ព័ត៍មានទាន់​ហេតុការណ៏
Search

មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ចូលរួម​ចូល​ជា​សមាជិក​ឲ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​

​ភ្នំពេញ ​៖​ មន្ត្រី​ជាន់ខ្ពស់ នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ចូលរួម​ចូល​ជា​សមាជិក​ឲ្យ​បាន​ច្រើន​ថែមទៀត​ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ឲ្យ​មាន​និរន្តរភាព​។​

​ថ្លែង​ក្រោយ​កម្មវិធី​ចុះឈ្មោះ​ជា​សមាជិក​គាំទ្រ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​របស់​គណៈ​គ្រប់គ្រង​ និង​បុគ្គលិក​វី​តា​ល់ ​កាលពី​ថ្ងៃទី​១៨​កក្កដា​កន្លងទៅនេះ ​នៅ​រោងចក្រ​ផលិត​ទឹក​វី​តា​ល់ ​លោកស្រី ងួន សុខា ​នាយិកា​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ​និង ​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​មានប្រសាសន៍ថា​ ការ​អំពាវ​នេះ​ដោយសារ​តែ​បច្ចុប្បន្ន​នេះ​ មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥​សាខា​មានការ​ខ្វះ​ខាត​ថវិកា​ជាច្រើន​សម្រាប់​ធ្វើ​ប្រតិបត្តិការ​មន្ទីរពេទ្យ​ដែល​ត្រូវ​ចំណាយ​ក្នុង​១​ឆ្នាំៗ​ប្រមាណ​ជិត​៥០​លាន​ដុល្លារ​ ខណៈ​រាជរដ្ឋាភិបាល​ រួម​ទាំង​ថវិកា​មកពី​សប្បុរសជន​ផ្សេងៗ​ទៀត​ បាន​ជួយឧបត្ថម្ភ​ប្រមាណ​តែ​២០​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

​លោកស្រី​បាន​បន្ត​ថា ​ការ​ចូល​ជា​សមាជិក​នៅ​ក្នុង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ បាន​កាន់​តែ​ច្រើន​នេះ ​នឹង​ជួយ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​ អាច​មាន​លទ្ធភាព​ក្នុង​ការ​ជួយសង្គ្រោះ​ ដល់​កុមារ​កម្ពុជា​ឲ្យ​បាន​ពេញ​លេញ​ ខណៈ​មន្ទីរពេទ្យ​នេះ​ទទួល​ពិគ្រោះ​ជំងឺ​កុមារ​ប្រមាណ​២​ពាន់​នាក់ ​និង​សម្រាក​ពេទ្យ​៥០០​នាក់​ក្នុង​១​ថ្ងៃៗ​។​

​​លោកស្រី​បាន​បន្ថែមទៀតថា​ ចាប់តាំងពី​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ បាន​បង្កើត​មក​រយៈពេល​ជាង​មួយ​ឆ្នាំ​មកនេះ​បានទទួល​ថវិកា​ពី​សមាជិក ​និង​សប្បុរសជន​នានា​បាន​ជាង​៣០​លាន​ដុល្លារ​អាមេរិក​ ដែល​ថវិកា​នេះ​ នៅ​មាន​ការ​ខ្វះខាត​ជាច្រើន​ទៀត​ព្រោះ​ក្នុង​១​ឆ្នាំៗ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ត្រូវការ​ថវិកា​សម្រាប់​ដំណើរការ​ជួយសង្គ្រោះ​ដល់​កុមារ​ប្រមាណ​ជិត​៥០​លាន​ដុល្លារ​អាមេរិក​។ ​ដូចនេះ​ ត្រូវការ​មានការ​ចូលរួម​ពី​យើងទាំងអស់គ្នា​ខ្មែរ ​ជួយ​ខ្មែរ​ទេ ​ទើប​អាច​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឲ្យ​បាន​នៅ​គង់វង្ស​។​

លោកស្រី​បាន​បញ្ជាក់ថា ​លោកអ្នក​អាច​ចុះឈ្មោះ​ចូល​ជា​សមាជិក​គាំទ្រ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដោយ​ទាក់ទង​ផ្ទាល់​ទៅ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​មាន​ទីតាំងនៅ​ក្រសួង​សេដ្ឋកិច្ច ឬ​ទាក់ទង​តាម​លេខ​ទូរស័ព្ទ 061701111 ហើយ​អ្នក​ដែល​ចូល​ជា​សមាជិក​ធម្មតា​ត្រូវ​បង់​ប្រមាណ​៥​ពាន់​រៀល ​ក្នុង​១​ខែ ​តែ​បើ​ចូល​ជា​សមាជិក​កិត្តិយស​ត្រូវ​បង់​ក្នុង​១​ឆ្នាំ​៥​ពាន់​ដុល្លារ​។ ​ប៉ុន្តែ​បងប្អូន​អាច​ចូល​ជា​សមាជិក​៥​ឬ​១០​ឆ្នាំ​ឬ​១០០​ឆ្នាំ​ក៏បាន​ដែរ​។

