ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋាភិបាល​កូរ៉េខាងត្បូង នឹង​ជួយ​សាងសង់​អគារ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​សុខាភិបាល​ទំនើប​ នៅ​កម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង​ នឹង​ជួយ​សាងសង់​អគារ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​សុខាភិបាល​ទំនើប​ជា​លើកដំបូង​នា​ពេល​ឆាប់ៗ​នេះ ​ដើម្បី​លើកកម្ពស់​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ និង​ការងារ​ស្រាវជ្រាវ​លើ​ផ្នែក​វេជ្ជសាស្ត្រ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

​លោក​សាស្ត្រាចារ្យ ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ អគារ​មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ​សុខាភិបាល​ទំនើប​នេះ ​គ្រោង​នឹង​ចំណាយ​ថវិកា​សាងសង់​សរុប​ជាង​៧៦​លាន​ដុល្លារ ​ក្នុងនោះ​ថវិកា​របស់​រាជរដ្ឋាភិបាល​មាន​ចំនួន​១០​លាន​ដុល្លារ​អាមេរិក​។​

​ថ្លែង​នៅក្រោយ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​អូ ណាក់​យ៉ង់ ឯកអគ្គរដ្ឋទូត​កូរ៉េ ​ប្រចាំ​ប្រទេស​កម្ពុជា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ធ្វើ​យ៉ាង​ណា​ជួយ​ជំរុញ​ឲ្យ​ការសាងសង់​អគារ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​សុខាភិបាល​នេះ​ឲ្យ​ដំណើរ​ការ​ឲ្យ​បាន​លឿន​ពិសេស​ឲ្យ​បាន​រួចរាល់​នៅមុន​ឆ្នាំ​២០២៣​ខាងមុខនេះ​ ដែល​ប្រទេស​កម្ពុជា​ ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀត​ថា​ ការ​មាន​អគារ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​សុខាភិបាល​នេះ​ គឺជា​ការ​បំពេញ​បន្ថែម​នូវ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដែល​ឈាន​ទៅ​នឹង​ប្រដំប្រសងគ្នា​ជាមួយ​សាកល​វិទ្យាល័យ​នៅ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​ដែលមាន​និយាម​ខ្ពស់​ និង​លក្ខណៈ​អន្តរជាតិ​។​

លោក​អូ​ ណាក់​យ៉ង់​ បានលើកឡើង​ថា​ លោក​ក៏មាន​បំណង​ចង់​ឲ្យ​មានការ​សាងសង់​អគារ​សាកល​វិទ្យាល័យ​សុខាភិបាល​នេះ​ឲ្យ​បាន​ឆាប់​ដែរ​ តែ​មុនពេល​សាងសង់​យើង​ត្រូវការ​ជ្រើសរើស​ទីប្រឹក្សា​គម្រោង​សម្រាប់​ត្រួត​ពិនិត្យមើល​ការអនុវត្ត​ការសាងសង់ ​ព្រោះថា​កូរ៉េ​ធ្វើ​អ្វីមួយ​មាន​ភាព​ច្បាស់​លាស់​ និង​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សំណង់​មានគុណ​ភាព​ខ្ព​ស់​សុវត្ថិភាព​ស្រប​ទៅ​តាម​ស្តង់ដារ​។​

​លោក​សាស្ត្រាចារ្យ សា​ផុន ​វឌ្ឍនៈ ​សកលវិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ធ្លាប់​បាន​មានប្រសាសន៍ថា ​មន្ទីរពេទ្យ ​នៃ​សាកលវិទ្យាល័យ​សុខាភិបាល​នេះ​ នឹង​សាងសង់​នៅ​ទី​តាំង​ទី​៣ ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ហាយ​ណូយ​រាជធានី​ភ្នំពេញ​។​

​លោក​សាស្ត្រាចារ្យ​បាន​បន្តថា​ មន្ទីរពេទ្យ​ នៃ​សាកលវិទ្យាល័យ​សុខាភិបាល​នេះ​បង្កើតឡើង​ក្នុង​គោល​បំណង​ ដើម្បី​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​និស្សិត​ពេទ្យ​ និង​ជា​កន្លែង​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ផង​ដែរ​។​

