ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា ​មិនទាន់បាន​មេដាយ​នៅក្នុង​ការចូលរួម​កីឡា​សិស្ស​អាស៊ាន​នៅឡើយ​

​កម្ពុជា​ នៅ​មិនទាន់​ដណ្ដើមបាន​មេដាយ​នៅឡើយ​ទេ នៅក្នុង​ការចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សិស្ស​អាស៊ាន​លើក​ទី​១១​ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ខណៈដែល​ឥណ្ឌូនេស៊ី​ដែលជា​ម្ចាស់ផ្ទះ​ប្ដេជ្ញា​រក​ឲ្យ​បាន​មេដាយ​នៅ​លំដាប់​ទី​១​នោះ។​

​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​សិស្ស​អាស៊ាន​លើក​ទី​១១ ​ឆ្នាំ​២០១៩ “11th ASEAN School Games 2019 ” បានចាប់ផ្ដើម​ពីថ្ងៃ​ទី​១៧ ដល់ ២៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ Semareng – Central Java ប្រទេស​ឥណ្ឌូ​នេស៊ី។​

​សម្រាប់​ព្រឹត្តិការណ៍​នេះ កីឡា​ចំនួន​៩​ប្រភេទ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ដែល​ក្នុងនោះ​រួមមាន​អត្តពលកម្ម វាយ​សី​បាល់បោះ បញ្ច​សីលា​(Pencak Silat) សី​ប៉ា​ក់តា​ក្រ ហែល​ទឹក វាយ​កូន​បាល់ វាយ​កូនឃ្លី​លើ​តុ និង បាល់ទះ។ តែ​សម្រាប់​កម្ពុជា បាន​បញ្ជូន​កីឡា​ចំនួន៥ប្រភេទ ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ដែល​ក្នុងនោះ​មាន​អត្តពលកម្ម ហែល​ទឹក វាយ​សី វាយ​កូន​បាល់ និង វាយ​កូនឃ្លី​លើ​តុ ដែលមាន​ប្រតិភូ​សរុប៥៦នាក់​។​

​សម្រាប់​ការប្រកួត​លើក​នេះ លោក ស សុខា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា​ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​សិស្ស និស្សិត​កម្ពុជា ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​សិស្ស​អាស៊ាន (ASSC) ក្នុង​អាណត្តិ​ឆ្នាំ​២០២០-២០២១​។ ការតែងតាំង ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​បច្ចេកទេស​ក្រុមប្រឹក្សា​កីឡា​សិស្ស​អាស៊ាន​លើក​ទី​៧៣ និង​គណៈកម្មការ​ក្រុមប្រឹក្សា​គ្រប់គ្រង​កីឡា​សិស្ស​អាស៊ាន​លើក​ទី​៥៦​នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី​១៨​កក្កដា៕

ដោយ ៖ ​វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114