ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ប៉ាន សូរ​ស័ក្តិ ប្រាប់ ឥណ្ឌូនេស៊ី ថា កម្ពុជា​ចង់​នាំ​អង្ករ​ក្រអូប​ទៅកាន់​ឥណ្ឌូនេស៊ី និង​ពង្រឹង​កិច្ចសហការ​ផលិត​គ្រឿង​បង្គំ​ទោចក្រយាន

សៀមរាប​ ៖ ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូនេស៊ី ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​នៅ​សួនច្បារ​ខាងជើង​ស្ពានថ្ម ក្បែរ​ព្រះរាជដំណាក់​ក្រុង​សៀមរាប កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ លោក លោក ប៉ាន សូរ​ស័ក្តិ ប្រាប់​ជំទាវ អ៊ី​ណា ហា​នី​ង​ត្យា​ស គ្រី​ស្នា​មឺ​ទី (Ina Hagningtyas Krisnamurthi) ប្រឹក្សា​ពិសេស​ក្រសួងការបរទេស​ទទួល​បន្ទុក​សេដ្ឋកិច្ច​ការទូត​ឥណ្ឌូនេស៊ី ថា កម្ពុជា​ចង់​នាំ​អង្ករ​ក្រអូប​ទៅកាន់​ឥណ្ឌូនេស៊ី និង​ពង្រឹង​កិច្ចសហការ​ផលិត​គ្រឿង​បង្គំ​ទោចក្រយាន​។

​នៅ​ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​លើក​ឡើង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូនេស៊ី ដែល​កាលពី​ឆ្នាំ​២០១៨ សម្រេច​បាន​ទឹកប្រាក់ ៥៥៨.៦២​លាន​ដុល្លារ (​កម្ពុជា​នាំចូល ៥២៥,៦​លាន​ដុល្លារ និង​នាំចេញ ៣៣​លាន​ដុល្លារ​) និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច (​ការ​មិន​យកពន្ធ​ត្រួត​គ្នា និង​ទប់ស្កាត់​អំពើ​បន្លំ​ពន្ធ​ពាក់ព័ន្ធ​ប្រាក់ចំណូល​) ក៏ដូចជា​វិស័យ​ទេសចរណ៍ (​ការបើក​ជើង​ហោះហើរ​ត្រង់​ពី​ទីក្រុង​ហ្សា​កាតា​-​ភ្នំពេញ​) ដែល​ប្រទេស​ទាំង​ពីរបាន​ចុះ​អនុស្សរណៈ​នាពេល​ថ្មីៗ​នេះ​។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​ទៅ​ភាគី​ឥណ្ឌូនេស៊ី​ថា កម្ពុជា​មានបំណង​នាំ​អង្ករ​ក្រអូប «​ផ្កា​ម្លិះ​អង្គរ​» ដែល​ទទួលបាន​ចំណាត់​លេខ​១ កាលពី​ឆ្នាំ​២០១៨ ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពង្រឹង​កិច្ចសហការ​លើ​ឧស្សាហកម្ម​ផលិត​សម្ភារ និង​គ្រឿង​បង្គំ​ទោចក្រយាន​នៅក្នុង​ប្រទេស ព្រមទាំង​អភិវឌ្ឍន៍​ឧស្សាហកម្ម​គាំទ្រ​សម្រាប់​ការផលិត​ទោចក្រយាន ដើម្បី​បង្កើន​តម្លៃបន្ថែម​ក្នុងស្រុក​សម្រាប់​ផលិតផល​នេះ និង​នាំចេញ​ផលិតផល​សម្រេច ១០០% ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

សូម​ជម្រាប​ថា គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៩​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ សម្រេចបាន​ទឹកប្រាក់ ១៩៦.២៦​លាន​ដុល្លារ គឺ​បាន​កើន​ឡើង ១០.៤៨% ធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨ ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ឥណ្ឌូនេស៊ី បាន​កើនឡើង ៧.៧៥% និង​នាំចូល​កើនឡើង ៥៤.១៨%​។ ដោយឡែក​សម្រាប់​ឧស្សាហកម្ម​ទោចក្រយាន កម្ពុជា​បាន​នាំចូល​បំណែក និង​គ្រឿងបន្លាស់ (​លី​ប​, តួ​, ដៃ​, ចង្កៀង​, អំ​ព្រី​យ៉ា​…) ពី​ឥណ្ឌូនេស៊ី​ចំនួន ៧,១៩​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៨៕
​ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114