ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ចុះ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​កូនចៅ​ផ្ទុក​សារជាតិ​ញៀន​ឲ្យ​ទៅពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខណ្ឌ​ដោយ​ឥត​គិត​ប្រាក់

ភ្នំ​ពេ​ញ ៖ លោក​ណុប ផា អភិបាលរងខណ្ឌ​ច្បារអំពៅ​រួម​ជា​មួយ​លោក​ចៅសង្កាត់​និង​មេ​ប៉ុស្តិ៍​ក្បាលកោះ​កាលពី​រសៀល​ថ្ងៃទី​១៩ ​ខែកក្កដា​នេះ​ បាន​ជួប​ជុំ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ក្បាលកោះ​ដើម្បី​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​កូនចៅ​ផ្ទុក​សារជាតិ​ញៀន​ឲ្យ​ទៅ​ធ្វើ​ការពិនិត្យ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ដោយ​ឥតគិតថ្លៃ​។

លោក​ណុប ផា បាន​មានប្រសាសន៍ថា​ ការ​ជួបជុំ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ក្បាលកោះ​នា​ថ្ងៃនេះ​ គឺ​ក្នុង​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​និង​បាន​ពន្យល់​ប្រជាពលរដ្ឋ​ដែល​មាន​បងប្អូន​ជាប់​សារជាតិ​ញៀន​ឲ្យ​ទៅ​ពិនិត្យ​និង​ព្យាបាល​បន្សាប​នៅ​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ជា​រៀងរាល់​ម៉ោង​ធ្វើការ​ដោយ​ឥតគិតថ្លៃ​។

បំណង​ពិសេស​មួយទៀត ​គឺ​ចង់​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំង​គ្នា​ចូលរួម​អនុវត្តន៍​នូវ​គោលនយោបាយ​ស្តី​អំពី​ភូមិ សង្កាត់​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល​។

លោក​ណុប ផា បាន​បញ្ជាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ថា ​បើសិនជា​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្តន៍​នូវ​ផែនការ​នេះ​គឺ​ភូមិ​សង្កាត់​របស់​យើង​និង​ត្រូវ​កាត់បន្ថយ​នូវ​បទល្មើស​ជាច្រើន​ដែល​ជន​សង្គម​ងងឹត​ប្រព្រឹត្តិ​ធ្វើឡើង​ក្នុង​មូលដ្ឋាន​របស់​យើង​។​ ហើយ​បើ​ចង់​ឲ្យ​ផែនការ​នេះ​ទទួលបាន​ជោគជ័យ​គឺ​ចាំបាច់​មានការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​។

គួរ​បញ្ជាក់​ថា ជា​រៀងរាល់​សប្តាហ៍​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​តែង​ដាក់​ផែនការ​ប្រជុំ​ផ្សព្វផ្សាយ​ក្នុង​វេទិកា​សា​ធា​រណៈ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្តា​សង្កាត់​ដើម្បី​ចង់បាន​សំណូមពរ​របស់​ប្រជាពលរដ្ឋ​យក​មក​ដោះស្រាយ​ចៀសវាង​ទៅ​និយាយ​តាម​តុ​កាហ្វេ​ ដែល​មិន​មាន​ប្រយោជន៍​ក្នុង​ការ​ដោះស្រាយ​នោះ​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114