ព័ត៍មានទាន់​ហេតុការណ៏
Search

Terengganu FC រារាំង​ជ័យជម្នះ​ក្នុង​ថ្ងៃ​លើក​ពាន​របស់​ក្រុម​ជើងឯក​លី​គ​កំពូល ខណៈ ធា​រី បាន​ត្រឹម​អង្គុយ​មើល

ក្លិប​បាល់ទាត់ Terengganu FC កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៩ ខែកក្កដា ឆ្នាំ ២០១៩​នេះ បាន​រារាំង​ជ័យជម្នះ​របស់​ក្រុម​ជើងឯក​លី​គ​កំពូល​ម៉ាឡេស៊ី Johor Darul Ta’zim ក្នុង​ថ្ងៃ​ដែល​ពួកគេ​បានធ្វើ​ពិធី​គ្រង​ពានរង្វាន់​។

​លទ្ធផល ៣ ទល់នឹង ៣ បាន​កើតឡើង​ក្នុង​ការ​ប្រកួត​ពេញ ៩០​នាទី នៅ​កីឡដ្ឋាន Tan Sri Dato’ Haji Hassan Yunos ជា​ទឹកដី​របស់​ក្រុម JDT ខណៈដែល​គេ​មិនបាន​ឃើញ​វត្តមាន​របស់​កីឡាករ​កម្ពុជា ទទួលបាន​ឱកាស​បង្ហាញខ្លួន​ឡើយ និង​សូម្បី​ស្ថិតក្នុង​បញ្ជី​កីឡាករ​បម្រុង​។

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ គេ​ពុំ​ទាន់​ដឹងថា តើ​នឹង​បន្ត​រួមរស់​ជាមួយ​ក្លិប Terengganu ទៀត​ឬ​យ៉ាងណា​នោះ​ទេ ដោយ​សញ្ញាណ​អវិជ្ជមាន​ចាប់ផ្តើម​កើត​លើ​រូបគេ ក្រោយ​ពេលដែល​ក្លិប​ម៉ាឡេស៊ី​មួយ​នេះ ប្តូរ​គ្រូបង្វឹក​នា​ពាក់កណ្តាល​រដូវ​កាល​កន្លងមក​។

យ៉ាងហោចណាស់ ធា​រី រួមរស់​ជាមួយ​ក្លិប Teregganu FC បាន ២​រដូវ​កាល​មក​ហើយ ក្នុង​តួនាទី​ជា​ខ្សែបម្រើ​កណ្តាល ត្បិត​ពុំ​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​ច្រើន​ក៏​ពិតមែន តែ​គេ​ជា​តួអង្គ​សំខាន់​ក្នុងការ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី និង​ជួយ Terengganu ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Malaysia FA Cup កាលពី​ឆ្នាំ ២០១៨​ផងដែរ។

សរុប​ក្នុង​ការប្រកួត​លី​គ​រដូវ​កាល ២០១៩​របស់ Terengganu គឺ ប្រកួត ២២​លើក ឈ្នះ ៧ ស្មើ​៩ និង​ចាញ់ ៦​ប្រកួត មាន ៣០​ពិន្ទុ​ប៉ុណ្ណោះ ស្ថិតនៅ​លេខ​រៀង​ទី ៧ ចំណែក​ក្នុង​ពានរង្វាន់ FA Cup ពួកគេ​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់ Pahang FA លទ្ធផល​សរុប ៥-២ ។

គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា ធា​រី ចន្ថា​ប៊ី​ន ជា​កីឡាករ​កម្ពុជា ដំបូង និង​ចុងក្រោយ​គេ​ដែល​មាន​វត្តមាន​នៅក្នុង​លី​គ​កំពូល​ម៉ាឡេស៊ី​ចាប់តាំងពី​រដូវ​កាល​២០១៨​មក ដែល​កាលនោះ កីឡាករ​ប្រជាប្រិយភាព​កម្ពុជា ៣​រូប​ផ្សេងទៀត ក៏បាន​ទៅកាន់​ទីនោះ​ផងដែរ រួមមាន ចាន់ វឌ្ឍនាកា លេង​ឱ្យ Pahang, PKNS FC ប្រាក់ មុន្នី​ឧ​ត្ត​ម លេង​ឱ្យ Negeri Sembilan និង​កែវ សុខ​ផេង លេង​ឱ្យ​ក្លិប PKNP FC៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114