ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​G7​ ព្រមព្រៀង​ផែនការ​លើ​ពន្ធ​ឌីជីថល​ ប៉ុន្តែ​មាន​កិច្ចការ​ច្រើន​ទៀត​នៅ​ខាង​មុខ

រដ្ឋមន្ត្រី​មកពី​ប្រទេស​សេដ្ឋកិច្ច​កំពូល G7 កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​បាន​ឈានដល់​ការយល់​ស្របគ្នា​ស្តីពី​ជំហាន​ឆ្ពោះទៅរក​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការយកពន្ធ​លើ​បណ្ដា​ក្រុមហ៊ុន​ឌីជីថល​យក្ស​ដែលជា​បញ្ហា​មួយ​ដែល​បាន​បែងចែក​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​គឺ​អង់គ្លេស​និង​បារាំង។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង​លោក Bruno Le Maire ដែលជា​អ្នកដឹកនាំ​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃ​នៅ​សង្កាត់​Chantilly ក្រៅ​ក្រុងប៉ារីស​បាន​សាទរ​ការឯកភាព​គ្នា​នេះ​ថា​ជា​រឿង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ទោះបីជា​លោក Steven Mnuchin រដ្ឋលេខាធិការ​រតនា​គារ​អាមេរិក​បាន​ទទូចថា​មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​។​

សភា​បារាំង​នៅក្នុង​ខែ​នេះ​ បានអនុម័ត​ច្បាប់​មួយ​ដែល​នឹង​យកពន្ធ​ក្រុមហ៊ុន​ឌីជីថល​យក្ស​លើ​ប្រាក់ចំណូល​ដែល​ប្រមូលបាន​ក្នុង​ប្រទេសមួយ​បើទោះជា​ទីស្នាក់ការ​របស់​ពួកគេ​នៅ​កន្លែង​ផ្សេង​ក៏ដោយ​។​នេះ​ជា​ចលនា​មួយ​ដែល​សហរដ្ឋអាមេរិក​បាន​ត្អូញត្អែរថា​ជាការ​រើសអើង​ប្រឆាំងនឹង​ក្រុមហ៊ុន​អាមេរិក​ដូចជា​ក្រុមហ៊ុន Google Apple, Facebook និង Amazon​។​

ដោយឡែក​ចក្រភព​អង់គ្លេស​បានប្រកាស​ផែនការ​សម្រាប់​ពន្ធ​ប្រហាក់ប្រហែលគ្នា​នេះដែរ​ហើយ​កិច្ចប្រជុំ G7 នៅក្នុង​ទីក្រុង​របស់​ប្រទេស​បារាំង​ដ៏​ស្ងប់ស្ងាត់​ត្រូវបាន​គ្របដណ្ដប់​ដោយ​កិច្ចពិភាក្សា​ដ៏​លំបាក​ដើម្បី​ស្វែងរក​មូលដ្ឋាន​រួមមួយ​ចំនួន​។​

ប្រទេស​បារាំង​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​និយាយថា G7 បាន​យល់ព្រម​ដំណោះស្រាយ​ពីរ​យ៉ាង​ដែល​បញ្ជាក់​ពី​គោលការណ៍​របស់​ក្រុមហ៊ុន​ដែល​អាច​ប្រមូល​ចំណូល​បាន​ក្រៅពី​មូលដ្ឋាន​ច្បាប់​របស់​ពួកគេ​ប៉ុន្តែ​ក៏​គិត​លើ​ពន្ធ​អប្បបរមា​ដែល​ត្រូវបាន​ព្រមព្រៀង​ជា​អន្តរជាតិ​សម្រាប់​សកម្មភាព​របស់​ពួកគេ​ផងដែរ​៕AFP

ដោយ ​៖ ​តរុណី


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114