ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះ​ពិនិត្យ មើល​ការងារ​បង្កបង្កើនផល និង ដោះស្រាយ​បញ្ហា​ចំ​បាច់ ជួប​គ្រោះរាំងស្ងួត​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណាំ​ចំការ​និង ស្រូវស្រាល​ដើមរដូវ​

ភ្នំពេញ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា ព្រឹក​ថ្ងៃ​សៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ មើល​ការងារ​បង្កបង្កើនផល និង ដោះស្រាយ​បញ្ហា​ចំ​បាច់ ជួប​គ្រោះរាំងស្ងួត​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណាំ​ចំការ​និង ស្រូវស្រាល​ដើមរដូវ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អម​ដំណើរ​ដោយ​សហការី បាន​ទៅ​បំពេញបេសកកម្ម​រយៈ​ពេល ០២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២០-២១ ខែកក្កដា ទៅកាន់​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្តសៀមរាប ដើម្បី​ពិនិត្យ​តាមដាន​លើ​ការងារ​បង្កបង្កើនផល និង​ជាពិសេស​ចុះ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ចំ​បាច់​ចំពោះ​មុខ​របរ​របស់​បង ប្អូន​ប្រជាកសិករ​ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវស្រាល​ដើមរដូវ និង​ដំណាំ​ចំការ​មួយចំនួនទៀត​។

ក្រសួង​បន្ត​ថា តាម​កម្មវិធី​ដូចដែល​បាន​គ្រោង​ទុកជា​បន្តបន្ទាប់​ដូចខាងក្រោម ខេត្តពោធិ៍សាត់​ កម្មវិធី​ទី​០១: លោក រដ្ឋមន្ត្រី និង​សហការី បាន​ចុះ​ទៅ​ពិនិត្យ​បន្លែ​សុវត្ថិភាព របស់​កសិករ ជា សេង​លឿង នៅ​ភូមិ​អូរ​ថ្កូវ សង្កាត់​រលា ក្រុង​ពោធិ៍សាត់ ដែល​កំពុង​ដាំ​បន្លែ​លើ​ផ្ទៃដី ៥​ហិត​តា មាន​ដំឡូង​មី សណ្តែក​គួ ត្រឡាច ត្រប់ ននោងជ្រុង​។​ល​។ ក្នុង​០១ លើក​អាច​រក​កម្រៃ​បាន ៨-១០ លាន​រៀល (​ក្នុង ០១​លើក​មាន​រយៈ​ពេល ៤៥​ថ្ងៃ​)​។ បច្ចុប្បន្ន​បាន​រៀបចំ​ចងក្រង​ជា​សហគមន៍​ផលិត​បន្លែ​បាន ២៧​គ្រួសារ ដោយ​រៀបចំ​កម្មវិធី​ដាំ​ដុះ​ទៅតាម​តម្រូវការ​ទីផ្សារ​។

ជា​មតិ​សហគមន៍ ពួកគាត់​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​គិតគូរ​ពី​ការ​ផ្គត់ផ្គង់​អគ្គិសនី​បូម​ទឹក បញ្ចុះតម្លៃ​ភ្លើង និង​សម្ភារ​កសិកម្ម​មួយ​ចំនួន​ទៀត​។ នា​ឱកាស​នេះ លោក​បាន​ណែនាំ​ឲ្យ​កសិករ​ដាំ​ដំណាំ​ឆ្លះ ជៀសវាង​ផលិតផល​ជន់​លើ​ទីផ្សារ និង​ជាពិសេស​ការ​ឆ្លង​រាលដាល​ជំងឺ​។ អគ្គនាយកដ្ឋាន​កសិកម្ម ត្រូវ​សហការ​ជាមួយ​មន្ទីរ​រៀបចំ​ថ្នាល​បង្កាត់​ពូជ​ដំឡូង​មី​ផ្សព្វផ្សាយ​ជូន​ដល់​កសិករ​ដាំ​ដើម្បី​កាត់បន្ថយ និង​ឈានទៅ​លុបបំបាត់​ជំងឺឆ្លង​ម៉ូ​សា​អ៊ិ​ច​។

សហគមន៍​គួរ​រៀបចំ​ផលិត​ពូជ​បន្លែ​ដោយ​ខ្លួនឯង ដោយ​មន្ទីរ​ជា​អ្នកគាំទ្រ​បច្ចេកទេស ដើម្បី​កាត់បន្ថយ​ថ្លៃដើម ហើយក៏​គួរតែ​ប្រើប្រាស់​ជីសរីរាង្គ​ឲ្យ​បាន​ច្រើន​ដើម្បី​ធានា​ដល់​គុណភាព​បន្លែ និង​ជាពិសេស​សុខភាព​អ្នក​ផលិត​ផង និង​អ្នក​បរិភោគ​ផង​។ ដើម្បី​ចូលរួម​កាត់បន្ថយ​ថ្លៃដើម លោក​បាន​ជួយ ឧបត្ថម្ភ​ប្រេងម៉ាស៊ូត​សម្រាប់​បូមទឹក​ក្នុង​សហគមន៍​ចំនួន ២០០​លីត្រ​ផងដែរ៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114