ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្មាំ​អ៊ីរ៉ង់ ​រឹបអូស​នាវា​ដឹក​ប្រេង​ដោត​ទង់ជាតិ​អង់គ្លេស​នៅ​ច្រក​សមុទ្រ Hormuz

ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ពួកគេ​បាន​រឹបអូស​នាវា​ដឹក​ប្រេង​ដោត​ទង់ជាតិ​អង់គ្លេស​មួយគ្រឿង​នៅក្នុង​ច្រក​សមុទ្រ Hormuz ដោយសារតែ​ការរំលោភច្បាប់​សមុទ្រ​អន្តរជាតិ​ស្របពេល​ដែល​ភាព​តានតឹង​បាន​កើនឡើង​ខ្ពស់​នៅក្នុង​ផ្លូវទឹក​ដ៏​រសើប​មួយ​នេះ​។​

​ប៉ុន្តែ​ប្រទេស​អង់គ្លេស​បាន​និយាយថា អ៊ីរ៉ង់​បាន​រឹបអូស​នាវា​ពីរ​គ្រឿង​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​ខណៈ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Jeremy Hunt បាន​ព្រមាន​អំពី​ផលវិបាក​ធ្ងន់ធ្ងរ​ប្រសិនបើ​បញ្ហា​នេះ​មិនត្រូវ​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ទេនោះ​។​

​ឧបទ្ទវហេតុ​ចុងក្រោយ​បំផុត​នេះ​បាន​កើតឡើង​នៅពេល​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​អះអាង​កាលពី​ថ្ងៃ​សុក្រ​ថា យោធា​សហរដ្ឋអាមេរិក​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់​ដែល​កំពុង​គំរាមកំហែង​ដល់​នាវា​កងទ័ពជើងទឹក​អាមេរិក​នៅ​ច្រក​សមុទ្រ Hormuz បើទោះបីជា​មានការ​បដិសេធ​ពី​ទីក្រុង​តេ​អេ​រ៉ង់​ក៏ដោយ​។​

​ភាព​តានតឹង​ក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​បាន​កើនឡើង​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ដោយ​លោក Trump បាន​អំពាវនាវ​ឲ្យ​លុបចោល​ការវាយប្រហារ​អា​កាស​ប្រឆាំងនឹង​អ៊ីរ៉ង់​នៅ​នាទីចុងក្រោយ​កាលពី​ខែមិថុនា​បន្ទាប់ពី​ទីក្រុង​តេ​អេ​រ៉ង់​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​ហើយ​បាន​ស្តីបន្ទោស​អ៊ីរ៉ង់​ចំពោះ​ការវាយប្រហារ​លើ​នាវា​ដឹក​ប្រេង​ជា​បន្តបន្ទាប់​។​

​វេ​ប​សាយ​ផ្លូវការ​របស់​ឆ្មាំ​បដិវត្តន៍ Sepahnews បាន​និយាយថា កាលពី​ថ្ងៃ​សុក្រ នាវា​ដឹក​ប្រេង Stena Impero ត្រូវបាន​រឹបអូស​ដោយសារតែ​ការមិន​គោរព​ច្បាប់​សមុទ្រ​អន្តរជាតិ​។ វេ​ប​សាយ​នេះ​បន្តថា វា​ត្រូវបាន​នាំទៅ​ឆ្នេរ​និង​ប្រគល់​ទៅ​ឲ្យ​អង្គការ​ដើម្បី​ឆ្លងកាត់​នីតិវិធី​ច្បាប់​និង​ការស៊ើបអង្កេត​ចាំបាច់​។​

​សេវា​តាមដាន​នាវា​ដឹក​ប្រេង Marine Traffic បាន​បង្ហាញថា នាវា Stena Impero ដែលមាន​ម្ចាស់​ជា​ជនជាតិ​ស៊ុយអែត​បានបង្ហាញ​ពី​ទីតាំង​របស់ខ្លួន​ចុងក្រោយ​បំផុត​នៅក្បែរ​កោះ Larak វេលា​ម៉ោង​៩​យប់​។​

​ម្ចាស់​នាវា​បាន​និយាយថា នាវា​នេះ​បាន​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz និង​ស្ថិតនៅក្នុង​ដែនទឹក​អន្ដរជាតិ​នៅពេល​វា​ត្រូវបាន​វាយប្រហារ​ដោយ​ទូក​តូចៗ​មិន​ស្គាល់​អត្តសញ្ញាណ​និង​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​៕ AFP

ដោយ​ ៖ ​វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114