ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ស៊ុន ច័ន្ទ​ថុល ប្រាប់​ឲ្យ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុសច្បាប់

ភ្នំពេញ​ ៖ រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ច័ន្ទ​ថុល បាន​ប្រាប់​ឲ្យ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​-​ខេត្ត ទាំងអស់ ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុសច្បាប់ ដើម្បី​ធានា​អាយុជីវិត​មនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង​គុណភាព​សំណង់ ទូទាំង​ប្រទេស នេះ​បើ​តាម​លិខិត​ចុះ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​។

លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក ស៊ុន ច័ន្ទ​ថុល បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ វិស័យ​សំណង់​មានការ​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស គួរ​ឲ្យ​កត់សំគាល់ ជាពិសេស​នៅតាម​ទី​រួម​ខេត្ត ទី​រួម​ស្រក ទីក្រុង និង​ទីប្រជុំជន​។ ទោះជា​យ៉ាងណាក៏ដោយ ក្រសួង​តែង​សង្កេតឃើញ​មាន​សំណង់​មួយ​ចំនួន មិន​មាន​ច្បាប់ និង​លិខិតអនុញ្ញាត​ត្រឹមត្រូវ ចេញ​ដោយ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ហើយ​បាន​ត​ភ្ជាប់​ចូល និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​របស់​រាជធានី​-​ខេត្ត ដោយ​មិនមាន​ការត្រួតពិនិត្យ លក្ខខណ្ឌ​បច្ចេកទេស និង​នីតិវិធី​ច្បាប់ ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​។

ដើម្បី​រួមចំណែក​ជំរុញ និង​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​សំណង់​ប្រព័ន្ធ​លូ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​ដើម្បី​អនុវត្ត​នូវ​វិធានការ​ចាំបាច់​សំដៅ​ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុសច្បាប់ និង​ដើម្បី​ធានា​អាយុជីវិត​មនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង​គុណភាព​សំណង់​ទូទាំងប្រទេស លោក ស៊ុន ច័ន្ទ​ថុល បាន​ណែនាំ​ចំណុច​មួយចំនួន ដែល​រួមមាន ទី​១, មិន​អនុញ្ញាត​ឲ្យ​សំណង់​ទាំងអស់ ដែល​មិន​មាន​ច្បាប់ និង​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ត​ភ្ជាប់​ចូល និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​របស់​រាជធានី​-​ខេត្ត​ឡើយ​។ ទី​២, ពង្រឹង​ការ​តាមដាន និង​ពិនិត្យមើល​ឡើងវិញ នូវ​ការ​ស្នើ​សុំ​ត​ភ្ជាប់ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​។ ទី​៣, សហការ​ជាមួយ​រដ្ឋបាល រាជ​ធា​-​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​មាន​វិធានការ​ចាំបាច់​តាម​នីតិវិធី​ច្បាប់​ដល់​ជន ដែល​បាន​ត​ភ្ជាប់​ចូល និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​របស់​រាជធានី-​ខេត្ត ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ ទី​៤, ត្រូវ​អប់រំ​ផ្សព្វផ្សាយ ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ពិសេស​ម្ចាស់​សំណង់​គ្រប់​ប្រភេទ​ទាំងអស់​ឲ្យ​យល់ដឹង​អំពី​នីតិវិធី​ច្បាប់ សម្រាប់​ការ​ស្នើសុំ​ត​ភ្ជាប់ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​ក្នុង​វិស័យ​សំណង់​សាធារណការ និង​ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ​ពិសេស​ការ​ស្នើសុំ​ត​ភ្ជាប់ និង​ប្រើប្រាស់​បណ្តាញ លូ​សាធារណៈ​។

សូម​បញ្ជាក់​ថា ការ​ដាក់ចេញ​នូវ​វិធានការ​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ច័ន្ទ​ថុល នេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស្នើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សម្រេច​លើ​វិធានការ​ចាំបាច់​មួយ​ចំនួន សំដៅ​ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុសច្បាប់ ដើម្បី​ធានា​អាយុជីវិត​មនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង​គុណភាព​សំណង់​ទូទាំង​ប្រទេស កាលពី​ថ្មីៗ​នេះ ក៏ដូចជា​ការ​បាក់​រលំ​អគារ​កម្ពស់​៧ ជាន់​នៅ​ក្រុងព្រះសីហនុ ដែល​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​៥៤​នាក់ ដែលជា​សោកនាដកម្ម​មួយ​សម្រាប់​វិស័យ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​នៅ​កម្ពុជា​។

វិធានការ ដែល​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ស្នើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ រួមមាន ទី​១, ក្រសួង​រ៉ែ និង​ថាមពល​ចាត់វិធានការ​មិន​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ការដ្ឋាន​សំណង់​។ ទី​២, ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ចាត់វិធានការ មិន​ឲ្យ​មានការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ការដ្ឋាន​សំណង់​។ ទី​៣, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ត​ភ្ជាប់​លូ​ចូល​បណ្ដាញ​លូ​សាធារណៈ​។ ទី​៤, ក្រសួង​ស្ថាប័ន និង​អង្គភាព​មាន​សមត្ថកិច្ច មិន​ត្រូវ​ផ្ដល់​លិខិតអនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​។ ទី​៥, ក្រសួង​ព័ត៌មាន និង​អង្គភាព​មាន​សមត្ថកិច្ច មិនត្រូវ​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114