ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ ​សម្រេច​បិទ​អាជីវកម្ម​មួយ​កន្លែង​របស់​ជនជាតិ​ចិន ​ដែល​បាន​បើក​ប្រកប​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ

ភ្នំពេញ ​៖​ ឃ្លាំង​ស្តុក​ទំនិញ​របស់​ជនជាតិ​ចិន​ពីរ​កន្លែង​ជាប់​គ្នា​ ដែល​សង្ស័យ​ថា​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះ ​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​ ចុះ​បិទ​ផ្អាក​ជាបន្ទាន់។

ប្រតិបត្តិការ​ ចុះ​បិទ​ផ្អាក​ឃ្លាំង​ស្តុក​ទំនិញ​របស់​ជនជាតិ​ចិន​​ ដែល​ធ្វើ​ឡើង​​​កាលពី​ព្រលប់​ថ្ងៃ​ទី​១៩​ ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ ​ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ដូនពេញ ​​ដោយ​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ រួម​ជាមួយ លោកស្រី នាយិកា​​ទីចាត់ការ​អន្តរ​វិស័យ​រាជធានី​ភ្នំពេញ លោកស្រី ប្រធាន​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ រាជធានី​ភ្នំពេញ និង តំណាង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ​ តំណាង​សាខា​កាំកុងត្រូល ​​ចុះ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​យីហោ​​(​បណ្ដុំ​រថយន្ត​ទំនើប​អន្តរជាតិ​ពាន់​លាន​)​ ដែល​មាន​ទីតាំង​ផ្ទះ​លេខ ៨៨ ដែល​មាន ទីតាំងនៅ​បណ្ដោយ​មហាវិថី​ព្រះនរោត្ដម ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដោយ​ម្ចាស់​អាជីវកម្ម​ខាងលើ ជា​ជន​ជាតិ​ចិន បាន​នាំ​យក​ទំនិញ​ជា​កញ្ចប់​ធំៗ និង​​ទឹក​ប៊ីដុង​មួយ​ចំនួន យក​មក​ប្រកប​អាជីវកម្ម ដោយ​ពុំ​មាន​ច្បាប់​ត្រឹមត្រូវ។

លោក​សុខ​ ពេញ​វុ​ធ​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ដូនពេញ​ បាន​មាន​ប្រសាសន៍​ថា ​លទ្ធផល​ក្រុម​ការងារ​ចម្រុះ​ បាន​ពិនិត្យ​ឃើញ​ថា ​ទី​១ ស្លាក​យីហោ​មិន​ត្រឹមត្រូវ​ដោយមាន​ខ្លឹមសារ​ស្ដាប់​មិនបាន “​បណ្ដុំ​រថយន្ត​ទំនើប​អន្តរជាតិ​ពាន់​លាន​” និង​អក្សរ​មិន​ត្រឹមត្រូវ​តាម​សេចក្តី​ណែនាំ របស់​រដ្ឋបាល​រាជធានី​ភ្នំ​ពេញ ទី​២​ទីតាំង​ប្រកប​អាជីវកម្ម​នេះ ​ពុំ​ទាន់​មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ​(​ចំនួន​២​ទីតាំង​)​ ទី​៣​ទីតាំង​នេះ ​ពុំ​ទាន់​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម​ឡើយ ​ទី​៤ ក្រុមការងារ​បាន​បើក​កញ្ចប់​ទំនិញ និង​ពិនិត្យ​សារធាតុ​ទឹក​នៅ​ក្នុង​ប៊ីដុង​ រួមមាន​ជញ្ជីង​ថ្លឹង​ទំនិញ​ចំនួន​០១​ គ្រឿង ម្សៅ​ទឹកដោះគោ​ចំនួន​០៥​កេស​ សាច់​បាក់​យ៉ុង​ចំនួន​០៤​កេស ដំណាប់​ស្វាយ​ចំនួន​០៥​កេស​ ដំណាប់​ម្នាស់​ចំនួន​០៥​កេស ដំណាប់​ ប៊ី​រី ចំនួន​០៥​កេស​ ដំណាប់​ប៊ី​រី​មាន​គ្រាប់​ចំនួន​១០​កេស ដំណាប់​ស្វាយ​មាន​គ្រាប់​ចំនួន​១០​កេស ដំណាប់​ផា​សិន​ចំនួន​១០​កេស យ៉ាអួ​ចំនួន​១០​កេស គ្រាប់​ស្ករ​ខ្មៅ​ចំនួន​១០ កេស ម្សៅ​មី​ចំនួន​០២​កេស គ្រឿងផ្សំ​ប៊័រ​ធ្វើ​នំ​ចំនួន​០២កេស ​និង​ស្ករ​ទឹក​ចំនួន​០៥​ប៊ីដុង។

