ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាជន​កូរ៉េខាងត្បូង​ ធ្វើ​ពហិការ​ឈប់​ទិញ​ស្រា​បៀរ​ជប៉ុន​ព្រោះតែ​ជម្លោះ​ពាណិជ្ជកម្ម

ប្រជាជន​កូរ៉េខាងត្បូង​ដែល​ស្រលាញ់​ស្រា​បៀរ​កើតការ​ខឹងសម្បា​​ជាខ្លាំង​ព្រោះតែ​រឿង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​តូ​ក្យូ និង​កំពុង​ធ្វើបាតុកម្ម​ពហិការ​ឈប់​ទិញ​ស្រា​បៀរ​របស់​ជប៉ុន​ក្នុង​អត្ថន័យ​ស្នេហា​ជាតិ​។​

​ប្រទេស​ជប៉ុន​នៅ​ខែ​នេះ ​បានបង្ហាញ​ពី​ការ​រឹតត្បិត​ដ៏​តឹងតែង​លើ​ការនាំចេញ​ដ៏​សំខាន់​ទៅកាន់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ដូចជា Samsung ជាដើម​ដែល​បង្កឱ្យមាន​ការព្រួយបារម្ភ​ពី​ផលប៉ះពាល់​លើ​វិស័យ​បច្ចេកវិទ្យា​ជា​សាកល​ ខណៈ​ធនាគារកណ្តាល​របស់​កូរ៉េខាងត្បូង​បាន​ព្រមាន​ថា​រឿងនេះ​នឹងមិន​មែនមាន​ផលប៉ះពាល់​តិចតួច​លើ​សេដ្ឋកិច្ច​នោះទេ​។​

មន្ត្រី​របស់​ប្រទេស​ទាំងពីរ​ជាច្រើនរូប​បាន​បើក​ការពិភាក្សា​ជាច្រើន​ម៉ោង​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​កាន់តែ​យ៉ាប់យ៉ឺន​មួយ​នេះ​ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​នៅ​មិនទាន់មាន​សញ្ញា​នៃ​ភាព​ធូរស្រាល​នៅឡើយ​។​

បុគ្គលិក​ហាង E-Mart ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​នេះ​គឺជា​ការធ្លាក់ចុះ​ភ្លាមៗ​ដែល​យើង​មិន​ធ្លាប់​បានឃើញ​ពីមុនមក​”​។​បុគ្គលិក​ខាងលើ​បាន​បន្ថែមថា​ការលក់​ស្រា​បៀរ​យីហោ​កូរ៉េ​បាន​កើនឡើង​ប្រហែល​៧%​ក្នុង​រយៈពេល​ដូចគ្នានេះ​។​

ជម្លោះ​ពាណិជ្ជកម្ម​មួយ​នេះ​គឺជា​ការឡើង​កម្ដៅ​ចុងក្រោយបង្អស់​នៅក្នុង​ជម្លោះ​ដ៏​ជូរចត់​រយៈពេល​ជាច្រើន​ទសវត្ស​មកហើយ​ស្តីពី​ការបង្ខិតបង្ខំ​កម្លាំង​ពលកម្ម​របស់​ជប៉ុន​ក្នុងអំឡុង​សង្គ្រាមលោកលើកទី​២៕AFP

ដោយ ​៖ ​តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114