ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ជំនាញ ទទួលស្គាល់ថា ​ផ្លូវ​ក្នុង​ទី​រួម​ខេត្ត​ខូចខាត​ជាច្រើន​ខ្សែ មិនទាន់​សក្ដិសម​ជា​ទីក្រុង​ស្អាត​នៅ​ឡើយ​

សៀមរាប​ ៖​ មន្ត្រី​ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា ការធ្វើ​ផ្លូវ​ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន គ្រាន់តែ​ជា​សេនាធិការ​បច្ចេកទេស ឲ្យ​រដ្ឋបាល​ខេត្តសៀមរាប ការងារ​ស្ថាបនា​ផ្លូវ​-​ថ្នល់ លូ ស្ពាន ។​ល​។ រាល់​គម្រោង​ការងារ​រ​បស់​មន្ទីរ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ជាច្រើន​ទៀត​។ ​ចឹ​ង​ហើយ​បានជា​ផ្លូវ​ខ្លះ​មានការ​យឺតយ៉ាវ។

សូមបញ្ជាក់ថា​ខេត្តសៀមរាប​មាន​ស្ថាប័ន​ជាច្រើន​ក្នុង​ការ​គ្រប់គ្រង ថែទាំ​ផ្លូវថ្នល់ ដូចជា ​៖ ១.រដ្ឋបាល​ខេត្តសៀមរាប ​,២.មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​,៣.មន្ទីរ​អភិវឌ្ឍន៍ជនបទ​, ៤.អាជ្ញាធរ​ជាតិ​អប្សរា​, ៥.អាជ្ញាធរ​ឃុំ/សង្កាត់​។​

មន្ទីរ​សាធារណការ​ខេត្តសៀមរាប បន្តថា ទោះជា​កន្លងមក​រដ្ឋបាល​ខេត្តសៀមរាប ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​ស្ថាបនា​ផ្លូវ​-​លូ ជាច្រើន​ក៏​នៅតែ​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ កំណើន​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ឡើយ​។​

​ជាការ​ពិតណាស់ ​ខ្សែ​ផ្លូវ​ជាច្រើន​ក្នុង​ក្រុង​សៀមរាប​មិនទាន់​បានល្អ​ឲ្យ​សក្ដិសម​ទៅនឹង​ទីក្រុង​ទេស​ចរណ៍ ដោយហេតុថា​ទំហំ​តម្រូវការ​របស់​យើង​មាន​ដែន​កំណត់ ហើយ​លទ្ធភាព​ថវិកា​មាន​កម្រិត ហេតុនេះ​ទើប​យើង​ធ្វើការ​អភិវឌ្ឍ​ទៅតាម ផែនការ​និង​អាទិភាព​គម្រោង​ទៅតាម​ដំណាក់កាលៗ​។​

