ព័ត៍មានទាន់​ហេតុការណ៏
Search

ជំងឺ​ប៉េ​ស​ជ្រូក ​ធ្វើឱ្យ​តម្លៃ​សាច់​ជ្រូក ​និង​ការនាំចេញ​កើន​ឡើង​កប់​ពពក

តម្លៃ​សាច់ជ្រូក​បាន​កើនឡើង​យ៉ាងខ្លាំង​ហើយ​ហ្វូង​សត្វ​ជ្រូក​ត្រូវ​ងាប់​ហិនហោច​ព្រោះតែ​ជំងឺ​ប៉េ​ស​ជ្រូក​បាន​រីក​រាលដាល​ពាសពេញ​ឧស្សាហកម្ម​ចិញ្ចឹម​ជ្រូក​របស់​ប្រទេស​ចិន​ដែល​បាន​បង្ខំ​ឱ្យ​ប្រទេស​នេះ​ត្រូវការ​ការនាំ​ចូល​សាច់​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​គ្រប់គ្រាន់​។​

​សត្វ​ជ្រូក​ជាង​១,​​១​លាន​ក្បាល​ត្រូវបាន​សម្លាប់ចោល​ព្រោះតែ​អាជ្ញាធរ​ត្រូវ​ញាប់ដៃ​ញាប់ជើង​ដើម្បី​ទប់ស្កាត់​វីរុស​មួយ​នេះ​ដែល​បាន​ឆ្លង​រាតត្បាត​ទៅដល់​ប្រទេសជិតខាង​ចាប់តាំងពី​ករណី​ផ្ទុះឡើង​ដំបូង​ក្នុង​ខែសីហា​ឆ្នាំ​២០១៨​ហើយ​ជំងឺ​នេះ​មិនមាន​វ៉ាក់សាំង​ការពារ​ឡើយ​។​

​ទោះជា​យ៉ាងណា​តួលេខ​នេះ​ត្រូវបាន​គេ​ជឿថា​អាច​នឹង​ច្រើនជាង​នេះ​ដោយ​ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​ថា​ចំនួន​សត្វ​ជ្រូក​របស់​ប្រទេស​ចិន​ដែលមាន​សរុប​៣៤៧,៦​លាន​ក្បាល​ក្នុង​ឆមាស​ទីមួយ​ឆ្នាំនេះ​ពោលគឺ​ធ្លាក់ចុះ​៦០​លាន​ក្បាល​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ហេតុនេះ​ទើប​តម្លៃ​សាច់ជ្រូក​បាន​កើន​ឡើងដល់​៥​ដង​ក្នុង​ខែមិថុនា​។​

​លោក Jan-Peter Van Ferneij​ដែលជា​អ្នកគ្រប់គ្រង​ទីផ្សារ​បរទេស​នៅ​វិទ្យាស្ថាន​សាច់ជ្រូក​បារាំង​បាន​លើកឡើងថា “​ស្ថានភាព​អាក្រក់​បំផុត​នោះ​នៅ​មិនទាន់​មកដល់​នៅឡើយ​ទេ​។​ពេលនេះ​មានតែ​តួលេខ​នៃ​ការធ្លាក់ចុះ​ចំនួន​សត្វ​ជ្រូក​។​ហើយ​ពេល​បន្តិចទៀត​នឹង​ឈានទៅដល់​ការធ្លាក់ចុះ​នៃ​ការផលិត​… ហើយ​ការប្រើប្រាស់​ក៏​កាន់តែ​ធ្លាក់​។​”

​គួរបញ្ជាក់​ថា​ជំងឺ​គ្រុនផ្ដាសាយ​ជ្រូក​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​ហើយ​អ្នករកស៊ី​ចិញ្ចឹមសត្វ​បាន​ព្យាយាម​ធានា​ដល់​អ្នកប្រើប្រាស់​ហើយ​ថា​សាច់សត្វ​របស់​ពួកគេ​មាន​សុវត្ថិភាព​ក្នុងប្រទេស​ដែល​ផលិត​និង​បរិភោគ​សាច់ជ្រូក​ច្រើនជាង​កន្លែង​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​៕AFP

ដោយ ៖ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114