ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​អាល្លឺម៉ង់​រម្លឹក​ដល់​វីរបុរស​ក្នុង​ប្រតិបត្តិ​ការប៉ុនប៉ង​ធ្វើឃាត​កម្ម​លោក ហ៊ី​ត្លែរ

នៅ​ថ្ងៃ​សៅរ៍ ប្រទេស​អាល្លឺម៉ង់​បានធ្វើ​ការគោរព​ដល់​លោក Claus von Stauffenberg និង​អ្នក​ដទៃទៀត​ដែល​ព្យាយាម​ធ្វើឃាត​លោក អា​ដូ​ហ្វ ហ៊ី​ត្លែរ កាលពី​៧៥​ឆ្នាំមុន​។​

​ក្នុងការ​ប៉ុនប៉ង​នៅ​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​១៩៤៤ លោក Stauffenberg និង​អ្នក​រួមគំនិត​ជាន់ខ្ពស់​ដទៃទៀត​នៅក្នុង​របប​ណា​ហ្ស៊ី​បាន​ព្យាយាម​សម្លាប់​លោក​ហ៊ី​ត្លែរ​នៅឯ​ទីស្នាក់ការ Wolf’s Lair របស់លោក​។​

​ផែនការ​គឺ​ដើម្បី​រឹបអូស​គ្រប់គ្រង​របប​នេះ​និង​បង្កើត​សន្តិភាព​ជាមួយ​បណ្តា​សម្ព័ន្ធមិត្ត​លោកខាងលិច​ដើម្បី​បញ្ចប់​សង្គ្រាមលោកលើកទី​២​។ ប៉ុន្តែ​លោក​ហ៊ី​ត្លែរ​បាន​រួចផុតជីវិត​ពី​ការ​បំផ្ទុះ​គ្រាប់បែក​ហើយ​លោក Stauffenberg និង​បុគ្គល​សំខាន់ៗ​ដទៃទៀត​នៅក្នុង​ប្រតិបត្តិការ Valkyrie ត្រូវបាន​ប្រហារជីវិត​នៅ​យប់នោះ​។​

​លោកស្រី​អធិការបតី Angela Merkel បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​អំពី​ពិធី​រម្លឹក​ខួប​នេះ​ចំ​ពេលដែល​កងកម្លាំង​ស្តាំនិយម​មានការ​កើនឡើង​ជាថ្មី​ម្តងទៀត​ជាមួយនឹង​ជំហរ​ជាតិនិយម​របស់​ពួកគេ​។​

​លោកស្រី​និយាយថា “​ថ្ងៃនេះ​គឺជា​ការ​រម្លឹក​របស់​ពួកយើង​មិន​ត្រឹមតែ​ដល់​អ្នក​ដែល​បានធ្វើ​សកម្មភាព​នៅ​ថ្ងៃទី​២០​ខែកក្កដា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ចំពោះ​អ្នក​ដែល​ប្រឆាំងនឹង​របប​ណា​ហ្ស៊ី​ផងដែរ​។ នៅថ្ងៃនេះ យើង​ក៏មាន​កាតព្វកិច្ច​ដូចគ្នានេះដែរ​ដើម្បី​ប្រឆាំងនឹង​និន្នាការ​ទាំងអស់​ដែល​ព្យាយាម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​។ នោះ​រួមមាន​ទាំង​ភាពជ្រុលនិយម​ផងដែរ​”​។​

​លោក Stauffenberg និង​ប្រតិ​ប​ត្ដិ​ការ Valkyrie របស់គាត់​ក៏ត្រូវ​បាន​គេ​យកទៅ​ផលិត​ជា​ខ្សែភាពយន្ត​ផងដែរ​នៅក្នុង​ឆ្នាំ​២០០៨​នៅពេល​តារា​សម្តែង Tom Cruise បាន​ដើរតួ​ជា​វីរៈបុរស​ដែល​បាន​ដឹកនាំ​សកម្មភាព​ប្រឆាំងនឹង​ហ៊ី​ត្លែរ​និង​របប​សម្លាប់​រង្គាលរ​បស់​គាត់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បន្ទាប់ពី​សង្គ្រាមលោកលើកទី​២ មនុស្ស​មួយចំនួន​នៅក្នុង​អតីត​ប្រទេស​អាល្លឺម៉ង់​ខាងលិច​ដែលជា​កន្លែង​អតីត​ពួក​ណា​ហ្ស៊ី​បាន​កាន់តំណែង​សំខាន់ៗ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ថ្មី​ក៏បាន​ចាត់ទុក​លោក Stauffenberg ថា​ជា​ជន​ក្បត់ជាតិ​ផងដែរ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114