ព័ត៍មានទាន់​ហេតុការណ៏
Search

ឃើញ​ទូរស័ព្ទ​គេ​ចេញពី​ហោប៉ៅ​ខោ រពឹសដៃ ​លួច​ឆក់​ ​គេ​ស្រែក​ចោរៗ​ ដួល​ម៉ូតូ ​ប្រជាជន​នាំគ្នា​ចាប់​ប្រគល់​ឲ្យ​ប៉ូលិស​

​ភ្នំពេញ​ ៖ បុរស​ទំនើង​២​នាក់ ​បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​ពី​អ្នកដំណើរ​ម្នាក់​បានសម្រេច​ហើយ​ ប៉ុន្តែ​ទំនងជា​ភ័យ​ស្លន់ស្លោ​ពេក​ នៅ​ពេលឮ​ជនរងគ្រោះ​ស្រែក​ចោរៗ​ ក៏​ដួល​ម៉ូតូ​ប្រកាច់​តាមផ្លូវ​ហើយ​ត្រូវបាន​ប្រជាជន​នាំគ្នា​ជួយ​ចាប់បាន​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ទុក​ប្រគល់ឲ្យ​យ​ប៉ូលិស​មូល​ដ្ឋាន​ចាត់ការ​តាមច្បាប់​។​

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៦២ ស្ថិត​ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

ពេល​ប៉ូលិស​សួរនាំ​ពួកគេ​បាន​ប្រាប់ថា ពួកខ្លួន​ឈ្មោះ ចែម វិ​សុ​ទ្ឋ ហៅ​សុ​ទ្ឋ អាយុ​១៨​ឆ្នាំ គ្មាន​មុខរបរ ស្នាក់នៅ​បន្ទប់​ផ្ទះជួល​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់ទៀត​ឈ្មោះ ហែម ចាន់​នឿន ហៅ​ទយ អាយុ​២០​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ផ្ទះជួល​នៅ​ភូមិ​ឫស្សី​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ភ្នំពេញ​។​

ប៉ូលិស​និយាយថា នៅ​មុនពេល​កើតហេតុ ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៦ ពេល​ជិះ​មកដល់​ចំណុចកើតហេតុ​ជនសង្ស័យ​ទាំង​២នាក់​ខាងលើ​ឃើញ​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ​អ៊ូ ដា​រ៉ា​ឡា​លែ​ន ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ មុខរបរ​គ្រូបង្រៀន មាន​ទីលំនៅ​ក្នុងភូមិ​កើត​ហេតុ​ខាងលើ នៅក្នុង​ហោប៉ៅ​ខោ​ខាងឆ្វេង​ លៀន​ចេញមកក្រៅ​បន្តិច ក៏​នាំគ្នា​ធ្វើ​សកម្មភាព​លួច​ឆក់​យក​ទូរស័ព្ទ​របស់​ជនរ​ង​គ្រោះ ដោយ​ឈ្មោះ ចែម វិ​សុ​ទ្ឋជា​អ្នកបើក ឯ ឈ្មោះ ហែម​ ចាន់​នឿន ​ជា​អ្នក​ឆក់យក​។​

ជនរងគ្រោះ​បាន​បញ្ជាក់ថា​ នៅពេល​ជនល្មើស​យក​ទូរស័ព្ទ​របស់​នាង​បាន​ហើយ​ នាង​ក៏បាន​ស្រែក​ចោរៗ​ ដើម្បីឲ្យ​គេ​ជួយ​ចាប់​ ភ្លាមៗ​នោះ​ ក្រុមចោរ​ភ័យ​ស្លន់ស្លោ​ជិះ​ម៉ូតូ​គេច​លឿន​ពេក ​ក៏​ដួល​ម៉ូតូ​នៅ​ក្បែរ​កន្លែងកើតហេតុ ប្រជាជន​ឃើញ​ ក៏​នាំគ្នា​ជួយ​ចាប់ខ្លួនបាន​ទាំង​២​នាក់​តែម្តង​។ ក្រោយមក​ប៉ូលិស​មូល​ដ្ឋាន​បានមក​ដល់​នាំខ្លួន​ក្រុមចោរ​យកទៅ​សួរនាំ​ និង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

ដោយ ៖ សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114