ព័ត៍មានទាន់​ហេតុការណ៏
Search

នី សុ​ភី ជួប ផេ​ត ឆាត​ឆៃ ឯ​ឈាន ហុង ជួប​ឈួ​ក មង្គល ​នៅ​លើ​សង្វៀន​ឆេន​ពាន​

​នី សុ​ភី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា និង​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​ផេ​ត ឆាត​ឆៃ (Phat Chh artchhai ) ត្រូវគេ​ផ្គូ​ឲ្យ​ជួប​សាក​កណ្តាប់ដៃ​គ្នា នា​យប់​ថ្ងៃអាទិត្យ​ ទី​២១​ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​ឆេ​ម​ពាន​របស់​SEATV។​

​នេះ​ជា​ជំនួប​លើក​ទី​១ របស់​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ។ ពួកគេ​ជួបគ្នា​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម។ ផេ​ត ឆាត​ឆៃ​នេះ ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នេះ​ទេ​កន្លង​មក។

អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កម្ពស់​ខ្ពស់​មិន​ដល់​ នី សុ​ភី​ ទេ តែ​ផេ​ត ឆាត​ឆៃ​នេះ បើ​តាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង​នោះ​ថា ម្នាក់នេះ ​វាយ​រាង​កាច​ និង​ ខ្លាំង តែ​យ៉ាងណា​សម្រាប់​ការ​មក​ប៉ះ​ជាមួយ​ នី សុ​ភី នៅ​សង្វៀន​SEATV​នេះ មិនដឹងថា​អ្នក​ប្រដាល់​ថៃ​រូបនេះ ឈ្នះ ​ឬក៏​ចាញ់​នោះ​ឡើយ?​។

នី សុ​ភី ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្ត​ប្រដាល់​ធំ ហ៊ាន​វាយ​ប្តូរ​ជាមួយ​គូប្រកួត​ដោយ​មិន​ញញើត​នោះ​ឡើយ ដើម្បី​ប្តូរ​យកជ័យ​ជម្នះ​នៅពេលដែល​ស្ថានភាព​ប្រកួត​របស់គេ​មាន​សភាព​ចាញ់​ប្រៀប​គូ​ប្រកួត គឺ​គេ​ប្តូ​រហើយ។

​ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​លើក​នេះ ក្រុមអ្នកវិភាគ​ប្រដាល់​ក្នុងស្រុក​នៅតែ​រំពឹងថា ផេ​ត ឆាត​ឆៃ​ទំនងជា​មិនអាច​ឈ្នះ​នី សុ​ភី នោះឡើយ ព្រោះ​នី សុ​ភី ពេលនេះ​មាន​កម្លាំង​កាយសម្បទា​រឹងមាំ មិន​ដូច​ពីមុន​នោះឡើយ។ ​សុ​ភី ប្រកួត​លើកចុងក្រោយ​នេះ គេ​វាយ​ឈ្នះ​ផា ខាវ ដោយ​ពិន្ទុ។

​ផេ​ត ឆាត​ឆៃ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៣​លើក ឈ្នះ​៦៥​លើក ចាញ់​១៧​លើក និង​ស្មើ​ពិន្ទុ​១លើក។ ឯ នី សុ​ភី គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៦៧​លើក ឈ្នះ​១២៧​លើក ចាញ់​២៨​លើក និង​ស្មើ​ពិន្ទុ​១២​លើក ។ ដូច្នេះ ចាំមើល​តើ​ផេ​ត ឆាត​ឆៃ អាច​តស៊ូ​ជាមួយ​នី សុ​ភី បាន​ឬ​អត់​នោះ?។

​ចំពោះ ឈាន ហុង អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង នៃ​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​ត្រូវ​ជួប​ប្រកួត​សាក​កណ្ដាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​ឈ្មោះ ឈួ​ក មង្គល​(Chhuok Mongkul) ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​នោះ ប្រហែលជា​ពិបាក​ក្នុងការ​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ។​

​ឈួ​ក មង្គល នេះ ជា​ជើង​ខ្លាំង​នៅ​ប្រទេស​ថៃ។ នេះ​បើតាម​ប្រតិភូ​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ប្រាប់អោយដឹង ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នេះ​ទេ។ ឈួ​ក មង្គល មាន​កំណត់​ត្រ​ប្រកួត​ចំនួន​៧១​លើក ដោយ​វាយ​ឈ្នះ​៦០​លើក ចាញ់​១១​លើក និង​មិនដែល​ស្មើ ខណៈ​ដែល​ឈាន ហុង គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩២​លើក ក្នុងនោះ​ឈ្នះ​៧៣​លើក ចាញ់​១៦​លើក និង​ស្មើ​០៣​លើក។​

​ទោះជា​យ៉ាងណាក្តី ឈាន ហុង គេ​ធ្លាប់​ជួប​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មកហើយ។ ដូច្នេះ​សម្រាប់​ការ​ជួប​ប្រកួត​ជាមួយ​ឈួ​ក មង្គល​នេះ ប្រហែលជា​មិនមាន​បញ្ហា​អ្វី​ចោទ​សម្រាប់​រូបគេ​នោះទេ។ តែ​យ៉ាង​ណា អ្នកលេង​កែង​ឈាន ហុង អាច​នឹង​ជួប​ការលំបាក​ដែរ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ដំឡូង​មូល​ដូច​អ្នក​ប្រដាល់​មុនៗ ដែល​គេ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​កន្លងមក​នោះឡើយ។​

​ចាំមើល ឈាន ហុង យកឈ្នះ ឈួ​ក មង្គល នេះ​ឬ​អត់?។ ​ការប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​របស់​ឈាន ហុង គឺ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ផេ​ត​ណា​ម​ង៉ា​ម (Phetchnamngam)​ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា ​ឆ្នាំ​២០១៩​កន្លងមក។​

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ធឿន វី​ថា​ត់ អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់​វែង ត្រូវ​ជួប​ប្រកួត​ជាមួយ ធា នុ​រាជ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍។ ពួកគេ​ទាំងពីរ​ជួប គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។ រវាង​ពីរ​នាក់​នេះ តាម​ការ​សន្និដ្ឋាន​នោះ ធា នុ​រាជ ប្រហែលជា​មិន​ឈ្នះ​ ធឿន វី​ថា​ត់​ នោះទេ។​

​ពុទ្ធ សំបូរ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ស្រករ​ក្រោយ ជ័រ ពៅ ក្លិប​ថ្មគោល​ពោធិ៍​សែន​ជ័យ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ សំបូរ ថ្វីត្បិតតែ​ជើងចាស់ ប៉ុន្តែ​មិន​ប្រាកដ​ថា ​ឈ្នះ​ ជ័រ ពៅ នោះ​ឡើយ។​

​ចំណែក សេក សារ៉ាន់ អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប នឹង​ជួប​ប្រកួត​ជាមួយ លីន សេង​ហុង អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥១​គីឡូក្រាម។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​ពីមុនមក​។ ចាំមើល រវាង​ លីន សេងហុង និង​ សេក សារ៉ាន់ តើ​នរណា​ជា​អ្នក​ឈ្នះ?៕

ដោយ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114