ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា កន្លងមក​រដ្ឋបាល​រាជធានី​បាន​ចេញ​អាជ្ញា​ប័ណ្ណ​ឲ្យ​បើក​អាជីវកម្ម​

internet cafe​ជាច្រើន​កន្លែង តែ​មាន​ម្ចាស់​អាជីវកម្ម​ខ្លះ​ប្រព្រឹត្ត​ខុសច្បាប់
ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​ការ​ផ្តល់សេវា​រដ្ឋ បាល​លើ​វិស័យ​ព័ត៌មាន​(InternetCafé) ​តាមរយៈ​ច្រកចេញចូល​តែមួយ​ រាជធានី​ភ្នំពេញ ​ដែល​ជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ​ទាំង​១៤ ​ដែល​ត្រូវ​ប្រើប្រាស់​យន្តការ​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ​ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ផ្សព្វ ផ្សាយ​រួច​អស់​ច្រើន​វិស័យ​មក​ហើយ​ក្នុង​គោលបំណង​ប្រាប់​ដល់​ប្រជាពលរដ្ឋ​,​មន្ត្រី​ពាក់​ព័ន្ធ​,​អាជីវករ​,​ពាណិជ្ជករ​ដែល​រកស៊ី​ក្នុង​វិស័យ​នីមួយៗ​បាន​យល់ដឹង​ច្បាស់​ពី​យន្តការ​ច្រកចេញចូល​តែ​១​ដែល​កាន់តែ​ងាយស្រួល ការកំណត់​ពេលវេលា​ច្បាស់លាស់ និង​តម្លៃ​សេវា​ត្រូវ​បាន​កំណត់​ប្រកបដោយ​តម្លាភាព​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​។

លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​ក្នុង​ពិធី​ផ្សព្វផ្សាយ​នា​រសៀល​ថ្ងៃ​ទី​១៩​កក្កដា បាន​លើកឡើង​ថា អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ បាន​ដំណើរការ​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ ជា​កន្លែង​ប្រមូល​ផ្តុំ​ផ្តល់​សេវា​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ទីកន្លែង​តែមួយ ងាយស្រួល​មិន​ស្មុគស្មាញ បងប្អូន​អ្នក​មក​រក​សេវា​គឺ​ដាក់​នៅ​កន្លែង​នេះ ហើយ​មក​យក​ឯកសារ​វិញ​នៅ​កន្លែង​នេះ​ដោយ​កំណត់​តម្លៃ​សេវា និង​ពេលវេលា​ច្បាស់លាស់​គ្មាន​ការ​សូកប៉ាន់​ក្រោម​តុ លើ​តុ​ខុស​នីតិវិធី​នោះឡើយ។

លោក​អភិបាលរង​ថ្លែង​ថា កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​អាជ្ញា​ប័ណ្ណ​ឲ្យ​បងប្អូន​អាជីវករ​ប្រកប​អាជីវកម្ម​(Internet Café)​ជាង​១០០​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​។​ តែ​ទីតាំង​ខ្លះ​ក្រោយពី​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ហើយ​បែរជា​ទៅ​ប្រកប​របរ​ខុសច្បាប់​ដូចជា ដាក់​ហ្គេម​បាញ់​ត្រី​,​ដាក់​ជាទី​តាំងភ្នាល់​បាល់ ជល់​មាន់​ជាដើម​ដែលជា​ល្បែងស៊ីសង​ខុសច្បាប់។

លោក​បន្ត​ថា ការ​ចេញ អាជ្ញា​ប័ណ្ណ​ឲ្យ​បងប្អូន​គឺ​ឲ្យ​រកស៊ី​ត្រឹមត្រូវ​ស្របច្បាប់ តែ​បើ​បងប្អូន​ទៅ​ប្រព្រឹត្ត​ខុស​គោលដៅ​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ដដែល​។

លោក​អភិបាលរង​បាន​ណែនាំ ដល់​អាជ្ញា​ធរមាន សមត្ថកិច្ច​ត្រូវ​សហការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​មន្ទីរ​ព័ត៌មាន​រាជធានី ភ្នំពេញ​ក្នុង​ការ​តម្រង់​ទិស​អាជីវកម្ម​(Internet Café)​ឲ្យ​ស្របតាម​ច្បាប់ និង​ការណែនាំ​របស់​អាជ្ញាធរ​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114