ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថាបត្យករ​អា​ហ្ស​ង់​ទីន​ដែល​ឌី​ហ្សា​ញ​អគារ​ភ្លោះ Petronas បានទទួល​មរណភាព​នៅ​អាយុ​៩២​ឆ្នាំ

ជនជាតិ​អា​ហ្ស​ង់​ទីន​ឈ្មោះ César Pelli ដែលជា​អ្នក​ឌី​ហ្សា​ញ​អគារ​ភ្លោះ Petronas នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​បានទទួល​មរណភាព​ហើយ​នៅ​អាយុ​៩២​ឆ្នាំ​។​

​លោក Pelli ដែល​បាន​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាកលវិទ្យាល័យ Tucumán នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​អា​ហ្ស​ង់​ទីន​បានបង្ហាញ​ខ្លួន​គាត់​ថា​ជា​អ្នកមាន​ចក្ខុវិស័យ​និង​ជា​អ្នក​អប់រំ​ហើយ​បាន​បង្ក​ភាពល្បីល្បាញ​នៅក្នុង​សហរដ្ឋអាមេរិក​ដែលជា​ទីតាំង​នៃ​ស្ទូ​ឌី​យោ​ធំ​របស់គាត់​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Telam របស់​ប្រទេស​អា​ហ្ស​ង់​ទីន​បាន​រាយការណ៍​ពី​ការ​លាចាក​លោក​របស់គាត់​កាលពី​ថ្ងៃ​សុក្រ​។​

​អភិបាលខេត្ត Tucumán លោក Juan Manzur បាន​និយាយ​ក្នុងការ​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter ថា “​យើង​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ដែល​យើង​ទទួលបាន​ព័ត៌មាន​ដ៏​សោកសៅ​អំពី​ការស្លាប់​របស់​ស្ថាបត្យករ​ដ៏​ល្បីឈ្មោះ César Pelli​។ ខ្ញុំ​ចង់បង្ហាញ​ពី​ការចូលរួម​មរណៈទុក្ខ​របស់ខ្ញុំ​ជាមួយ​គ្រួសារ​ទាំងមូល​មិត្តភក្តិ​និង​ក្រុម​របស់គាត់​”​។​

​យោងតាម​ជីវប្រវត្តិ​នៅលើ​គេហទំព័រ New Haven បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​១៩៧៧ លោក Pelli បាន​ក្លាយជា​ព្រឹទ្ធបុរស​នៃ​សាលា​ស្ថាបត្យកម្ម​របស់​សាកលវិទ្យាល័យ Yale និង​បាន​បង្កើត​ក្រុមហ៊ុន Cesar Pelli & Associates ហើយ​ចាប់តាំងពី​ពេល​នោះមក​បាន​ប្តូរ​ឈ្មោះ​ទៅជា Pelli Clarke Pelli ដែល​បាន​ចុះបញ្ជី​ការិយាល័យ​នៅក្នុង​ទីក្រុង​ញូវយ៉ក អា​ប៊ូ​ដា​ប៊ី សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ តូ​ក្យូ​និង​សៀង​ហៃ​។​

​ក្រៅពី​អគារ Petronas Towers ដែលជា​អគារ​មួយ​ក្នុងចំណោម​អគារ​ខ្ពស់បំផុត​នៅលើ​ពិភពលោក​, ការងារ​ដ៏​ល្បីល្បាញ​របស់លោក Pelli ក៏​រួមមាន​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​នៅ​ទីក្រុង​ញូវយ៉ក​, អគារ Canary Wharf នៅ​ទីក្រុង​ឡុង​ដ៍​និង​ការជួសជុល​ឡើងវិញ​នៅ​សារមន្ទីរ​សិល្បៈ​ទំនើប​របស់​ទីក្រុង​ញូវយ៉ក​ផងដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ រ៉​យ​ទ័​រ​មិនអាច​ទាក់ទង​ក្រុមហ៊ុន​របស់គាត់​ដើម្បី​សុំ​ការអត្ថាធិប្បាយ​បានទេ​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114