​សូម​ជម្រាប​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាបថា ផ្លូវថ្នល់ ត្រូវ​ការថែទាំ​ជាប្រចាំ និង​មាន​អាយុ​កាលរបស់​វា ផ្លូវ​ប្រភេទ​កៅស៊ូ​៣​ជាន់​(DBST) មាន​អាយុ​កាល​៥​ឆ្នាំ​ប្រសិនបើ​មិន​រង​ការដឹក​លើស​ទម្ងន់ និង​រង​ការ​បំភ្លេច​បំផ្លាញ​ពី​សំណាក់​អ្នករស់នៅ​តាម​សងខាង​ផ្លូវ​(​ចាក់ដី​ខ្ពស់ជាង​ផ្លូវ ជាដើម​) ធ្វើ​ឲ្យ​ផ្លូវ​ជា​ប្រឡាយ​ទឹក​។​ដោយឡែក​ ខ្សែ​ផ្លូវ​ដែល​បានលើកឡើង​នេះ​ ជា​ខ្សែ​ផ្លូវ​មួយ​ ស្ថិតក្នុង​ចំណោម​ខ្សែ​ផ្លូវ​អាទិភាព​គម្រោង​ក្នុង​ក្រុង ដែល​ត្រូវ​កែលំអ​ឲ្យ​ប្រសើរ ផ្លូវ​ក្រវាត់​ក្រុង​ផ្នែក​ខាង​ត្បូង​ផ្លូវជាតិ​លេខ​៦ មាន​ប្រវែង​សរុប​ប្រមាណ១៥​គម (​ពី​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៦​ចុង​កៅស៊ូ​-​ចំណុចប្រសព្វ​មុខ​ទីចាត់ការគយ ទឹក​វិល​) ផ្លូវ​នេះ​បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​តាំងតែ​ពី​ឆ្នាំ​២០១១ មក​ម្ល៉េះ (​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ឆ្នាំ​២០១១) ហើយ​នៅ​ឆ្នាំ ២០១៦-២០១៨ ក្នុងស្ថានភាព​ផ្លូវ​ដែល​បាន​រង​ការខូចខាត​រួចទៅហើយ មន្ទីរ​ត្រូវ​ទទួលបន្ទុក​ថែទាំ​ប្រចាំ​ផ្លូវ​នេះ គឺ​គ្រាន់តែ​លុប​សំបុកមាន់​ដើម្បី​ទ្រទ្រង់​សម្រួល​ចរាចរណ៍ មិន​មាន​ការជួសជុល​ទ្រង់ទ្រាយ​ធំ​ទេ បច្ចុប្បន្ន​ស្ថានភាព​ផ្លូវ​នេះ​រង​ការខូចខាត​កាន់តែ​ធ្ងន់ ដែល​ហួស​ពី​លទ្ធភាព​ថែទាំ​របស់​មន្ទីរ ហើយ​មន្ទីរ​បាន​រាយការណ៍​ទៅ​ថ្នាក់​ដឺ​ក​នាំ​រួចហើយ ដើម្បី​រក​លទ្ធភាព​ថវិកា​ជួសជុល​ធំ សម្រាប់​ផ្លូវ​ទាំងស្រុង ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​យើង​ស្ថិតក្នុង​ដំណាក់កាល​រង់ចាំ​នៅ​ឡើយ​។​

​ទាក់ទង​នឹង​គម្រោង​ដែល​កំពុង​អនុវត្ត ដោយយោង​ទៅលើ​លទ្ធភាព​ថវិកា មន្ទីរ​បានទទួល​ការវិភាគ​ថវិកាជាតិ​សម្រាប់​អនុវត្ត​ផែនការ​ពហុ​ឆ្នាំ​៖​ដំណាក់កាល​ទី​១ (​ឆ្នាំ​២០១៨) ដាក់លូ​មុខកាត់ ១​ម ប្រវែង​១​គម បានដាក់​រួច​។​ដំណាក់កាល​ទី​ពីរ​(២០១៩) ធ្វើ​ផ្លូវ​ប្រវែង ២២៣០​ម ទទឹង​១៤​ម ប្រភេទ DBST និង​ដាក់លូ​បន្ត​ឲ្យ​គ្រប់​តាម​ប្រវែង​ផ្លូវ​។​ក្នុងការ​អនុវត្ត​គម្រោង​នេះ មន្ទីរ​បាន​ប្រឹងប្រែង​យកចិត្តទុកដាក់​អស់​លទ្ធភាព ទោះយ៉ាងណា​មន្ទីរ​ក៏​ទទួលស្គាល់ថា​មានការ​យ៉ឺ​ត​យ៉ាវ ដោយ​មូលហេតុ​ដូចខាងក្រោម​៖​ផលប៉ះពាល់ ជា​រឿង​ដែល​ស្មុកស្មាញ​និង​ជា​បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​ការងារ​យ៉ឺ​ត​យ៉ាវ ដែល​ផលប៉ះពាល់​នេះ​មាន​ទាំង​លើ​អាកាស​, លើដី​, ក្រោម​ដី ( សំយាបផ្ទះ​, ហាង​លក់ដូរ​, ខ្សែភ្លើង​,​បង្គោល​ភ្លើង បំភ្លឺ​សាធារណៈ​, ខ្សែ​ទូរគមនាគមន៍​, បណ្តាញ​ទឹកស្អាត ។​ល​។​)

