ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកស្លាប់​កើន​ដល់​១០​នាក់​ បន្ទាប់ពី​ការផ្ទុះ​នៅ​រោងចក្រ​ឧស្ម័ន​ចិន

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​សៅរ៍​ថា ចំនួន​មនុស្ស​ស្លាប់​ពី​ការផ្ទុះ​ដ៏​ធំ​មួយ​ដែល​វាយប្រហារ​រោងចក្រ​ឧស្ម័ន​នៅ​កណ្តាល​ប្រទេស​ចិន​បាន​កើនឡើង​ដល់​១០​នាក់​ហើយ​ខណៈ​មនុស្ស​ចំនួន​៥​នាក់​នៅតែ​កំពុង​បាត់​ខ្លួន​នៅឡើយ​។​

​ទូរទស្សន៍ CCTV បាន​ផ្សាយ​ថា ការផ្ទុះ​កាលពី​ថ្ងៃ​សុក្រ​នៅ​រោងចក្រ Henan Coal Gas Group ក៏បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១៩​នាក់​ទៀត​រងរបួស​ធ្ងន់​និង​អ្នក​ផ្សេងទៀត​រងរបួស​ស្រាល​ផងដែរ​។​

CCTV បាន​និយាយ​នៅលើ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Weibo របស់ខ្លួន​ថា “​បង្អួច​និង​ទ្វារផ្ទះ​ដែល​ស្ថិតក្នុង​រង្វង់​ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​ការផ្ទុះ​នេះ​ត្រូវបាន​កម្ទេច​”​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានបង្ហាញ​វីដេអូ​នៃ​ផ្សែងហុយ​ទ្រលោម​ចេញពី​រោងចក្រ​ហើយ​មាន​កម្ទេចកម្ទី​ពាសពេញ​នៅលើ​ដងផ្លូវ​។ រូបភាព​ផ្សេងទៀត​បានបង្ហាញ​ពី​ទ្វារ​និង​បង្អួច​នៃ​ផ្ទះ​និង​ហាង​ផ្ទុះ​ចេញ​។​

​គ្រោះថ្នាក់​ឧស្សាហកម្ម​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​គឺជា​រឿង​ធម្មតា​នៅក្នុង​ប្រទេស​ចិន​ព្រោះ​នៅ​ទីនោះ បទបញ្ញត្តិ​សុវត្ថិភាព​តែងតែ​ត្រូវបាន​អនុវត្ត​តិចតួច​បំផុត​។​

​កាលពី​ខែមីនា ការផ្ទុះ​នៅ​រោងចក្រ​គីមី​មួយ​ក្នុង​ខេត្ត Jiangsu ភាគ​ខាងកើត​បានសម្លាប់​មនុ​ស្ស​ចំនួន​៧៨​នាក់​និង​រងរបួស​រាប់រយ​នាក់​។​

​ការផ្ទុះ​ដ៏​ខ្លាំងក្លា​នៅ​ទីក្រុង Yancheng ភាគ​ខាងកើត​បាន​ផ្តួលរំលំ​អាគារ​ជាច្រើន​នៅក្នុង​ឧទ្យាន​ឧស្សាហ​កម្មនេះ​។​

​អាជ្ញាធរ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ពីរ​នាក់​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​នៅ​ថ្ងៃទី​២១​ខែមីនា​ដែលជា​ហេតុ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ជា​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​ក្រុមហ៊ុន​គីមី​ទូទាំងប្រទេស​។​

​មួយ​សប្តាហ៍​បន្ទាប់ពី​ការផ្ទុះ​នោះ មនុស្ស​ចំនួន​ប្រាំពីរ​នាក់​បាន​ស្លាប់​បន្ទាប់ពី​ការផ្ទុះ​នៅ​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​អេ​ឡិច​ត្រូ​និ​ចមួយ​ក្នុង​ខេត្ត​ដដែល​នេះ​។​

​នៅក្នុង​ខែវិច្ឆិកា ការ​ធ្លាយ​ឧស្ម័ន​នៅ​រោងចក្រ​មួយ​ក្នុង​ទីក្រុង Zhangjiakou ភាគ​ខាងជើង​ប្រទេស​ចិន​ដែលជា​ទីក្រុង​នឹង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០២២​បានសម្លាប់​មនុស្ស​ចំនួន​២៤​នាក់​និង​រងរបួស​២១​នាក់​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114