ព័ត៍មានទាន់​ហេតុការណ៏
Search

១០​ឆ្នាំក្រោយ​សន្ធិសញ្ញា​មិត្តភាព TAC អ្នកនាំពាក្យ​រាជរដ្ឋាភិបាល អំពាវនាវ​ឲ្យ​អាមេរិក​គោរព​កិច្ច​សន្យា​ កិច្ចព្រមព្រៀង និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន

​ភ្នំពេញ ​៖ ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០១៩ ខាងមុខនេះ គឺជា​ខួប​១០​ឆ្នាំ នៃ​ការ​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ (TAC) នៅ​ភូ​កេ​ត ប្រទេស​ថៃ កាលពី​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០១៩ រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក ដែល​កិច្ចព្រមព្រៀង​នោះ មានចែង​យ៉ាង​ច្បាស់​អំពី​គោលការណ៍​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​អាស៊ាន ហើយ​នៅក្នុង​ខួប​១០​ឆ្នាំនេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុ​ជា​សង្ឃឹម​ថា សហរដ្ឋអាមេរិក នឹង​គោរព​កិច្ចសន្យា កិច្ចព្រមព្រៀង និង​ការ​ប្ដេជ្ញា​ចិត្ត​របស់ខ្លួន ដើម្បី​ក្លាយជា​ប្រទេស​ស៊ីវិល័យ​ពិតប្រាកដ​។​

​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ស្តីពី​សហរដ្ឋអាមេរិក ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ (TAC) ចុះ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០០៩ នៅ​ភូ​កេ​ត ព្រះរាជាណាចក្រ​ថៃ (​បកប្រែ​ក្រៅផ្លូវការ​) បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហ​ប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​ឆ្នាំ​១៩៧៦ ដែល​ជា​គន្លឹះ​មួយ នៃ​កិច្ចព្រមព្រៀង​ក្នុង​តំបន់ ស្ដីពី​ការ​រួមរស់ ដោយ​សន្តិភាព និង​កិច្ច​សហ​ប្រតិបត្តិការ​ទៅវិញទៅមក​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា នៅ​ក្នុង​ពិធី​មួយ ដែល​បាន​ធ្វើឡើង​បន្ទាប់ពី​សន្និសីទ​រវាង​រដ្ឋមន្ត្រី ជាមួយ​សហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេស​ នៃ​ភាគី​ជាប់កិច្ចសន្យា​ជាន់ខ្ពស់​អាស៊ីអាគ្នេយ៍​ទាំង​១០ និង​ លោកស្រី Hillary Clinton រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​ចុះហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​នេះ ដែល​ជា​ឧបករណ៍​ នៃ​ការ​ពន្យារ និង​ ការ​ចូល​ជា​ធរមាន​ចំពោះ TAC​។​

​ទាក់ទង​បញ្ហា​នេះ លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍ ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០១៩​ថា សហរដ្ឋអាមេរិក ដើម្បី​ក្លាយខ្លួនជា​ភាព​គូភាគី​ដៃគូ​ពិភាក្សា បាន​ប្ដេជ្ញា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ ដែល​ក្នុងនោះ​មានចែង​ច្បាស់​អំពី​គោលការណ៍​មិន​ជ្រៀតជ្រែក​ចូល​ក្នុង​បញ្ហា​ផ្ទៃក្នុង​របស់​អាស៊ាន ដូច្នេះ​នៅសល់​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដែល​ជា​ថ្ងៃ​ខួប​ទី​១០ នៃ​កិច្ចព្រមព្រៀង​រវាង​សហរដ្ឋ​អា​មេ​រិក ជាមួយ​អាស៊ាន​នេះ​។

លោក​បន្តថា ចំពោះ​កម្ពុជា​វិញ យើង​នៅតែ​នៅតែ​គោរព​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​មិត្តភាព​នៅក្នុង​គោលដៅ​មិន​លូកលាន់​នៅក្នុង​កិច្ចការ​ផ្ទៃ​ក្នុងនៃ​ប្រទេស​ណាមួយ ជាពិសេស​ជាមួយ​សហរដ្ឋ​អាមេរិក​។​

​តាម​លោក ផៃ ស៊ី​ផាន ពីរ​ថ្ងៃ​ទៀត ដែលជា​ថ្ងៃ​យើង​រំលឹក​នូវ​ខួប​១០​ឆ្នាំ នៃ​ការចុះហត្ថលេខា​រយៈពេល​១០​ឆ្នាំកន្លងមក យើង​សង្ឃឹមថា ការអនុវត្ត​នូវ​សេចក្តី​ព្រមព្រៀង​នេះ នឹង​ក្លាយទៅជា​ទិស​ដៅ​មួយ ដើម្បី​ផលប្រយោជន៍ ដើម្បី​កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​។ ទោះជា​យ៉ាងណា​ លោក ផៃ ស៊ី​ផាន បាន​អះអាងថា នៅក្នុង​ខួប​១០​ឆ្នាំនេះ កម្ពុជា​មិនបាន​រៀបចំ​ពិធី​អ្វី​នោះទេ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ ដែល​អ្នកនយោបាយ​រប​ស់​សភា​ជាន់​ទាប​សហរដ្ឋអាមេរិក បានធ្វើ​សេចក្ដីព្រាងច្បាប់​ក្នុងការ​ដាក់ទណ្ឌកម្ម​ម​កលើ​កម្ពុជា ដែល​នេះ​វា​មិន​ត្រឹមតែ​ប្រឆាំង​តែ​គោលការណ៍​នៅ​អង្គការ​សហប្រជាជាតិ​នោះទេ តែ​វា​ប្រឆាំង​នូវ​សេចក្តី​សម្រេច និង​កិច្ចព្រមព្រៀង​រវាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក​ផងដែរ​។​

​ក្រោយពី​ចុះ​កិច្ចព្រមព្រៀង​រវាង​អាស៊ាន និង​អាមេរិក រយៈពេល​១០​ឆ្នាំ​មកនេះ អ្នកនាំពាក្យ​រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​មើលឃើញថា រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ហាក់ដូចជា​បាន​សហការគ្នា​អនុវត្ត​នូវ​សេចក្តី​ព្រមព្រៀង​នេះ​បាន​ចំនួន​ធំ ប៉ុន្តែ​មួយចំនួនទៀត ហាក់ដូចជា​មិនបាន​បង្ហាញ​នូវ​ការអនុវត្ត​ពេញលេញ​នូវ​កិច្ចព្រមព្រៀង ដែលជា​សេចក្តីសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​នៅឡើយ​ទេ​។ ចំណែក​កម្ពុជា ​មិនមែនជា​ប្រទេស​ទោល ហើយ​ឯកា​នោះទេ ហើយ​សេចក្ដីស្នើ ​នៃ​ការចុះហត្ថលេខា នៅក្នុង​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​នោះ គឺមាន​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​ផងដែរ ពីព្រោះ​កម្ពុជា គឺជា​សមាជិក​របស់​អា​ស៊ាន​។​

​ជាមួយនឹង​ការលើកឡើង​ខាងលើនេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រូបនេះ បាន​បញ្ជាក់ថា “​ខ្ញុំ​សង្ឃឹម​ថា អ្នកនយោបាយ​សហរដ្ឋ​អាមេរិក គួរតែ​ប្រកាន់​នូវ​ភាព​ស៊ីវិល័យ គោរព ​នូវ​កិច្ចសន្យា កិច្ច​ព្រមព្រៀង និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួនឯង ទើប​ហៅថា ប្រទេស​ស៊ីវិល័យ​”៕

ដោយ ៖ កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114