ព័ត៍មានទាន់​ហេតុការណ៏
Search

ស្វែងយល់​អំពី​ក្រុម​ទាំង​៥​ក្នុង​ពូ​ល C នៅ​ពានរង្វាន់ World Cup 2022 ដំណាក់កាល​ទី​២ តំបន់​អាស៊ី​

​ក្រោយ​ការចាប់​ឆ្នោត​ជា​ផ្លូវការ​នៃ​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​២ តំបន់​អាស៊ី នៅ​ពានរង្វាន់ FIFA World Cup 2022 កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​កម្ពុជា ស្ថិតនៅក្នុង​ពូ​ល C រួម​ជា​មួយ​នឹង​គូប្រកួត​ដូចជា ក្រុម​លេខ​១​ប្រចាំ​តំបន់​អាស៊ី អ៊ីរ៉ង់​, អ៊ីរ៉ាក់​, ហុងកុង និង បា​រ៉ែ​ន។

កម្ពុ​ជាថ្មី នឹង​បង្ហាញ​នូវ​ទិន្នន័យ ក៏ដូចជា​ប្រវត្តិ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ក្រុម​ទាំង​បួន នៅ​ក្នុង​ការចូលរួម​ក្នុង​យុទ្ធនាការ បាល់ទាត់​ពិភពលោក​នា​ឆ្នាំ​កន្លង​មក ដើម្បី​ជាការ​ស្វែងយល់​ដល់​មិត្ត​អ្នកអាន​។

១. កម្ពុជា​ជា​ក្រុម​មួយ​ដែល​ស្ថិត​នៅ​ក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ ធ្លាប់​បាន​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ជុំ​ចុងក្រោយ​នៃ​ពានរង្វាន់ FIFA World Cup ចាប់​តាំង​ពី​ឆ្នាំ ១៩៩៨ ប៉ុន្តែ​កម្ពុជា ពុំ​ធ្លាប់​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​ម្តង​ណា​ឡើយ ដោយ​ធ្លាប់​ឡើង​ដល់​ដំណាក់កាល​ជំ​រុះ​តំបន់ អាស៊ី ពោលគឺ​នៅ FIFA World Cup 2018 ដែល​ទទួលរង​បរាជ័យ​ទាំង ៨​ប្រកួត ។ សម្រាប់​ឆ្នាំនេះ​វិញ ក្រោម​ការដឹកនាំ​របស់​បុរស​សញ្ជាតិ​អា​ហ្ស​ង់​ទីន Felix និង​អ្នកចាត់ការ​ទូទៅ Keisuke Honda កម្ពុជា បាន​យកឈ្នះ ប៉ា​គី​ស្ថាន ៤-១ ក្នុងការ​ប្រកួត​ជម្រុះ​ដំណាក់កាល​ទី​១ ( លទ្ធផល ២-០ នៅ​ជើង​ទី​១) កាលពី​អំឡុង​ដើមខែ​មិថុនា​កន្លងមក​។ កម្ពុជា ស្ថិតនៅ​លេខ​រៀង​ទី ១៦៩ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ( FIFA World Ranking )។

២. ហុងកុង
​ជា​ក្រុម​មួយ​ដែល​ស្ថិត​នៅ​ក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ខាងកើត និង​ធ្លាប់​បាន​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ជុំ​ចុងក្រោយ​នៃ​ពានរង្វាន់ FIFA World Cup ចាប់តាំងពី​ឆ្នាំ ១៩៧៤ រហូតដល់​បច្ចុប្បន្ន ប៉ុន្តែ​ពួកគេ​ក៏​ពុំ​ធ្លាប់ ឡើង​ទៅ​វគ្គ​បន្ត​ដូច​នឹង​កម្ពុជា​ផង​ដែរ។ អ្វីដែល​គួរ​កត់សម្គាល់​នោះ​គឺថា ហុងកុង មាន​ចំណាត់ថ្នាក់ FIFA លេខ​រៀង​ទី​១៤១ មានន័យថា​ពួកគេ​ត្រូវ​បាន​ជ្រើសរើស​ចូលទៅក្នុង​ដំណាក់កាល​ទី​ពីរ​នៃ​វគ្គ​ជម្រុះ​ដោយ​ស្វ័យប្រវត្តិ ដោយ​មិន​ចាំ​បាច់​ប្រកួត​ជម្រុះ​ដូច​កម្ពុជា​នោះឡើយ​។ បច្ចុប្បន្ន គ្រូបង្វឹក​សញ្ជាតិ​ហ្វាំ​ង​ឡង់ Mixu Paatelainen កំពុង​ដឹកនាំ​ក្រុម​មួយ​នេះ។