លោក​សាស្ត្រាចារ្យ​រំពឹង​ថា ​នៅពេល​មន្ទីរពេទ្យ​នេះ​ សាងសង់ ​និង​ដាក់​ឲ្យ​ដំណើរការ​នោះ​ នឹង​ជួយ​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ផ្នែក​សុខាភិបាល​ឲ្យ​កាន់​តែមាន​ជំនាញ​ខ្ពស់​ថែមទៀត ផ្តល់ ​និង​ពង្រឹង​សេវា​សុខាភិបាល​ដល់​ប្រជាពលរដ្ឋ​កាន់តែ​មាន​គុណភាព ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​គ្លីនិក​ដែល​មន្ទីរពេទ្យ​បាន​រក​ឃើញ​។​

​យោងតាម​ស្ថានទូត​កូរ៉េខាងត្បូង​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កូរ៉េខាងត្បូង តាមរយៈ​មូលនិធិ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (EDCF) នឹង​ផ្តល់​ប្រាក់កម្ចី​ប្រមាណ ៦៦,៥៧​លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​មន្ទីរពេទ្យ​ នៃ​សាកលវិទ្យាល័យ​សុខាភិបាល​ដែលមាន​គ្រែ​ចំនួន​២០០ ជាមួយ​បរិក្ខារ​ពេទ្យ​មាន​បច្ចេកវិជ្ជា​ខ្ពស់​ ដើម្បី​បណ្ដុះបណ្ដាល​កម្លាំង​ពលកម្ម ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ជាមួយ​គុណភាព​ល្អ​នៃ​ការអប់រំ ក៏ដូចជា​ការ​ផ្តល់​មក​នូវ​សេវា​សុខភាព​ដែល​មាន​គុណភាព​ខ្ពស់។​

ការជួយ​សាងសង់​អគារ​មន្ទីរពេទ្យ​ គឺ​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជា​លំដាប់​សម្រាប់​កម្មវិធីសិក្សា​គ្លីនិក​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​រួម និង​រួមបញ្ចូល​គ្នា ដើម្បី​ផ្តល់​បទពិសោធន៍​ព្យាបាល​បន្ថែមទៀត​ជាមួយ​កំណើន​អ្នកជំងឺ​កាន់តែច្រើន​សម្រាប់​គ្រូពេទ្យ​ដូចជា​និស្សិត​ពេទ្យ ក្នុងការ​បណ្តុះបណ្តាល​។​

​រដ្ឋាភិបាល​កូរ៉េខាងត្បូង​រំពឹងថា ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​សេវា​វេជ្ជសាស្ត្រ​ទំនើប​តាមរយៈ​ការផ្គត់ផ្គង់​និង​ការដំឡើង​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប​និង​ប្រព័ន្ធ​ព័ត៌មាន​របស់​មន្ទីរ​ពេទ្យ​។​

​សូមបញ្ជាក់ថា មូលនិធិ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (EDCF) ត្រូវបាន​បង្កើតឡើង ដោយ​រដ្ឋាភិបាល​កូរ៉េ​នៅ​ឆ្នាំ​១៩៨៧ ដើម្បី​លើកកម្ពស់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ជាមួយ​ការអភិវឌ្ឍ​ពិភពលោក និង​ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុងការ​សម្រេចបាន​ឧស្សាហូបនីយកម្ម និង​ស្ថិរភាព​សេដ្ឋកិច្ច​តាម រយៈ​ការផ្តល់​ឲ្យ​នូវ​ឥណទាន​ដែលមាន​រយៈពេល​យូរ និង​ការប្រាក់​ទាប​ដែល​ពេល​បច្ចុប្បន្ននេះ ធនាគារ​នាំចេញ​-​នាំចូល​របស់​ប្រទេស​កូរ៉េ ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​គ្រប់​គ្រង​មូលនិធិ​នេះ​។​

​លោក​សាស្ត្រាចារ្យ​ម៉ម​ ប៊ុនហេង ​បាន​បញ្ជាក់ថា ​ក្រៅពី​ជួយ​កសាង​អគារ​មន្ទីរពេទ្យ​សាកលវិទ្យា​ល័យ​ហើយ​នៅ​ឆ្នាំនេះ​កូរ៉េខាងត្បូង​បាន​ជួយ​ដល់​ផ្នែក​សុខភាព​មាតា​ទារក ​និង​សម្ភព​កុមារ​នៅ​ខេត្ត​មណ្ឌលគិរី​ ដែល​ខេត្ត​ដាច់ស្រយាល​ និង​មាន​ជនជាតិភាគតិច​រស់នៅ​ច្រើន ​និង​ជួយ​សង់​អគារ​មន្ទីរពេទ្យ​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ផង​ដែរ​៕​

ដោយ ៖ សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114