ព័ត៍មានទាន់​ហេតុការណ៏
Search

ទីក្រុង​អា​តែ​ន​រង​ការវាយប្រហារ​ដោយ​គ្រោះ​រញ្ជួយ​ដី​កម្រិត​៥.១​រ៉ិ​ច​ទ័​រ

អ្នកក្រុង​អា​តែ​ន​បានរស់នៅ​ដោយ​ភាព​ខ្វាយខ្វល់​ចិត្ត​កាលពី​យប់​ថ្ងៃ​សុក្រ​បន្ទាប់ពី​ការរញ្ជួយ​ដី​កម្រិត​៥.១​រ៉ិ​ច​ទ័​រ​បាន​កាត់ផ្តាច់​ប្រព័ន្ធ​ទូរស័ព្ទ បំផ្លាញ​អគារ​និង​បណ្តាល​ឲ្យ​មានការ​ដាច់​ចរន្តអគ្គិសនី​។​

​ដោយ​មើលឃើញថា​មនុស្ស​ជាច្រើន​ទំនងជា​ភ័យខ្លាច​ចំពោះ​ការ​ដេក​នៅក្នុង​ផ្ទះ​នោះ រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រជាជន​លោក Michalis Chrysohoidis បាន​និយាយថា ប៉ូលិស​បន្ថែម​នឹងត្រូវ​បានដាក់​ពង្រាយ​ហើយ​នៅតែ​ឈរជើង​សម្រាប់​ចុង​សប្តាហ៍​ទាំងមូល​។​

​លោក Chrysohoidis បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​ទូរទស្សន៍​ថា “​យើង​នៅទីនេះ​នៅ​ជិត​អ្នក យើង​នឹងមិន​ចាកចេញ​ទេ យើង​នឹងមិន​ដេក​ទេរ​ហូត​ទាល់តែ​គ្រោះថ្នាក់​ទាំងអស់​បាន​ថយចុះ​យើង​នឹង​យកឈ្នះ​វា​ជាមួយគ្នា​”​។​

​ការរញ្ជួយ​ដី​នេះ​បាន​វាយប្រហារ​នៅ​ភាគ​ពាយព្យ​ទីក្រុង​អា​តែ​ន​ពោលគឺ​ស្ថិតនៅ​ជិត​កន្លែង​ដែល​ការរញ្ជួយ​ដី​កម្រិត​៥.៩​រ៉ិ​ច​ទ័​រ​ក្នុង​ខែកញ្ញា​ឆ្នាំ​១៩៩៩​បាន​បណ្តាល​ឲ្យ​មនុស្ស​១៤៣​នាក់​ស្លាប់​នៅក្នុង​និង​ជុំវិញ​រដ្ឋធានី​។​

​ទូរទស្សន៍​រដ្ឋ ERT បាន​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​បួន​នាក់​បាន​រងរបួស​បន្តិច​បន្តួច​រួមទាំង​អ្នកទេសចរ​មាន​ផ្ទៃពោះ​ម្នាក់​និង​ក្មេងប្រុស​ម្នាក់​ផងដែរ​ហើយ​យ៉ាងហោចណាស់​មាន​អគារ​ដែល​គេ​បោះបង់ចោល​ចំនួន​ពីរ​នៅក្នុង​រដ្ឋធានី​បាន​បាក់​រលំ​ខណៈដែល​អគារ​ជាច្រើន​ទៀត​បាន​រង​ការខូចខាត​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា “​ជីវិត​នៅ​ទីក្រុង​អា​តែ​ន​បាន​វិលត្រឡប់​មករក​ភាព​ធម្មតា​វិញ​ហើយ​”​។​

​គ្រាអាសន្ន​កាលពី​ថ្ងៃ​សុក្រ​គឺជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​ត្រឹមតែ​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​សម្រាប់​រដ្ឋបាល​អភិរក្ស​ថ្មី​របស់លោក​នាយករដ្ឋមន្ត្រី Kyriakos Mitsotakis ដែល​បាន​ចូលកាន់​តំណែង​បន្ទាប់ពី​ការបោះឆ្នោត​ថ្ងៃទី​៧​ខែកក្កដា​។​

​នៅ​កណ្តាល​ទីក្រុង ឈើឆ្កាង​លើដំបូល​នៃ​ព្រះវិហារ​ជា​ប្រវត្តិសាស្ត្រ​សតវត្សរ៍​ទី​១៩​មួយ​បាន​រង្គើ​ហើយ​បាក់​ធ្លាក់​លើផ្លូវ​នៅ​ខាងក្រោម​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114