ព័ត៍មានទាន់​ហេតុការណ៏
Search

ហួស​ថ្ងៃ​កំណត់​ នៅតែ​មិនទាន់​រុះរើ​ចេញ អាជ្ញាធរ​ចុះ​កាត់​ និង​វាយ​ចេញ​ ដើម្បី​កុំ​ឲ្យ​ម្ចាស់​ហត់នឿយ​

ភ្នំពេញ​ ៖ ​បន្ទាប់ពី​អាជ្ញាធរ​ចេញ​សេចក្ដីជូនដំណឹង​ជា​លើក​ទី​២​ ដើម្បី​ឲ្យ​ម្ចាស់​សំណង់​គ្រប់​ប្រភេទ​ដែល​សង់​រំលោភ​លើ​ចិញ្ចើមផ្លូវ ​ពិសេស​ហួស​បង្គោល​អគ្គិសនី​ចាស់​នោះ​ត្រូវ​រុះរើ​ចេញ​ ប៉ុន្តែ​ម្ចាស់​សំណង់​មិន​អើពើ ​គឺមាន​តែ​ប្រើ​កម្លាំង​រុះ​រើចេញ​តែប៉ុណ្ណោះ​។​

​តាម​សេចក្ដីជូនដំណឹង​របស់​សាលាខណ្ឌ​ច្បារអំពៅ ​ចុះហត្ថលេខា​ដោយ​ លោក​ ចេង មុនី​រ៉ា​ អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ ​កាលពី​ថ្ងៃទី​៥​កក្កដា​នេះ​ គឺ​បាន​ណែនាំ​ដល់​ម្ចាស់​សំណង់​ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ សូម​រុះរើ​សំណង់ របង តូប រោង សំយាប​ និង​ឈូសឆាយ​ចេញ​នូវ​ការ​ចាក់​បន្តុប​នានា​នៅលើ​ចំណីផ្លូវ​សាធារណៈ​ចេញ​វិញ​ទាំងអស់​ ត្រឹម​ចំណុច​បង្គោល​អគ្គិសនី​ចាស់​ចេញ​ឲ្យ​អស់​ក្នុង​រយៈពេល​៧​ថ្ងៃ​។​

​សាលាខណ្ឌ​ច្បារអំពៅ​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា​ បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​សំណង់​ នឹង​ចូលរួម​អនុវត្តន៍​តាម​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង​ខាងលើ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ និង​មាន​ប្រសិទ្ធភាព​។

​ក្នុងករណី​ លោក លោកស្រី​ម្ចាស់​លំនៅដ្ឋាន​ មិន​អនុវត្ត​​តាម​ការណែនាំ​ខាងលើ​ សាលា​ខណ្ឌ​នឹង​ចាត់​វិធានការណ៍​រុះរើ​ដោយ​ពុំ​ទទួលខុសត្រូវ​រាល់​ការខូចខាត​ឡើយ​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​១៩​កក្កដា​នេះ ​ដោយ​ម្ចាស់​លំនៅដ្ឋាន​មិន​អនុវត្ត​តាម ​ទើប​ លោក​ចេង មុនី​រ៉ា អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ បាន​ចាត់តាំង ​លោក​រស់ សុភ​គ្គ័ អភិបាលរងខណ្ឌ​ និង​លោក ​ញាណ ចាន់​សោភា នាយរង​រដ្ឋបាល​សាលា​ខណ្ឌ ​ដឹកនាំ​កម្លាំង​ចុះទៅ​ធ្វើការ​រុះរើ​ដោយមាន​ការ​សហការ​ពី​លោកស្រី​ចៅសង្កាត់​វាល​ស្បូវ​ទៀត​ផង​៕​

ដោយ ៖ ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114