​ជាក់ស្ដែង ​បុគ្គលិក និង​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​វី​តា​ល់​ មាន​អ្នកខ្លះ​ចូល​១១​ឆ្នាំ​ ឬ​១០០​ឆ្នាំ​ ក៏​មាន​។​

​លោកស្រី​ជឹ​ង សុគន្ធា​វី អគ្គ​នាយិកា​ក្រុមហ៊ុន វី​តា​ល់ ​បាន​មានប្រសាសន៍ថា​ កម្មវិធី​ចុះឈ្មោះ​ ជា​សមាជិក​គាំទ្រ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​របស់​បុគ្គលិក ​និង​គណៈ​គ្រប់គ្រង​វី​តា​ល់ ​ជាង​៨០០​នាក់​នេះ គឺ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្ដើម ​នៃ​ការ​សហការ​រវាង​វី​តា​ល់ និង​មូលនិធិ​គន្ធបុប្ផា​ប៉ុណ្ណោះ​ហើយ វី​តា​ល់​មានការ​តាំងចិត្ត​ក្នុងការ​ចូលរួម​បង្កើតជា​គម្រោង​សហការ​​ជាច្រើន​បន្ថែម​ទៀត​ ដើម្បី​បរិច្ចាគ និង​ផ្សព្វ​ផ្សាយ ពី​គោលការណ៍​ នៃ​មូលនិធិ​ឲ្យ​កាន់តែ​ទូលំទូលាយ​ក្នុង​ប្រទេស​កម្ពុជា​។

​លោកស្រី​សង្ឃឹមថា ​នឹង​មាន​ក្រុមហ៊ុន ឯកជន​ដទៃទៀត​អនុវត្ត​តាម ​វី​តា​ល់ ដោយ​ណែនាំ​បុគ្គលិក​ឲ្យ​ចូល​ជា​សមាជិក​គាំទ្រ​ទៅ​មូលនិធិ គន្ធបុប្ផា​កម្ពុជា​ហើយ​ស្របពេល​ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ ក៏​អាច​ចូលរួម​ចុះឈ្មោះ​ជា​សមាជិក​គាំទ្រ​ច្រើនជាង​១​ឆ្នាំ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន អាច​១៥​ឆ្នាំ ឬ ១០០​ឆ្នាំ​ផងដែរ។​

​លោក​ឧកញ៉ា ឡាវ វ៉ាន់ សមាជិក​ក្រុមប្រឹក្សាភិបាល ​នៃ​ក្រុមហ៊ុន​វី​តា​ល់​ បាន​មានប្រសាសន៍ថា​ ការ​ដែល​គណៈ​គ្រប់គ្រង​ និង​បុគ្គលិក​វី​តា​ល់​ ចូល​ជា​សមាជិក​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​នេះ​ គឺ ​ដើម្បី​ចូល​រួម​ចំណែក​មួយ​ក្នុង​ការជួយ​ដល់​សង្គម​ពិសេស​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​បាន​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយសង្គ្រោះ​ដល់​កុមារ​ដែល​មាន​ជំងឺ​ហើយ​មន្ទីរពេទ្យ​មួយ​នេះ​អាច​ទ្រទ្រង់​ និង​ដំណើរការ​បាន ​គឺ​អាស្រ័យ​ដោយមាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សប្បុរសជន ​និង​វិស័យ​ឯកជន​នានា​ផង​ដែរ​។​

​លោក​ឧកញ៉ា​ បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ និង​ស្ថាប័ន​នានា ​ជួយ​ជំរុញ​បុគ្គលិក​របស់​ខ្លួន​ ចូល​ជា​សមាជិក​មូលនិធិ​គន្ធបុប្ផា​ឲ្យ​ច្រើន ដើម្បី​ឲ្យ​មន្ទីរពេទ្យ​នេះ ​មានលទ្ធភាព​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​ឲ្យ​មន្ទីរពេទ្យ​នេះ​ អាច​មាន​លទ្ធភាព​សង្គ្រោះ​ដល់​កុមារ​កម្ពុជា​ជួយ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​យើង​ទោះបីជា​តិច ​ឬ​ច្រើន​ក៏​វា​ជា​ការ​ធ្វើបុណ្យ​ដោយ​ផ្ទាល់​មួយ​ជាមួយ​អ្នកជំងឺ​ពិតប្រាកដ​៕

ដោយ ៖ ​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114