ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​ក្រុមហ៊ុន​ជប៉ុន ​ដែល​ត្រូវ​ភ្លើង​ឆេះ ​បាន​កាន់ទុក្ខ​បុគ្គលិក​វ័យក្មេង

ជនរងគ្រោះ​ជាច្រើន​នាក់​ក្នុងការ​វាយប្រហារ​ដោយ​ការ​លួច​ដុត​នៅ​ស្ទូ​ឌី​យោ​គំនូរជីវចល​របស់​ជ​ប៉ុន​គឺមាន​វ័យក្មេង​ជាមួយនឹង​អនាគត​ដ៏​ភ្លឺស្វាង​។ នេះ​បើតាម​សម្តី​របស់​ប្រធាន​ក្រុមហ៊ុន​ដែល​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ខណៈ​ចំនួន​អ្នកស្លាប់​បាន​ឡើងដល់​៣៤​នាក់​។​

​ការវាយប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លើ​ក្រុមហ៊ុន Kyoto Animation គឺជា​ការសម្លាប់​រង្គាល​អាក្រក់​បំផុត​របស់​ប្រទេស​ជប៉ុន​នៅក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​មកនេះ​។ អ្វីដែល​កាន់តែ​ឈឺចាប់​ជាងនេះទៅទៀត​នោះ​គឺថា ជនរងគ្រោះ​ជាច្រើន​គឺជា​យុវជន​។​

​ប្រធាន​ក្រុមហ៊ុន​លោក Hideaki Hatta បាន​និយាយថា ជនរងគ្រោះ​ភាគច្រើន​នៃ​ការវាយប្រហារ​ក្នុង​រដ្ឋធានី​បុរាណ​ក្យូ​តូ​នេះ​គឺជា​ស្ត្រី​វ័យក្មេង​។​

​លោក​បាន​និយាយថា “​ពួកគេ​មួយចំនួន​ទើបតែ​បាន​ចូលរួម​ជាមួយ​យើង​កាលពី​ខែមេសា​ប៉ុណ្ណោះ​ហើយ​នៅ​ថ្ងៃទី​៨​ខែកក្កដា ខ្ញុំ​បានផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដំបូង​ដល់​ពួកគេ​ថ្វីបើ​តិចតួច​ក៏ដោយ​”​។​

​លោក Hatta បាន​និយាយទៀតថា “​មនុស្ស​ដែលមាន​អនាគត​ល្អ​បាន​បាត់​បង់ជីវិត​។ ខ្ញុំ​មិនដឹងថា​ត្រូវ​និយាយ​អ្វី​នោះទេ​។ ខ្ញុំ​ពិតជា​ខឹង​ខ្លាំងណាស់​”​។​

​ទូរទស្សន៍ NHK បាន​ផ្សាយ​ថា ជនរងគ្រោះ​ចំនួន​១៥​នាក់​គឺ​ស្ថិតក្នុង​វ័យ​២០​ឆ្នាំ​និង​១១​នាក់​ស្ថិតក្នុង​វ័យ​៣០​ឆ្នាំ​។ ប្រាំមួយ​នាក់​ស្ថិតក្នុង​វ័យ​៤០​ឆ្នាំ​ហើយ​ម្នាក់ទៀត​មាន​អាយុ​យ៉ាងតិច​៦០​ឆ្នាំ​។ អាយុ​របស់​ជនរងគ្រោះ​ចុងក្រោយបង្អស់​ដែល​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​គឺ​មិន​ត្រូវបាន​គេ​ដឹង​ទេ​។​

​ស្ទូ​ឌី​យោ​នេះ​មាន​បុគ្គលិក​ប្រហែល​១៦០​នាក់​ដែលមាន​អាយុ​ជា​មធ្យម​៣៣​ឆ្នាំ​។​

​ប៉ូលិស​បានបញ្ជាក់​ពី​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ​ថា​មានឈ្មោះ Shinji Aoba ប៉ុន្តែ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​និយាយថា លោក Aoba ត្រូវបាន​គេ​កាត់ទោស​ពីបទ​ប្លន់​កាលពី​អតីតកាល​ហើយ​ត្រូវបាន​គេ​សង្ស័យថា​ជា​អ្នក​លួច​ដុត​ស្ទូ​ឌី​យោ​ដោយសារតែ​គាត់​យល់ថា រឿង​ប្រលោមលោក​របស់គាត់​ត្រូវបាន​ក្រុមហ៊ុន​នេះ​លួច​ចម្លង​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114