ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​BMW តែងតាំង​ចៅហ្វាយ​ថ្មី​ដើម្បី​បង្កើន​ល្បឿន​ផលិត​រថយន្ត​អគ្គិសនី

ក្រុមហ៊ុន BMW បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ នាយក​ផ្នែក​ផលិត​របស់​ក្រុមហ៊ុន​លោក​Oliver Zipse​ នឹង​ចូល​មក​ជំនួស លោក Harald Krueger ក្នុងនាម​ជានា​យក​ប្រតិបត្តិ​នៅ​ខែសីហា​ខាងមុខនេះ​ព្រោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​យក្ស​របស់​អាល្លឺម៉ង់​មួយ​នេះ ​កំពុង​ចង់​បង្កើន​សន្ទុះ​របស់ខ្លួន​ក្នុង​ការផលិត​រថយន្ត​អគ្គិសនី។

លោក Krueger ដែល​ត្រូវបាន​គេ​រិះគន់ថា​មិនបាន​ដឹកនាំ​ក្រុមហ៊ុន​ឱ្យ​រីកចម្រើន​ល្អ​ដើម្បី​អាច​ឆ្ពោះទៅកាន់​បច្ចេកវិទ្យា​អគ្គិសនី​នោះបាន​ថ្លែង​កាលពី​ដើមខែ​នេះ​ថា​លោក​នឹងមិន​សុំ​អាណត្តិ​ក្រោយ​អី​ទៀត​ទេ​ពេលដែល​តំណែង​របស់លោក​នឹងត្រូវ​បញ្ចប់​នៅ​ខែមេសា​ឆ្នាំ​ក្រោយនេះ។

ទោះជា​យ៉ាងណា​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន BMW បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​Zipse​នឹង​ចូល​កាន់តំណែង​របស់ខ្លួន​នៅ​ថ្ងៃទី​១៦​ខែសីហា​ហើយ​។​

លោក​Zipse​វ័យ​៥៥​ឆ្នាំ​បានចាប់ផ្ដើម​ការងារ​ជា​អ្នក​ហ្វឹកហាត់​ការងារ​នៅ​ក្រុមហ៊ុន BMW ក្នុង​ឆ្នាំ​១៩៩១​ហើយ​ក្រោយមក​ក៏បាន​ទទួល​តំណែង​ជា​អ្នកគ្រប់គ្រង​ជាច្រើន​ជា​បន្តបន្ទាប់​។​

ក្នុងនាម​ជានា​យក​ផ្នែក​ផលិតផល​បច្ចុប្បន្ន​លោក​បាន​គ្រប់គ្រង​រោងចក្រ​ចំនួន​៣១​ទូទាំង​ពិភពលោក​ព្រោះតែ​រោងចក្រ​ទាំងនោះ​ស្ថិតក្នុង​ដំណាក់កាល​ផ្លាស់ប្ដូរ​ទៅជា​ការផលិត​រថយន្ត​អគ្គិសនី​។​

ភារកិច្ច​សំខាន់​មួយ​ដែល​ចៅហ្វាយ​ថ្មី​រូបនេះ​នឹងត្រូវ​ធ្វើ​គឺ​ផ្លាស់ប្តូរ​ទៅ​ការផលិត​រថយន្ត​អគ្គិសនី​មុនពេល​វិធានការ​ប្រឆាំង​ការបំពុល​បរិស្ថាន​ដ៏​តឹងរ៉ឹង​នឹង​ចូល​ជាធរ​មាននៅ​សហភាព​អឺរ៉ុប​។​

ប្រធាន​ក្រុមប្រឹក្សាភិបាល​លោក Nobert Reithofer បាន​និយាយថា​មេដឹកនាំ​យុទ្ធសាស្ត្រ​និង​ការវិភាគ​លោក​Zipse​នឹង​ផ្តល់ឱ្យ​ក្រុមហ៊ុន BMW នូវ​សន្ទុះ​ថ្មី​ក្នុងការ​ផ្លាស់ប្តូរ​អនាគត​ខាងមុខនេះ​៕ AFP

ដោយ ៖ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114