ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump ទទួល​សំណើ​ឲ្យ​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​ជម្លោះ​ជប៉ុន​-​កូរ៉េខាងត្បូង

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​សុក្រ​បានទទួល​សំណើ​ឲ្យ​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​នៅក្នុង​ជម្លោះ​នយោបាយ​និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង​ដែល​បាន​គំរាមកំហែង​ដល់​ការផ្គត់ផ្គង់​បន្ទះ​ឈី​ប​មេម៉ូរី​និង​ស្មា​ត​ហ្វូ​ន​ទូទាំង​ពិភពលោក​។​

​ភាព​តានតឹង​ដែលជា​ពិសេស​ជុំវិញ​បញ្ហា​សំណង​សម្រាប់​ប្រជាជន​កូរ៉េខាងត្បូង​ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ឲ្យ​ជនជាតិ​ជប៉ុន​ក្នុងអំឡុង​សង្គ្រាមលោកលើកទីពីរ​នោះ​គឺ​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​ខែ​នេះ​នៅពេល​ប្រទេស​ជប៉ុន​បាន​រឹតត្បិត​ការនាំចេញ​សម្ភារៈ​បច្ចេកវិទ្យា​ខ្ពស់​ទៅ​កូរ៉េខាងត្បូង​។​

​សហរដ្ឋអាមេរិក​មាន​ការស្ទាក់ស្ទើរ​ក្នុងការ​លូកដៃ​ជា​សាធារណៈ​ចូលក្នុង​ជម្លោះ​រវាង​សម្ព័ន្ធមិត្ត​ធំជាងគេ​ទាំងពីរ​របស់ខ្លួន​នៅ​អាស៊ី​។ លោក Trump បាន​និយាយថា ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in បាន​សួរ​គាត់​ថា​តើ​គាត់​អាច​ចូលរួមបាន​ដែរឬទេ​។​

​លោក Trump បាន​ប្រាប់​អ្នកកាសែត​នៅ​សេត​វិមាន​ថា “​គាត់​ប្រាប់​ខ្ញុំ​ថា ពួកគេ​មានការ​ប៉ះទង្គិច​គ្នាច្រើន​ណាស់​ទាក់ទង​ទៅនឹង​ការធ្វើ​ពាណិជ្ជកម្ម​ជាពិសេស​ទាក់ទង​នឹង​ការគោរព​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​។ ប្រទេស​ជប៉ុន​មាន​អ្វីៗ​ដែល​កូរ៉េខាងត្បូង​ចង់បាន​ហើយ​គាត់​បានស្នើ​សុំ​ឲ្យ​ខ្ញុំ​ចូលរួម​”​។​

​លោក​បន្តថា “​ដូច្នេះ​ប្រហែលជា​ថា ប្រសិនបើ​ពួកគេ​ទាំងពីរ​ចង់​ឲ្យ​ខ្ញុំ​ចូលរួម ខ្ញុំ​នឹងចូលរួម​”​។​

​ស្របពេល​ជាមួយគ្នា​នោះ អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Blue House លោកស្រី Ko Min-jung បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា លោក Moon បានស្នើ​សុំ​ឲ្យ លោក Trump ជួយ​នៅឯ​ជំនួប​កំពូល​របស់​ពួកគេ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃទី​៣០​ខែមិថុនា​។​

​លោកស្រី Ko បាន​និយាយថា លោក Moon បាន​និយាយ​ជាមួយ​លោក Trump ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​តាម​ផ្នែក​ការទូត​ខណៈ​នៅពេលនោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​រាយការណ៍​អំពី​លទ្ធភាព​នៃ​ការ​សងសឹក​ផ្នែក​សេដ្ឋកិច្ច​ប្រឆាំងនឹង​ប្រទេស​កូរ៉េខាងត្បូង​។​

​លោក David Stilwell ដែលជា​អ្នកការទូត​អាមេរិក​កំពូល​ទទួលបន្ទុក​គោលនយោបាយ​អាស៊ី​បូព៌ា​បាន​និយាយ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ពុធ​ថា លោក​កំពុង​ពិនិត្យមើល​ស្ថានភាព​នេះ​យ៉ាង​យកចិត្តទុកដាក់​ប៉ុន្តែ​មិនបាន​បរិយាយ​លម្អិត​ទេ​អំពី​ថា​តើ​ទីក្រុង​វ៉ាស៊ីនតោន​អាច​នឹង​ចាត់វិធានការ​អ្វី​ហើយ​បាន​និយាយថា វា​គឺ​ផ្អែកលើ​កូរ៉េខាងត្បូង​និង​ជប៉ុន​ដើម្បី​ដោះស្រាយ​ភាព​ខ្វែងគំនិត​របស់​ពួកគេ​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114