ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​អូស្ត្រាលី​៣​នាក់ ផឹក​ស្រា​ស្រវឹង ដើរ​ដោះអាវ បង្ក​ភាព​អនាធិបតេយ្យ ត្រូវ​អាជ្ញាធរ​ឃាត់​យក​ទៅ​ណែនាំ​អប់រំ

ភ្នំពេញ ​៖ ជនជាតិ​អូស្ត្រាលី​ចំនួន​០៣​នាក់ ផឹកស្រា​ស្រវឹង ដើរ​ដោះអាវ បង្ក​ភាព​អនាធិបតេយ្យ​នៅ​កោះ​ពេជ្រ ត្រូវ​អាជ្ញាធរ​ខណ្ឌចំការមន ចុះ​ឃាត់ ប្រគល់​ឲ្យ​កម្លាំង​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​មាន​ចំណាត់​តាម​នីតិ​វិធី។​

ការឃាត់ខ្លួន ជនជាតិ​អូស្ត្រាលី បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​បរិវេណ​កោះ​ពេជ្រ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនបរទេស​ទី​១.ឈ្មោះ MOCLAIR BLAKE AARON អាយុ​២៨​ឆ្នាំ កាន់​លិខិត ឆ្លងដែន​លេខ​PB1244230, ទី​២.ឈ្មោះ RUDOLF JOSHUA PAUL អាយុ​២៩​ឆ្នាំ កាន់​លិខិត​ឆ្លងដែន​លេខ PA3141861 និង ​ទី​៣.ឈ្មោះ DE RITO CHRISTOPHER BASILIO អាយុ​២៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​PA9721738​។ ពួកគេ​ស្នាក់នៅ​ផ្ទះសំណាក់ MADE MONKEY ផ្លូវ​លេខ​៣០២ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។​

តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​១៩​កក្កដា គេ​ឃើញ​ជនជាតិ​អូស្ត្រាលី​ចំនួន​០៣​នាក់ ផឹក​ស្រា​ស្រវឹង​ដោះអាវ ធ្វើ​ឲ្យ​បាត់​បង់​សណ្ដាប់ធ្នាប់ អាជ្ញាធរ​ខណ្ឌ​ចំការមន និង​កម្លាំង​នគរបាល​រដ្ឋបាល ប៉ុស្តិ៍​ទន្លេបាសាក់ ខណ្ឌ​ចំការមន បាន​ចុះទៅ​ឃាត់​សួរនាំ រួច​ប្រគល់​ទៅឲ្យ​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​មាន​ចំណាត់​ការ​។​ នៅ​ចំពោះមុខ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​ពួកគេ​ចូលមក​ប្រទេស​កម្ពុជា ពួកគេ​បាន​ស្នាក់នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ រយៈពេល​១​ខែ ហើយ​មូល​ហេតុ​ដែល​រូបគេ​ដោះអាវ ដោយសារ​ផឹក​ស្រា​ស្រវឹង ពុំបាន​ដឹង​ថា​ខុសច្បាប់​នៅ​ប្រទេស​កម្ពុជា​។ បន្ទាប់ពី​បញ្ចប់​ការ​សួរនាំ ពួកគេ​បាន​ធ្វើ​កិច្ចសន្យា​សុំទោស​នៅមុខ​សមត្ថកិច្ច មិន​ធ្វើ​ទង្វើ​ដូចនេះ​ទៀត​ទេ និង​គោរព​ច្បាប់ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោយ ៖ ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114