ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖ គូ​ជក់ចិត្ត វិសាខា ទទួល​ភ្នំពេញ​ក្រោ​ន ខណៈ​ណាហ្គា រួមជាមួយ ទ័ព និង​ព្រះខ័ន​រាជ​ស្វាយរៀង រំពឹង​រកបាន ៣​ពិន្ទុ ក្នុង​សប្ដាហ៍​ទី​១៦

នៅ​ថ្ងៃអាទិត្យ ទី​២១ ខែកក្កដា ឆ្នាំ​២០១៩ មានការ​ប្រកួត ៤​គូ​នៅ​ក្នុង​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា ដែលមាន​ដូចជា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ទទួល ណាហ្គា​វើ​លដ៍ ស្រប​ពេល​ដែល​ខេត្តកំពង់ចាម ទទួល ក្រសួងការពារជាតិ ខណៈ វិសាខា ទទួល ភ្នំពេញ​ក្រោ​ន និង​គូ​ចុងក្រោយ ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ គីរីវង់​សុខ​សែន​ជ័យ​។

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ទទួល ណាហ្គា​វើ​លដ៍
ជំនួប​រវាង​ក្រុម​ទាំងពីរ នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា វេលា​ម៉ោង ៣​និង​៣០​នាទី​សៀ​ល ផ្សាយ​ផ្ទាល់​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កម្ពុ​ជាថ្មី​។ បច្ចុប្បន្ន​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កំពុង​ស្ថិតនៅ​លេខ​រៀង​ទី​១១ មាន ១៤​ពិន្ទុ​។ ខណៈ​ដែល​ណាហ្គា​វើ​លដ៍ វិញ​បច្ចុប្បន្ន​មាន ៣៤​ពិន្ទុ ហើយ​ប្រកួត​នេះ ត្រូវការ​ឈ្នះ​ជា​ចាំបាច់​ដើម្បី​បន្ត​ដេញ​តាម គូប្រជែង​លី​គ ព្រះខ័ន​រាជ​ស្វាយ ដែលមាន ៣៩​ពិន្ទុ​ក្នុង​ដៃ​។

ជំនួប​កាលពី​ជើង​ទី​១​រវាង​ក្រុម​ទាំងពីរ គឺ ណាហ្គា​វើ​លដ៍ ឈ្នះ អគ្គស្នងការដ្ឋាន​នគរបាលជាតិ ៦-០ ក្នុង​សប្តាហ៍​ទី២។

ខេត្តកំពង់ចាម ប៉ះ ក្រសួងការពារជាតិ
ជំនួប​រវាង​ក្រុម​ទាំងពីរ នឹង​ចាប់ផ្តើម​ម៉ោង ៣​និង​៣០​នាទី​រសៀល​ដូចគ្នា នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ BTV​។ កំពង់ចាម កំពង់​ត្រូវ​បាន​គេ​ដាក់​ចាប់អារម្មណ៍​នៅ​ជើង​ទី​២ បន្ទាប់ពី​នាំចូល​សមាជិក​ថ្មី​ល្អ​ៗ​មួយ​ចំនួន ធ្វើ​កែប្រែ​លទ្ធផល​ពី​ការ​ចាញ់​ច្រើន​គ្រាប់ កាត់បន្ថយ​មក​នៅ​បន្តិចបន្តួច ជាក់ស្ដែង ២​ប្រកួត​កន្លងមក​នេះរ​បូត ៧​គ្រាប់​ប៉ុណ្ណោះ បើ​ធៀប​ទៅនឹង​ប្រកួត​មុនៗ​ត្រឹម​មួយ​ប្រកួត​អាច​របូត​ដល់​លើស ៧​គ្រាប់​នៅ​ទៅទៀត​។ យ៉ាងណាមិញ ងាក​មក​ចំណាត់ថ្នាក់​របស់​ខេត្តកំពង់ចាម បច្ចុប្បន្ន​នៅតែ​បន្ត​ឈរ​បាត​តារាង​ដដែល ដោយ​រក​បានតែ​៣​ពិន្ទុ ពី​ការប្រកួត​១៥​ដង​។ ដោយឡែក​ក្រសួងការពារជាតិ វិញ​បច្ចុប្បន្ន​ស្ថិតនៅ​លេខ​៧ មាន​២៣​ពិន្ទុ​ក្នុង​ដៃ​។