ជា​ផែនការ​ពហុ​ឆ្នាំ​(២០១៨-២០១៩)​ដែល​យើង​ត្រូវអនុវត្ត​បន្ត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​អារម្មណ៍​ថា​ធ្វើ​មិន​ចេះចប់​។ មួយរយៈ​កន្លងមកនេះ​មាន​ភ្លៀង​ធ្លាក់​ជាប្រចាំ ធ្វើ​ឲ្យ​ការអនុវត្ត​នៅ​ការងារ​នៅ​ការដ្ឋាន​ជាក់ស្តែង មិនមាន​លក្ខណៈ​ពេញលេញ​តាម​សកម្មភាព​ប្រចាំថ្ងៃ​។​ការងារ​មិន​ត្រឹមតែ​ជួសជុល​លើ​កម្រាល​ផ្លូវ​ចាស់​ទេ គឺ​ពង្រីក​ទំហំ​២​ដង​ដែល​បង្កើន ផលប៉ះពាល់​ជាច្រើន ប្រឈម​និង​តម្រូវការ​ពង្រីក​ជា​បួន​គន្លង​ទើប​ផ្លូវ​នេះ​អូសបន្លាយ​ពេល​យូរ​បន្តិច​។ សម្រាប់​ផ្លូវ​ខ្នារ​ចាស់​(​ផ្លូវ​សម្ដេច​ជាស៊ីម​) បាន​បន្ត​នីតិវិធី​ក្នុងការ​ពិនិត្យ​លើ​លទ្ធភាព​អនុវត្ត​ផងដែរ ដោយសារតែ​ផ្លូវ​នេះ​មាន​ប្រវែង​វែង​ និង​ជា​ផ្លូវ​មេ​ទាមទារ​ការចំណាយ​ខ្ពស់​ទើប​មានការ​ពិចារណា​ពិនិត្យ​វិនិច្ឆ័យ​ឲ្យ​បាន​គ្រប់គ្រាន់​។​

​សម្រាប់​ដោយ​ខ្សែ​ផ្លូវ តូ​តា​ល់​(​ផ្លូវ​មុខ​ស៊ីណា​អាស៊ាន​) ផ្លូវ​នេះ​បាន​បន្ត​ក្នុង​ផែនការ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ដ​ហើយ ព្រោះ​នៅក្បែរ​ផ្លូវ​នោះ មានការ​អនុវត្ដ​ផ្លូវ​ស្មៃ​លិញ​ក្នុង​ឆ្នាំ​២០១៩ រួចហើយ​ដែរ​។

​អាស្រ័យ​ហេតុផល​ដូច​បាន​គោរព​ជំរាបជូន​ខាងលើនេះ សូម​បងប្អូន​ទាំងអស់ ពិសេស​បងប្អូន​ដែល​នៅ​តាម​បណ្តោយ​ផ្លូវ​នៅ ក្នុង​គម្រោង​ខាងលើនេះ មេ​តា្ត​យោគយល់​និង​អធ្យាស្រ័យ​។

​ជាមួយគ្នានេះដែរ​មន្ទីរ​សូម​សំណូមពរ​ដល់ អាជ្ញាធរ​ដែនដី​ក្នុង​ដែន​សមត្ថកិច្ច​, បងប្អូន​ប្រជាពលរដ្ឋ​, អាជីវករ​, អង្គភាព​ស្ថា​ប័ណ​ពាក់ព័ន្ធ ទាំងអស់​មេត្តា​បង្កើន ការចូលរួម​សហការ​ឲ្យ​អស់​លទ្ធភាព ដោយ​ស្មារតី​សហការ​ និង​ទទួលខុសត្រូវ​។​

​ទោះបីជា​យ៉ាងនេះ​ក្តី​ គេ​សង្ឃឹមថា ​ផ្លូវ​ជាច្រើន​ខ្សែ​នឹង​បាន​ប្រសើរ​ឡើង ប្រសិនបើ​លោក​គឹម ប៊ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប អាច​ត្រួតពិនិត្យ​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​២​ក្នុង​ខេត្ត​ឲ្យ​បាន​ត្រឹមត្រូវ ជាពិសេស​រថយន្ត​ធំៗ​ត្រូវ​ដឹក​ឲ្យ​មាន​ស្តង់ដារ​។​ ព្រោះ​បច្ចុប្បន្ន​គេ​សង្កេតឃើញ​មាន​ករណី​ឆកល្វែង​ក្នុង​ចំណុច​នេះ ទើបបានជា​ផ្លូវ​ជាច្រើន​ខ្សែ​បាន​ខូចខាត​។​ មហាជន​ខ្លះ​ថា​ដាក់​ជញ្ជីង​មក​យកតែ​លុយ​មិន​គិតពី​ផលប៉ះពាល់​នោះទេ៕​

ដោយ ៖ កុសល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114