ធំៗ​បន្តទៀត និង​អនុវត្ត​នូវ​អភិក្រម​របស់ ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ និង​បាវចនា​ពីរ​បន្ថែម​ទៀត គឺ​កែទម្រង់​ខាង​ក្នុង និង​បង្កើន​មិត្ត​ខាងក្រៅ។

លោក​អភិបាលខេត្ត​បាន​លើកឡើងថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខេត្ត​ព្រះសីហនុ ទទួល​បាន​ការ​អភិវឌ្ឍ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​សំណាក់​វិនិយោគិន​បរទេស ជាពិសេស​វិនិយោគិន​ចិន ជាហេតុ​ធ្វើឲ្យ​ខេត្ត​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស លើ​គ្រប់​វិស័យ។ ភាព​រីកចម្រើន​នេះ​ បាន​ជំរុញ​ឲ្យ​មាន​កំណើនប្រជាពលរដ្ឋ​មកពី​តាម​បណ្ដា​ខេត្ត ក្រុង​ផ្សេងៗ​មក​ធ្វើការ និង​ប្រកប​របរ​រកស៊ី​ទៅតាម​ជំនាញ និង​សមត្ថភាព​ដែល​ខ្លួន​មាន។ ខេត្ត​ព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៩ ក្នុងនោះ​៥ កំពុង​តែ​ដំណើរការ ដែលមាន​រោងចក្រ សហគ្រាស​តូច ធំ​សរុប​ចំនួន​២១០​កន្លែង សិប្បកម្ម​ចំនួន​១.០៣៧​កន្លែង និង​អាជីវកម្ម​ផ្សេងៗ​ជាច្រើន​ទៀត បាន​ស្រូបយក​កម្លាំង​ពលកម្ម​ប្រមាណ​ជា​៨១.៤៧៥​នាក់ ក្នុង​នោះ​ស្រី​មាន​ប្រមាណ​ជា៥០​ភាគរយ។

បច្ចុប្បន្ននេះ ខេត្ត​ព្រះសីហនុ មាន​អ្នក​វិនិយោគិន​ចិន ​ស្ថិតក្នុង​លំដាប់​លេខ​១ ដែល​មក​ធ្វើការ​វិនិយោគ រកស៊ី​ក្នុង​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ និង​ទេសចរណ៍។

ទន្ទឹម​នោះ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏មាន​ការរីកចម្រើន​យ៉ាងខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ និង​កំពុង​ដើរតួ ក្នុងការ​ស្តុក ផ្ទេរ និង​ដឹកជញ្ជូន​ទំនិញ​ជា​កុងតឺន័រ​ចេញ ចូលក្នុង​ប្រទេស​ប្រមាណ​ជា​៧៣​ភាគរយ។ ខេត្ត​ព្រះសីហនុ មាន​ព្រះ​ព្រលានយន្តហោះ​អន្តរជាតិ នាពេល​បច្ចុប្បន្ន កំពុង​ប្រតិបត្តិការ​មាន​ក្រុមហ៊ុន​អាកាសចរណ៍ ចំនួន​១៤​ក្រុមហ៊ុន ក្នុងស្រុក​៥​ក្រុមហ៊ុន (​មាន​ជើង​ហោះហើរ​៥​ជើង ​ក្នុង​មួយថ្ងៃ​) និង​ក្រុមហ៊ុន​ហោះហើរ​អន្តរជាតិ​មាន​៩​ក្រុមហ៊ុន (​ហោះហើរ ២៥​ជើង​ក្នុង​មួយថ្ងៃ​) និង​មាន​ការ​ហោះហើរ​ជា​អន្តរជាតិ​ទៅកាន់​ប្រទេស​វៀតណាម​, ម៉ាឡេស៊ី​, ថៃ​, ពិសេស​ប្រទេស​ចិន មាន​រហូត ២៥​ទីក្រុង។

​មាន​ប្រសាសន៍​នៅក្នុង​ពិធី​តែងតាំង​ប្រធាន​មន្ទីរ​ថ្មី​នេះដែរ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ ដឹក​ជញ្ជូន​មានប្រសាសន៍ បានធ្វើ​ការណែនាំ​ដល់​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ថ្មី ត្រូវ​ខិតខំ​បំពេញ​ការងារ សហការ​សាមគ្គីភាព​ផ្ទៃក្នុង ជាមួយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​គោល​នយោបាយ​កែទម្រង់ ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់ ច្បាប់ និង​លិខិត​បទដ្ឋាន​នានា តាម​គោលការណ៍​ក្រសួង និង​តាម​គណៈបញ្ជាការ​ឯកភាព​ខេត្ត ឲ្យ​មាន​ប្រសិទ្ធភាព គណនេយ្យភាព និង​តម្លាភាព ក្នុងការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ឲ្យ​​កាន់​តែ​មាន​ការ​រីកចម្រើន​បន្ថែមទៀត៕

ដោយ ៖ ស៊ុយ ចាន់​ធា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114