ជំនួប​កាលពី​ជើង​ទី​១​រវាង​ក្រុម​ទាំងពីរ គឺ​កំពង់ចាម ចាញ់​ក្រសួងការពារជាតិ ១១-០ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ដដែល​នេះ​។

​វិសាខា ប៉ះ ភ្នំពេញ​ក្រោ​ន
នេះ​គឺជា​ការប្រកួត​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ​ក្នុង​សប្ដាហ៍​នេះ នាម​ជា​ក្រុម​ខ្លាំង​ដូចគ្នា​និង​ធ្លាប់​មាន​រឿង​ចម្រូងចម្រាស​កាលពីដើម​រដូវ​កាល​ផង​ដែរ​នោះ​។ ងាក​មក​តារាង​ចំណាត់ថ្នាក់​វិញ ម្ចាស់ផ្ទះ​វិសាខា ហាក់​មានប្រៀប​ជាង​បន្តិច ដោយ​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លេខ​៤ មាន​៣១​ពិន្ទុ ជា​មួយ​នឹង​ការប្រកួត​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ហាក់​បង្ហាញ​ទម្រង់​លេង​មកវិញ​បន្ទាប់ពី​ការ​បណ្តេញចេញ​គ្រូបង្វឹក លោក ហុក សុ​ជីវន្ត កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​។ ដោយឡែក​សម្រាប់​ក្រុម​ភ្នំពេញ​ក្រោ​ន ដែល​រុះរើ​គ្រូបង្វឹក​ដូចគ្នា​នោះ ក៏បាន​បង្ហាញ​ទម្រង់​លេង​ល្អ​មកវិញ​ផងដែរ ដោយ​មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ ៧​ប្រកួត​ជាប់ៗ​គ្នា ហើយ​បច្ចុប្បន្ន​ឈរ​នៅ​លេខ​៥ មាន​២៨​ពិន្ទុ គម្លាត​ពី​វិសាខា ៣​ពិន្ទុ​ប៉ុណ្ណោះ​។

ការប្រកួត​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​វិសាខា វេលា​ម៉ោង ៦​ល្ងាច ផ្សាយ​ផ្ទាល់​នៅលើ​ទូរទស្សន៍ BTV News ផងដែរ​។ ចាំបាន​ថា​ជំនួប​កាលពី​ជើង​ទី​១​រវាង​ក្រុម​ទាំងពីរ គឺ ភ្នំពេញ​ក្រោ​ន ចាញ់ វិសាខា ក្នុង​ដី​ខ្លួន ១​ទល់​៣​។

ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ គីរីវង់​សុខ​សែន​ជ័យ
អាច​ថា​នេះ​គឺជា​ការប្រកួត​ដែល​ព្រះខ័ន​រាជ​ស្វាយរៀង សង្ឃឹម​ជឿជាក់​ថា ​នឹង​បន្ថែម​កំណត់ត្រា​ជា​ក្រុម​មិនទាន់​ស្គាល់​បរាជ័យ បើ​ធៀប​ទៅនឹង​លទ្ធផល​កាលពី​ជើង​ទី​១ ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ គីរីវង់​សុខ​សែន​ជ័យ ០​ទល់​២​។ និយាយ​ពី​ស្ថានភាព​របស់ ព្រះខ័ន​រាជ​ស្វាយរៀង បច្ចុប្បន្ន​នៅតែ​បន្ត​ឈរ​កំពូល​តារាង ៦​សប្ដាហ៍​ជាប់ៗ​គ្នា ដោយ​ប្រកួត​១៥​លើក ឈ្នះ ១២​ប្រកួត និង​ស្មើ ៣​ប្រកួត មាន ៣៩​ពិន្ទុ​។ ចំណែកឯ គីរីវង់​សុខ​សែន​ជ័យ វិញ ឈរ​នៅ​លេខ​រៀង​ទី​១០ ក្រោយ​ប្រកួត​ឈ្នះ​៥ មិនដែល​ស្មើ និង​ចាញ់​១០​ប្រកួត មាន ១៥​ពិន្ទុ​។

ការប្រកួត​របស់​ពួកគេ​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង វេលា​ម៉ោង ៦​ល្ងាច ផ្សាយ​ផ្ទាល់​លើ​គណនី Youtube របស់​គណកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ផងដែរ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114