ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ក្រុង​ខេត្ត​ព្រះសីហនុ ការ​អនុវត្ត​ច្បាប់​សំណង់​ហាក់​នៅ​មាន​កម្រិត​

ព្រះសីហនុ ​៖​ សំណង់​ជាច្រើន​កន្លែង​នៅ​លើ​ទឹកដី​ក្រុង ខេត្ត​ព្រះសីហនុ​ភាគច្រើន ​ត្រូវ​បាន​គេ​មើល ឃើញ​ថា ​មិន​មាន​ច្បាប់​អនុញ្ញាត​អ្វី​នោះ​ទេ ប៉ុន្តែ​នៅតែ​អាច​ធ្វើ​ការសាងសង់​បាន​យ៉ាងសកម្ម​ គួរ​ឲ្យ​កត់​សម្គាល់។ ចំណុច​នេះ​ ស.បញ្ជាក់​ឲ្យ​ឃើញ​ថា​ ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដូចជា​មិន​មាន​ការ​ទទួល​ខុសត្រូវ​អ្វី​បន្តិច​សោះ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ ​គឺ​សំណង់​មួយ​ចំនួន​ ត្រូវ​បាន​បង្កើត​គណៈកម្មការ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ និង​ធ្វើការ​ហាមឃាត់​បញ្ឈប់​ការសាងសង់​ភ្លាមៗ​ផងដែរ បន្ទាប់ពី​ដឹង​ថា សំណង់​នោះ​ មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ តែ​ជា​លទ្ធផល​សំណង់​នោះ​ផ្អាក​ការសាងសង់ បាន​រយៈពេល​៤​ទៅ​៥​ថ្ងៃ​ប៉ុណ្ណោះ ក៏​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ឡើងវិញ​យ៉ាង​រលូន​ ដោយ​គេ​មិនដឹងថា​ ម្ចាស់​សំណង់​នោះ​គាត់​ប្រើប្រាស់​មន្តអាគម ឬ​វិធីសាស្ត្រ​បែបណា​នោះ​ទេ ​ទើប​អាច​ធ្វើ​ការសាងសង់​ឡើង​វិញ​បាន។

ជាក់ស្ដែង​ដូចជា​ការដ្ឋាន​សំណង់​មួយ​កន្លែង​ តំបន់​រំដួល​ជើងភ្នំ ស្ថិតក្នុង​ភូមិ​លេខ០៣ សង្កាត់​លេខ០១ ក្រុងព្រះសីហនុ​គ្មាន​ច្បាប់​អនុញ្ញាត ដែល​មន្ត្រី​អាជ្ញាធរ ក្រុង​.​ខេត្ត​ព្រះសីហនុ អះអាងថា​បានធ្វើ​ការ​ហាម​ឃាត់​បញ្ឈប់​ការសាងសង់​ចំនួន​រហូត​ទៅ​ដល់​៣​លើ​ក​រួច​ទៅហើយនោះ ឥឡូវ​បានចាប់ផ្តើម ដំណើរការ​សាងសង់​វិញ​យ៉ាង​រំភើយ​គួរ​ឲ្យ​កត់​សម្គាល់។

លោក សន កុសល អភិបាលរងក្រុង​ព្រះសីហនុ ជុំវិញ​សំណង់​ខាង​លើ​នេះ​ បាន​ធ្វើការ​បញ្ជាក់​ថា សំណង់​នេះ​ ត្រូវ​បាន​លោក​ដឹកនាំ​ក្រុង​ការងារ ចុះទៅ​ធ្វើការ​ហាមឃាត់​ម្តង​ទៀតហើយ នា​រសៀល​ថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ​២០១៩ និង​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​សាងសង់​បន្តទៀត​ទេ ដោយ​បញ្ហា​នេះ លោក អ៊ី សុខឡេង អភិបាលក្រុង​ព្រះសីហនុ​បានចេញ​បញ្ជា​ឲ្យ​ធ្វើ​ការចាប់​ឃាត់​គ្រឿងចក្រ ដែល​កំពុង​ធ្វើ​សកម្មភាព​បុក​សសរ​គ្រឹះ​ជាក់ស្ដែង​រំលោភបំពាន​លើ​ដី​ឆ្នេរសមុទ្រ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​រួម​នឹង​សម្ភារៈ​សំណង់​មួយចំនួន​ នាំយកមក​រក្សាទុក​នៅ​សាលាក្រុង ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ប៉ុន្តែ​ក្រោយមក ដោយមាន​ការយោគយល់ លោក​អភិបាល​ក្រុងព្រះសីហនុ ក៏បាន​សម្រេច​អនុញ្ញាត ឲ្យ​ម្ចាស់​គ្រឿងចក្រ​យកចេញ​ដោយ​ខ្លួន​ឯង​ឲ្យ​អស់ពី​ការដ្ឋាន​ខាងលើ ដោយ​កំណត់​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៩ ទៅ​ថ្ងៃទី​២២ ​ខែ​កក្កដា ​ឆ្នាំ​២០១៩​។

​ក្នុងករណី​មិន​អនុវត្ត​តាម​ រដ្ឋបាល​ក្រុង​ នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​ មិនមាន​ការយោគយល់​ទៀត​នោះឡើយ​។​

គួរបញ្ជាក់​ផងដែរ​ថា​ ដី​តំបន់​រំ​ដួល​ជើងភ្នំ ផ្នែក​ជាប់​ម៉ាត់​សមុទ្រ​ត្រង់ចំណុច​ការដ្ឋាន​សំណង់​ខាង​លើ​នេះ ត្រូវបាន​មន្ត្រី​ភូមិបាល​ក្រុងព្រះសីហនុ ធ្វើការ​អះអាង​ថា ​ដី​ចំណុច​ខាងលើនេះ​ មិនមាន​កន្លែង ណា​មួយ​មាន​ប្លង់​កម្មសិទ្ធិ​នោះ​ទេ ហើយក៏​មិនអាច​ធ្វើ​ប្លង់​កម្មសិទ្ធិ​បានដែរ​ ពីព្រោះ​ជា​ដី​ឆ្នេរសមុទ្រ​របស់​រដ្ឋ ហើយ​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​កាន់កាប់​ដី តំបន់​ខាងលើ​ទាំងអស់​សុទ្ធ​សឹង​បំពាន​ច្បាប់​ទាំង​ស្រុង​ផង​ដែរ ​ដូចនេះ មានរឿង​អ្វី​ដែល​អាច​ធ្វើ​ការសាងសង់​បាន៕

ដោយ ៖ កោះពស់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114