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ បន្ទាប់ពី​បាន​ត្រួតពិនិត្យ​រួចមក ​ក្រុមការងារ​បាន​សម្រេច​ដែល​ទី​១- ម្ចាស់​អាជីវកម្ម​ត្រូវ​រុះ​ស្លាក​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​ចំនួន​០៥​ថ្ងៃ ហើយ​ត្រូវ​ទៅ​ចុះបញ្ជី​ពាណិជ្ជកម្ម​ឲ្យ​បាន​ត្រឹមត្រូវ និង​សុំច្បាប់​អនុញ្ញាត​ទីតាំង​មុននឹង​បើក​ដំណើរការ​អាជីវកម្ម ទី​២ -​សម្រេច​បិទ​ទីតាំង​អាជីវកម្ម​នេះ​ទាំងស្រុង​(២​ទីតាំង​) ដោយ​រក្សាទុក​ទំនិញ​ខាងលើ​ទាំងអស់​នៅ​ក្នុង​ទីតាំង​ដដែល រង់ចាំ​ថ្ងៃ​សៅរ៍​ទី​២០ ​ខែ​កក្កដា ​ឆ្នាំ​២០១៩ មន្ត្រី​ជំនាញ​កាំកុងត្រូល​យក​រថយន្ត​ឡាបូ ចល័ត ​មក​ត្រួតពិនិត្យ​លទ្ធផល​ដើម្បី​រក​សារធាតុគីមី​ហាមឃាត់។

អាជ្ញាធរ​ខណ្ឌ​ដូនពេញ ​បាន​បញ្ជាក់ថា ​លទ្ធផល​ចុះ​ពិនិត្យ​ទំនិញ​របស់​ជនជាតិ​ចិន​នៅ​ថ្ងៃ​សៅរ៍ ១៤​រោច ខែ​អាសាឍ ឆ្នាំកុរ​ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែ​កក្កដា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​៩ និង​០០​នាទី​ព្រឹក​ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ដូនពេញ​ បាន​បន្ត​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ រួម​ជាមួយ​លោកស្រី នាយិកា​ទីចាត់ការ​អន្តរ​វិស័យ​រាជធានី​ភ្នំពេញ លោកស្រី ប្រធាន​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ រាជធានី​ភ្នំពេញ​ តំណាង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ តំណាង​សាខា​កាំកុងត្រូល ព្រមទាំង​មាន​រថយន្ត​ពិសោធន៍​ចល័ត ​​​បន្ត​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​ ដែល​ក្រុមការងារ​បាន​ឃាត់ទុក​កាលពី​ម្សិលមិញ​ មាន​ទីតាំង​ផ្ទះ​លេខ ៨៨ បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ស្ថិត​នៅក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដោយ​ម្ចាស់​អាជីវកម្ម​ខាងលើ ជា​ជន​ជាតិ​ចិន បាន​នាំ​យក​ទំនិញ​ជា​កញ្ចប់​ធំៗ និង និង​ទឹក​ប៊ីដុង​មួយ​ចំនួន យក​មក​ប្រកប​អាជីវកម្ម ដោយ​ពុំ​មាន​ច្បាប់​ត្រឹមត្រូវ។

ជា​លទ្ធផល​ក្រុមការងារ​ បាន​ពិនិត្យ​ឃើញ​ថា​ ទី​១- ម្ចាស់​អាជីវកម្ម​ បាន​សហការ​យ៉ាង​ល្អ និង​កំពុង​រុះរើ​ស្លាក​អាជីវកម្ម​របស់​ខ្លួន ដែល​ក្រុមការងារ​បាន​ណែនាំ​កាលពី​ម្សិលមិញ​ ទី២- បានសម្រេច​បិទ​អាជីវកម្ម នេះ​ទាំងស្រុង​ ដោយ​មូលហេតុ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ទី​៣-​ ក្រោយ​ពិនិត្យ​លើ​សំណាក​ចំនួន​០៧​មុខ លើ​ទំនិញ​ចំនួន​១៨​មុខ​ឃើញ​ថា ​ពុំ​មាន​សារធាតុ​គីមី ឬ​សារធាតុ​ញៀន នោះ​ទេ ទំនិញ​នៅសល់​ចំនួន​១១ មុខ​ទៀត​ត្រូវ​បញ្ជូន​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍​ធំ ក្នុង​ករណី​ពិនិត្យ​ទៅ​ឃើញ​ថា ​ទំនិញ​ទាំង​១១ មុខ នោះ​មាន​ភាព​មិន​ប្រក្រតី ម្ចាស់​ទំនិញ ​ត្រូវ​ប្រគល់​ទំនិញ​ទាំង​នោះ​មក ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដោយ​ឥត​លក្ខខណ្ឌ និងត្រូវ​ទទួលទោស​ចំពោះ​មុខ​ច្បាប់។

៤-​ចំពោះ​លទ្ធផល​ទំនិញ​ទាំង​១១​មុខ​ នឹង​បង្ហាញ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍ ក្នុង​ករណី​ប្រសិនបើ​គ្មាន​បញ្ហា​នោះ​ទេ​ អាជ្ញាធរ​នឹង​ប្រគល់​សម្ភារៈ​ទាំងនោះ​ជូន​ម្ចាស់​ទំនិញ​វិញ​ទាំង​អស់៕

ដោយ ៖ រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114