៣. បា​រ៉ែ​ន
​ជា​ក្រុម​ដែល​ស្ថិតនៅក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ខាងកើត បច្ចុប្បន្ន​មាន​លេខ​រៀង​ទី ១១០ ក្នុង FIFA World Ranking ។ ពួកគេ​បាន​ចូលរួម​វគ្គ​ជម្រុះ​របស់ World Cup តាំងពី​ឆ្នាំ ១៩៧៨ ហើយ​ឆ្នាំ​ដែល​ជោគជ័យ​បំផុត​របស់​ពួកគេ គឺ​នៅ​ឆ្នាំ ២០១០ ដែល​កាលនោះ បា​រ៉ែ​ន ឡើង​ទៅ​ដល់​វគ្គ​ជម្រុះ​ឆ្លង​ទ្វីប ជាវ​គ្គមួយ​ដែល​កំណត់ថា​ក្រុម​ឈ្នះ ត្រូវ​ចូលរួម​ជុំ​ចុងក្រោយ តែ​ពួកគេ​បរាជ័យ ០-១ ទល់នឹង​អូស្ត្រាលី ។ បា​រ៉ែ​ន ស្ថិត​ក្រោម​ការ​ដឹកនាំរ​ប​ស់លោក Helio Sousa សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់។

៤. អ៊ីរ៉ាក់
ជា​ក្រុម​ដែល​ស្ថិត​នៅ​ក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ខាងលិច ពួកគេ​មាន​លេខ​រៀង​ទី ៧៧ ក្នុង FIFA World Ranking ខណៈ​ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត World Cup តាំងពី​ឆ្នាំ ១៩៧៤ ។ នៅក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ ពួកគេ ឡើង​ដល់​វគ្គ​ជម្រុះ​ក្នុង​តំបន់​អាស៊ី ដំណាក់កាល​ទី​៤ ដែល​សរុប​ការប្រកួត ១៦​លើក ឈ្នះ ៦ ស្មើ ៥ និង​ចាញ់ ៥​ប្រកួត ។ ស្ថិត​ក្រោម​ការដឹកនាំ​លោក Srecko Katanec នឹងត្រូវ​ដឹកនាំ​អ៊ីរ៉ាក់ តទល់​ជាមួយ​គូប្រជែង​ដ៏​ខ្លាំង​មួយ​របស់ខ្លួន​ក្នុង​ពូ​ល C គឺ អ៊ីរ៉ង់។

៥. អ៊ីរ៉ង់​
​និយាយ​អំពី អ៊ីរ៉ង់ នរណា​ក៏​បានដឹងហើយ​ថា ពួកគេ​គឺជា​ស្តេចត្រាញ់​ក្នុង​តំបន់​អាស៊ី ដោយ​ឈរ​លេខ​រៀង​កំពូល​នៃ​តារាង​ចំណាត់ថ្នាក់​ពិភពលោក (​តំបន់​អាស៊ី​) និង​លេខ​រៀង​ទី​២០ ទូទាំង​ពិភពលោក​។ អ៊ីរ៉ង់ ទើបតែ​បានបង្ហាញ​វត្តមាន​ក្នុង World Cup ឆ្នាំ ២០១៨ ជុំ​ចុងក្រោយ កន្លងទៅ​ទេ បើទោះបី​មិនអាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ពូ​ល តែ​ពួកគេ​ធ្វើបាន​យ៉ាង​ល្អ ដោយ​ប្រកួត​ឈ្នះ ១ ស្មើ ១ និង​ចាញ់ ១ និង​របូត​គ្រាប់​បាល់​ត្រឹម ២​គ្រាប់​ប៉ុណ្ណោះ​។ អ៊ីរ៉ង់ ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក Marc Wilmots ជា​ក្រុម​ដែល​ជោគជ័យ​បំផុត​ក្នុង​តំបន់​អាស៊ី ប៉ុន្តែ​មិនទាន់​ជោគជ័យ​ក្នុង​ពានរង្វាន​កម្រិត​ពិភពលោក​មួយ​នេះឡើយ។

សូម​រំលឹក​ឡើងវិញ​ថា វគ្គ​ជម្រុះ​ដំណាក់កាល​ទី​២ របស់​ក្រុម​ទាំង​៥ ក្នុង​ពូ​ល C នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ៥ ខែកញ្ញា ឆ្នាំ ២០១៩​ខាងមុខនេះ​តទៅ រហូតដល់​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២០៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114