ព័ត៍មានទាន់​ហេតុការណ៏
Search

ថៃ​ទាំងពីរ ​ឡើង​ទៅ​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គូ​បូ​តា

​​ទីបំផុត អ្នក​ប្រដាល់​ថៃ​ទាំង​ពីររូប ត្រូវបាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​គូ​បូ​តា ទម្ងន់​៦៣,៥០០​គីឡូក្រាម​ហើយ គឺ​អ្នក​ប្រដាល់​ថៃ​ហ្វា​នី​មិត្ត វី​រី​យ៉ាក​ហ្វា​ម​(Fanimit Viriyakfarm) ក្រោយពី​គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​កម្ពុជា​ចាន់ ប៊ុន​ហឿន ក្លិប​និរោធ​មានជ័យ ក្នុង​ទឹក​ទី​២ ក្នុង​ការប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កាលពី​យប់​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​ស្ទឹងមានជ័យ​នោះ។

ចាន់ ប៊ុន​ហឿន ត្រូវ ហ្វា នី​មិត្ត ទាត់​ចំ​កញ្ចឹងក បណ្តាលឲ្យ​ដួលសន្លប់​លែង​ក្រោក ដែល​ធ្វើឲ្យ​ ហ្វា​នី​មិត្ត ទទួលបាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ត្រូវ​ជួប​ជាមួយ​អ្នកឈ្នះ​ដែល​ជា​ថៃ​ដូចគ្នា គឺ​យុគ ផេ​ត ផេ​ត​កា​សាម​(Yokphetch Phetch karsam)។​

យុគ ផេ​ត ផេ​ត​កា​សាម ក្នុង​ការប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដោយ​ពិន្ទុ​ប្រផុតប្រផើយ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។ ជា​ការ​សោកស្ដាយ​ចំពោះ​ផល សោ​ភ័​ណ្ឌ ដែល​មិនបាន​ទៅ​ប្រកួត​ដណ្ដើម ​ថា​នៈ​ ជើងឯក​លេខ​១ ដោយ​សារ​តែ​ចាញ់​ យុគ ផេ​ត ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ។​

​ការ​ចាញ់​របស់​អ្នក​ប្រដាល់​កម្ពុជា​ទាំងពីរ​នាក់​នេះ បាន​ធ្វើ​ឲ្យ​ពួកគេ​ទាំងពីរ ត្រូវ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដែរ តែ​ក្នុង​ ថា​នៈ​ វាយ​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​៣​ប៉ុណ្ណោះ។ ចំណែក អ្នក​ប្រដាល់​ថៃ​ហ្វា​នី​មិត្ត វី​រី​យ៉ាក​ហ្វា​ម និង យុគ ផេ​ត ផេ​ត​កា​សាម គេ​ទាំងពីរ​នឹង​ជួប​គ្នា​ប្រកួត​ដណ្តើម​យក​ចំណាត់ថ្នាក់​ជើងឯក​គូ​បូ​តា​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

ចំពោះ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ សំខាន់ ប៉ាវ​ចិន អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ចាញ់ រិ​ទ្ធ ប៊ុន​ម៉ៅ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ដោយ​ពិន្ទុ។ វ៉ន វ៉ុ​ន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា វាយ​ឈ្នះ រឿន ឈី អ្នក​ប្រដាល់​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀមរាប ដោយ​ពិន្ទុ​ដែរ។ រីឯ ណាត ប៊ុន​ល័​ក្ខ អ្នក​ប្រដាល់​ក្លិប​កំរៀង​សែន​ជ័យ ខេត្ត​បាត់ដំបង វាយ​ចាញ់ សាន វាសនា អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ​ក្នុង​ទឹក​ទី​២៕

​ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114