ព័ត៍មានទាន់​ហេតុការណ៏
Search

ការិយាល័យ​បេតិកភណ្ឌ ការិយាល័យ​សារមន្ទីរ​ ចុះ​ធ្វើការ​ប្រគល់ ​និង​ទទួល​វត្ថុ​បុរាណ​ចំនួន​២​​ ​ពី​ប្រជាពលរដ្ឋ​

ឧត្ដរមានជ័យ​ ៖ ​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៩ លោក ហុង យឿន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ នៃ​ការិយាល័យ បេតិកភណ្ឌ ការិយាល័យ​សារមន្ទីរ​ចុះ​ធ្វើការ​ប្រគល់ និង​ទទួល​វត្ថុ​បុរាណ​ចំនួន​២ ដុំ​/​រូប ពី​ប្រជាពលរដ្ឋ​ដែល​បាន​ប្រទះឃើញ​ដោយ​ចៃដន្យ​នៅពេល​ប្រកបការងារ​កសិកម្ម ស្ថិតនៅ​ត្រង់ចំណុច​ភូមិសាស្ត្រ ឃុំ​អំពិល​ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មាន​មានជ័យ​។​

ការប្រគល់ ​និង​ទទួល​នេះ ​ក៏មាន​ការចូលរួម​ពី​សំណាក់​មន្ត្រី​សាលាស្រុក ប៉ូលិស​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល នាយរង​ប៉ុស្តិ៍ ម្ចាស់​រូប​ដែល​បាន​ប្រទះឃើញ លោកគ្រូ ព្រះចៅអធិការ​វត្ត​គោក​ឪឡោក អាចារ្យ គណៈកម្មការ​វត្ដ ប្រជាពលរដ្ឋ ហើយ​និង​អាជ្ញាធរ​ដែនដី​យ៉ាងច្រើន​កុះករ​។​

​រូប​ដែល​បានទទួល និង​ប្រគល់​មាន​លក្ខណៈ​ដូចតទៅ ៖​

១.ជា​ដងខ្លួន​ទេវរូប ភេទ​ប្រុស មាន​កម្ពស់​៥១ ស​.​ម និង​ទទឹង​១៨ ស​.​ម ទ្រង់​ឈរ ធ្វើ​ពី​ថ្មភក់ ស្ថិតក្នុង​សម័យអង្គរ ( រចនាប័ទ្ម​កោះកែ​?) បាត់​ព្រះ​កេស​, ព្រះបាទ​,​ព្រះហស្ត​ខាងឆ្វេង​បាក់​បាត់​ទាំងស្រុង ចំណែក​ព្រះហស្ត​ខាងស្តាំ​បាក់​បាត់​មួយ​កំណាត់​ខាងក្រោម​។​

២.ទេវរូប ដាក់​តាម​កញ្ចាំង​ប្រាសាទ កម្ពស់​៤០ ស​.​ម ទទឹង ១៤ ស​.​ម ធ្វើ​ពី​ថ្មភក់ ទ្រង់​ឈរ ស្ថិតក្នុង​សម័យអង្គរ។ ស្ថានភាព​ទេវរូប​ទី​២ ​មាន​ភាព​សឹករិចរិល​ ខូចខាត​ដោយ​ការ​សំលៀង​វត្ថុ​រឹង​។

​បច្ចុប្បន្ន​ រូប​ខាងលើ ​ត្រូវបាន​ដឹក​យកមក​រក្សាទុក អភិរក្ស នៅ​ក្នុង​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ធានា​សុវត្ថិភាព និង​រក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​របស់​យើងទាំងអស់គ្នា​៕​

ដោយ ​៖​ ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114